អ្នក​នាង​ គង់ ចាន់​ស្រីមុំ​ គឺ​ជា​តារា​សម្ដែង​និង​ពិធីករ​ដ៏​លេច​ធ្លោ​និង​ជា​រាជិនីហ្វេសសិន​មួយ​រូប​ដ៏​ឆ្នើម ព្រោះ​មួយ​ឈុត​ៗ​ដែល​អ្នក​នាង​​តុប​តែង​ចេញ​មក​គឺ​​ជា​ការ​បង្កើត​ថ្មី​បែប​គំនិត​ច្នៃ​ប្រឌិត​ អភិរក្ស​​ ​បង្កប់​ដោយ​ភាព​ស្អាត និង​ទាក់ទាញ​រួម​ផ្សំ​ក្នុង​នោះ​ផង​ដែរ​ តួ​យ៉ាង​ដូច​ជា​ឈុត​គោម​ផ្កាយ​ដែល​អ្នក​នាង​បាន​ស្លៀក​ពាក់​និង​បង្ហោះ​​ចែក​ចាយ​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​​ហ្វេសប៊ុក​កាល​ពី​ពេល​ថ្មីៗ​នេះ​ដូច្នោះ​ដែរ​។

ជា​ការ​ពិត​ណាស់​ក្នុង​ឱកាស​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ មហាសង្ក្រាន្ត​ ឆ្នាំ​ខាល ចត្វាស័ក​ ព.ស២៥៦៦ ដែល​ទើប​តែ​កន្លង​ទៅ​នេះ​ មាន​តារា​ស្រី​ច្រើន​រូប​ណាស់​បាន​ស្រុះ​ដៃ​គ្នា​ តុបតែង​ខ្លួន​ជា​ព្រះ​នាង​កិរីណី​ទេវី​ ជា​បុត្រី​ទី៥​ កបិល​មហា​ព្រហ្ម​ ដើម្បី​អបអរសាទរ​ពិធី​បុណ្យ​ចូល​ឆ្នាំ​។

ដោយ​ឡែក​អ្នក​នា​ង គង់ ចាន់​ស្រីមុំ​ក៏​មិន​ខុស​គ្នា​ដែរ​ ដើម្បី​អបអរសាទរ​ពិធី​បុណ្យ​ប្រពៃណី​ជាតិ​ដ៏​ធំ​នេះ​ កាល​ពី​ថ្ងៃ​ទី​១៤ និង​ទី​១៥ ខែ​មេសា ឆ្នាំ​២០២២ អ្នក​នាង​បាន​ចែករំលែក​រូប​ភាព​ជា​ច្រើន​សន្លឹក​នៅ​ចំណុច​ស្ពាន​នាគ​រង្វង់​មូល​វត្ត​ភ្នំ​ ដោយ​ការ​តុបតែងខ្លួន​របស់​អ្នក​នាង​លើក​នេះ​គឺ​កាន់​តែប្លែក​ខ្លាំង​ថែម​ទៀត​ ព្រោះ​ប្រើប្រាស់​ផលិតផល​ក្នុង​ស្រុក​សុទ្ធ​សាធ​មក​ច្នៃ​ជា​ឈុត​ដ៏​ស្អាត​។

ឈុត​ច្នៃ​ប្រឌិត​ថ្មី​របស់​អ្នក​នាង គង់​ ចាន់​ស្រីមុំ​​នេះជា​ស្នាដៃ​របស់​ Kolab Rosana ដោយ​​​ប្រើ​ប្រាស់​​ ក្រម៉ា​ខ្មែរ​គោម​ផ្កាយ​ ទង់​ជ្វា​លា​ បង្គី​ កញ្ច្រែង និង​ អង្រុត​តូច​ៗ​មក​ផ្សំ​ចុល​គ្នា​បង្កើត​បាន​ជា​ឈុត​នេះ​ឡើង​មក​ បន្ថែម​លើស​ពី​នោះ​គឺ​​យក​អង្រុត​មក​ធ្វើ​ជា​ក្រវិល​​និង​មកុដ​យ៉ាង​ស្រស់​ស្អាត​។

ឈុត​ច្នៃ​ប្រឌិត​មុន​ៗ​របស់​អ្នក​នាង​​មួយ​ចំនួន​មាន​លក្ខណៈ​សិចស៊ី​ពេក​មិន​ត្រូវ​ចិត្ត​មហាជន​ទាំង​អស់​នោះ​ទេ​ ប៉ុន្តែ​សម្រាប់​ឈុត​ច្នៃ​ប្រឌិត​ដោយ​ផលិតផល​ក្នុង​ស្រុក​មួយ​នេះ​ពិត​ជា​ត្រូវ​ចិត្ត​មហាជន​ច្រើនខុស​​ព្រោះ​មាន​តែ​ពាក្យ​កោត​សរសើរ​ ​លើក​ទឹកចិត្ត​ និង​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ចំពោះ​ការ​បង្កើត​ថ្មី​របស់​អ្នក​នាង​៕

ប្រភព៖ Facebook Kong chansreymom

អត្ថបទ​ទាក់​ទង​ គង់ ចាន់​ស្រីមុំ​៖

Telegram-Troryorng

Share.