ថ្មីៗនេះ​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា បាន​តែងតាំង​បុគ្គល​​សំខាន់​២នាក់​ក្នុង​ក្រុម​ជម្រើស​ជាតិ​កម្ពុជា មាន​លោក អ៊ុក សុធី (Messi) និង​លោក ភា សុភ័ត្រា ជា​គ្រូជំនួយ ដើម្បី​ជួយ​ការងារ​លោក​គ្រូ​បង្វឹក​ជប៉ុន លោក Ryu Hirose ត្រៀម​ចេញ​ទៅ​ប្រកួត​ក្នុង​វគ្គ​ជម្រុះ​ពានរង្វាន់​បាល់ទាត់​ពិភពលោក 2022 FIFA World Cup និង​វគ្គ​ជម្រុះ​ពាន AFC Asian Cup 2023 ប្រចាំ​ទ្វីប​អាស៊ី នៅ​ក្នុង​ខែ​មិថុនា ខាង​មុខ នៅ​ប្រទេស​បារ៉ែន។​

អត្ថបទពាក់ព័ន្ធ៖ជម្រុះ World Cup៖ Messi ភ្នំពេញក្រោន និង​ ភា សុភ័ត្រា ជា​គ្រូ​ជំនួយ​ក្រុម​ជម្រើស​ជាតិ

ក្រោយ​ទទួល​បាន​ការងារ​ឡើង​វិញ លោក ភា សុភ័ត្រា បាន​សរសេរ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក​ថា៖«ខ្ញុំបាទ​សូម​អរគុណ​ដល់​ពុកម៉ែ មិត្តភក្ដិ​ និង​បងប្អូនទាំងអស់គ្នា ដែល​បាន​អបអរសាទរ​ លើក​ទឹកចិត្ត និង​ជូនពរ​ខ្ញុំ​បាទ ក្នុង​ការ​វិល​មក​កាន់​ការងារ​ជម្រើស​ជាតិ​វិញ​។ ខ្ញុំសូម​សន្យាថា​នឹង​ប្រឹង​ប្រែង​អោយ​អស់​សមត្ថភាព និង​ជំនះ​គ្រប់​ឧបសគ្គ​នានា ​ដើម្បី​អោយ​ទទួល​បាន​សមិទ្ឋផល​ល្អៗ​ក្នុង​ឱកាស​បំពេញ​ការងារ​ដោយ​ការ​ទទួលខុសត្រូវខ្ពស់មួយនេះ»។

ចំណែក​លោក Félix Dalmás អតីត​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​កម្ពុជា និង​ធ្លាប់​ជា​ដៃ​ស្ដាំ​របស់ Keisuke Honda អ្នកចាត់ការ​ទូទៅ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ដែល​ធ្លាប់​ជ្រើសរើស​យក​លោក ភា សុភ័ត្រា ជា​គ្រូ​ជំនួយ​កាល​លោក​​នៅ​កាន់​តំណែង​បាន​លើក​ឡើង​ថា៖«ជា​ដំណឹង​ល្អ​មួយ​នៅ​ក្នុង​បាល់ទាត់​កម្ពុជា។ ជា​គ្រូ​បង្វឹក​ដ៏​ល្អ ជា​បុគ្គល​ដ៏​ល្អ។ សូម​បន្ត​ធ្វើ​ការងារ​ឱ្យ​អ្នក​គាំទ្រ​កាន់​តែ​មាន​មោទកភាព»។

អត្ថបទពាក់ព័ន្ធ៖គ្រូ​ថ្មី​កម្ពុជា រើស​កីឡាករ​ទៅ​ជម្រុះ World Cup ផ្អែក​លើ​ហេតុផល​២យ៉ាង​​នេះ

​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា នឹង​ប្រកាស​បញ្ជី​ឈ្មោះ​កីឡាករ​ជា​ផ្លូវការ​នៅ​ថ្ងៃ​ចន្ទ សប្ដាហ៍​ក្រោយ មុន​ធ្វើ​ដំណើរ​ទៅ​​ប្រកួត​វគ្គ​ជម្រុះ​ពូល C ជុំទី២​ប្រចាំ​ទ្វីប​ នៅ​ប្រទេស​បារ៉ែន ពី​ថ្ងៃ​ទី​៣ ដល់​១៥ ខែ​មិថុនា ឆ្នាំ​២០២១ ដោយ​ត្រូវ​ជួប​ម្ចាស់​ផ្ទះ​នៅ​ថ្ងៃ​ទី៣ មិថុនា ហើយ​បន្ត​ជួប​អ៊ីរ៉ាក់ នៅ​ថ្ងៃ​ទី​៧ មិថុនា និង​ចុងក្រោយ​ជួប​ក្រុម​អ៊ីរ៉ាក់ នៅ​ថ្ងៃ​ទី១១ មិថុនា៕

Share.