កាល​ពី​យប់​មិញ​នេះ​ ​(​១២ ​មេសា​ ​២០២២​) ​តារា​ចម្រៀង​ជើង​ចាស់​​ក្នុង​ផលិតកម្ម​ហង្សមាស​ ​ពេជ្រ សោភា ​បាន​បង្ហោះ​សំឡេង​សន្ទនា​ របស់​ខ្លួន​ជាមួយ​នឹង​តារាចម្រៀង​ថ្មោងថ្មី​របស់​ផលិតកម្ម​នេះ​គឺ​ ឈាន ជាឡឺយ​ នៅ​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​ Instagram ដែល​ពាក្យ​សន្ទនា​នោះ​អ្នក​ណា​បាន​ស្ដាប់​ឮ​ហើយ​ក៏​មិន​អាច​អត់​ទ្រាំ​ មិន​ផ្ទុះ​សំណើច​បាន​ដែរ​។​

សារ​ជា​សំឡេង​ដែល​អតីត​គណៈកម្មការ​កម្មវិធី​ Beat the best រដូវ​កាល​ទីមួយ​បាន​បង្ហោះ​នោះ​ គឺ​ជា​ប្រយោគ​សន្ទនា​ខ្លី​ ​ដែល​អតីត​បេក្ខជន​ប្រកួត​កម្មវិធី​ Beat the best ​វ័យ​ ​១៨​ឆ្នាំ​ បាន​សាកសួរ​ចម្ងល់​របស់​ខ្លួន​ទៅ​កាន់​​រៀមច្បង​អ្នកនាង​ ពេជ្រ សោភា​។​ បើ​គ្រាន់​តែ​ជា​សំនួរ​ធម្មតា​នោះ​មិន​អី​នោះ​ទេ​ តែ​ការ​សួរ​បែប​ឆ្ងល់​ពេញ​ទំហឹង​របស់​ ​ជា​ឡឺយ​ ​នោះ​ឯង​ ​ដែល​ធ្វើ​ឲ្យ​មហាជន​ផ្ទុះ​សំណើច​ដោយ​ក្ដី​អាណិត​ស្រឡាញ់​ចំពោះ​អ្នក​កំលោះ​វ័យ​ក្មេង​ដ៏​បរិសុទ្ធ​រូប​នេះ​។

ឈាន ជាឡឺយ​ បាន​សួរ​ទៅ​កាន់​ ពេជ្រ សោភា​ព្រោះ​តែ​ឆ្ងល់​ថា​ដំបូង​ឡើយ​គេ​ហៅ​ឱ្យ​លោក​​ទៅ​ច្រៀង​នៅ​កំពង់​សោម​ប៉ុន្តែ​​ក្រោយ​មក​ម៉េច​ក៏​​និយាយ​ថា​ក្រុង​ព្រះសីហនុ​ទៅវិញ​ ដោយ​ក្រោយ​មក​អ្នក​នាង​ ពេជ្រ សោភា បាន​ពន្យល់​ប្រាប់​ដល់​លោក​ថា​ ព្រះ​សីហនុ និង​កំពង់​សោម គឺ​ជា​ទី​កន្លែង​តែ​មួយ​។

ខាង​ក្រោម​នេះ​គឺជា​បទ​សន្ទនា​ខ្លី​រវាង ឈាន ជា​ឡឺយ និង​ ពេជ្រ សោភា៖

ជាឡឺយ៖ ជំរាបសួរ ចែភា ជំរាបសួរ ចែ​ភា​មើល ថ្ងៃមុន​គេ​ថា​ខ្ញុំ​ច្រៀង​នៅ​កំពង់​សោម តែ​ឥឡូវ​ដាក់​ព្រះសីហនុវិញ ម៉េច​ចឹង?
ពេជ្រ សោភា៖ កំពង់​សោម​និង​ព្រះសីហនុ​តែ​មួយ​តើ​ ម៉េច​ក៏​សំអឿន​ម្ល៉េះ
ជាឡឺយ៖ ខ្ញុំ​ណេះ​ខំ​ផុស​ដាក់​កំពង់​សោម

សំឡេង​សន្ទនា​នេះ​ត្រូវ​បាន​អ្នក​គាំទ្រ​ជា​ច្រើន​ចូល​មក​ខមមិន​ លើក​សរសើរ​ថា​ ឈាន ជា​ឡឺយ​ គឺជា​មនុស្សត្រង់ ខណៈ​ដែល​អ្នក​ខ្លះ​ទៀត​ក៏​ចូល​មក​ខមមិន​ថា​អត់​ទ្រាំ​សើច​មិនបាន​ទេនោះ​ទេចំពោះ​អ្វី​ដែល​អ្នក​នាង​ពេជ្រសោភា​បាន​ផុស​ចែក​រំលែក​នេះ​។

តាម​ពិត​ទៅ​អ្នក​នាង​ ពេជ្រ សោភា និង​ឈាន ជាឡឺយ អាច​និយាយ​បាន​ថា​មាន​ភាព​ស្និតស្នាល​គ្នា​តាំង​ពី​ក្នុង​កម្មវិធី​ប្រកួត​ Beat the Best ហើយ​ថែម​ទាំង​បាន​រួម​ការ​ងារ​ជាមួយ​គ្នា​ថែម​ទៀត​ផង​ ព្រោះ​បទ​ចម្រៀង​ដំបូង​របស់​ឈាន ជា​ឡឺយ ដើម្បី​អបអរសាទរ​ឆ្នាំ​ថ្មី​ឆ្នាំ​ខាល​ ក្នុង​ផលិត​កម្ម​ហង្សមាស​គឺ​ច្រៀង​គូ​ជាមួយ​នឹង​អ្នក​នាង ​ពេជ្រ សោភា​ ដែល​បទ​នោះ​មាន​ចំណង​ជើង​ថា​៖ «អត់​លុយ​ទេ​» ហើយ​បទ​នេះដែរ​ក៏​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ពី​ហ្វេនៗ​របស់​អ្នក​ទាំង​ពីរ​ខ្លាំងណាស់​ដែរ​៕

Telegram-Troryorng

Share.