ក្រសួងសុខាភិបាល ពុំទាន់អាចវាយតម្លៃអំពីកម្រិតឆ្លងកូវីដ-១៩ ក្រោយចូលឆ្នាំខ្មែរបាននៅឡើយទេ ដោយរង់ចាំមើលស្ថានភាពជាក់ស្ដែង រហូតដល់ដំណាច់ខែមេសា។ ប៉ុន្តែសម្រាប់អ្នកវិភាគវិញ បានសម្លឹងឃើញសញ្ញាណវិជ្ជមានច្រើនថាជំងឺនេះទំនងជាមិនអាចអុកឡុកកម្ពុជាក្រោយចូលឆ្នាំថ្មីនោះទេ។ ផ្ទុយទៅវិញព្រឹត្តិការណ៍នេះនឹងជួយឱ្យសេដ្ឋកិច្ចកាន់តែមានកំំណើន។

គិតត្រឹមថ្ងៃអង្គារនេះ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំ២០២២ រំលងទៅបាន៣ថ្ងៃហើយ។ នៅលើបណ្ដាញសង្គមហ្វេសប៊ុកពលរដ្ឋកម្ពុជានៅតែបង្ហោះព្រោងព្រាតនូវរូបភាពអនុស្សាវរីយ៍សប្បាយគគ្រឹគគ្រេងក្នុងពិធីបុណ្យប្រពៃណីជាតិមួយនេះ ខណៈការបង្ហោះអំពីបញ្ហាសុខភាព និងក្ដីបារម្ភអំពីជំងឺកូវីដ-១៩ ហាក់មានតិចតួចប៉ុណ្ណោះ។ នេះបើតាមការសង្កេតជាទូទៅ។

យ៉ាងណាក៏ដោយ សម្រាប់ក្រុមអ្នកនិមយមតាមដានបញ្ហាសង្គម មិនបានបំភ្លេចបញ្ហានេះទេ ពោលគឺកំពុងរង់ចាំមើលដូចគ្នាថាតើស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជាអាចនឹងមានការប្រែប្រួលកម្រិតណាដែរ ធូរឬស្រាល? នៅបន្ទាប់ពីបញ្ចប់ពិធីបុណ្យចូលឆ្នាំថ្មីយ៉ាងអធិកអធមនៅរយៈពេល៣ថ្ងៃជាប់ៗគ្នា ដែលមានការជួបជុំ និងដើរកំសាន្តដោយភាគច្រើនពលរដ្ឋមិនសូវពាក់ម៉ាស់ និងរក្សាគម្លាតសុវត្ថិភាពផងនោះ។

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល នៅមិនទាន់មានចម្លើយច្បាស់លាស់អំពីចំណោទនេះនៅឡើយទេ។ បើតាមលោកស្រី ការទទួលខុសត្រូវរបស់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ក្រោយការជួបជុំសប្បាយនៃពិធីចូលឆ្នាំ ជាការកំណត់អំពីស្ថានភាពឆ្លងកូវីដ-១៩ ហើយគ្រប់គ្នាត្រូវរង់ចាំ និងបន្តពិនិត្យមើល រហូតដំណាច់ខែមេសា។ 

ត្រង់ចំណុចខាងលើនេះ លោកស្រីទំនងចង់មានន័យថាបន្ទាប់ពីបញ្ចប់ពិធីបុណ្យចូលឆ្នាំថ្មីនេះទៅ ពលរដ្ឋម្នាក់ៗត្រូវម្ចាស់ការតាមដានសុខភាព ហើយប្រសិនបើមានការសង្ស័យណាមួយត្រូវប្រតិបត្តិតាមគោលការណ៍សុខាភិបាល ដូចជានៅដោយឡែក ធ្វើសំណាក ព្យាបាល និងទាក់ទងទៅមន្ត្រីសុខាភិបាលជាដើម។ លោកស្រីក៏បានជំរុញឱ្យពលរដ្ឋទៅទទួលសេវាផ្ដល់វ៉ាក់សាំងឱ្យបានគ្រប់ដូសតាមកាលកំណត់ផងដែរ។

គួរកត់សម្គាល់ថាក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ ឆ្នាំ២០២២នេះ មានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិប្រមាណ៥លាននាក់បានដើរកំសាន្តទូទាំងប្រទេស។ នេះបើតាមរបាយការណ៍ក្រសួងទេសចរណ៍ និងដោយមិនរាប់បញ្ចូលការជួបសប្បាយរីករាយគ្រប់ភូមិគ្រប់តំបន់ទូទាំងប្រទេសរបស់ពលរដ្ឋទូទៅផង។ អ្នកវិភាគសេដ្ឋកិច្ចមើលឃើញព្រឹត្តិការណ៍នេះក្នុងន័យវិជ្ជមានច្រើនជាងហានិភ័យ។

លោកបណ្ឌិត ច័ន្ទ សុផល នាយកមជ្ឈមណ្ឌលសិក្សាគោលនយោបាយ និងជាអ្នកវិភាគសេដ្ឋកិច្ច បានផ្ដល់ទស្សនាទានប្រកបដោយសុទិដ្ឋិនិយមថាស្ថានភាពជំងឺកូវីដ-១៩ នឹងមិនមានអ្វីគួរឱ្យព្រួយបារម្ភឡើយនៅក្រោយពិធីបុណ្យចូលថ្មីនេះ។  ដ្បិតទទួលស្គាល់ថាពលរដ្ឋមិនបានប្រកានខ្ជាប់ការរក្សាគម្លាត និងពាក់ម៉ាស់ក្នុងឱកាសបុណ្យចូលថ្មី ប៉ុន្តែអ្នកវិភាគរូបនេះបានផ្ដល់ការជឿជាក់លើប្រសិទ្ធភាពនៃវ៉ាក់សាំង។

ថ្លែងប្រាប់ត្រយង កាលពីថ្ងៃទី១៨ មេសាម្សិលមិញ លោក ច័ន្ទ សុផល បានបន្ថែមថា«ចំពោះទស្សនៈផ្ទាល់ខ្លួន ខ្ញុំសង្ឃឹមថានឹងមិនមានការឆ្លងគួរឱ្យកត់សម្គាល់ខ្លាំងនោះទេ ក្រោយមានការជួបជុំកោះករដ៏ច្រើនលើសលុបក្នុងពិធីបុណ្យចូលឆ្នាំថ្មីនេះ។ ខ្ញុំយល់ថាវាជាការចាប់ផ្ដើមនូវការរើបឡើងវិញមករកប្រក្រតីភាពដែលមានកំណើនខ្ពស់បង្គួរនៃសេដ្ឋកិច្ចជាតិ»។

ទន្ទឹមនឹងការសម្លឹងឃើញជាវិជ្ជមានអំពីស្ថានភាពជំងឺកូវីដ-១៩ ក្រោយព្រឹត្តិការណ៍បុណ្យចូលឆ្នាំថ្មី អ្នកវិភាគរូបនេះក៏បានឱ្យដឹងថា ក្រៅតែពីរួមចំណែកជំរុញសកម្មភាពសេដ្ឋកិច្ចក្នុងអំឡុងពេលខ្លីនេះ ការប្រព្រឹត្តទៅនៃពិធីបុណ្យចូលឆ្នាំថ្មីក៏ជាសញ្ញាបង្ហាញពីការជំរុញការងើបឡើងវិញនៃសេដ្ឋកិច្ច និងទំនុកចិត្ត។

លោកបន្តក្នុងន័យដើមថា«ប្រសិនបើគ្មានការឆ្លងគួរឱ្យកត់សម្គាល់ ខ្ញុំយល់ថាវាជាការបញ្ជាក់ច្បាស់ថាប្រទេសកម្ពុជាយើងមានសុវត្ថិភាពកម្រិតខ្ពស់ហើយ ដោយសារការចាក់វ៉ាក់សាំងកន្លងមកបានច្រើនដង ស្ទើតែគ្រប់គ្នា ដូច្នេះវាមានភាពសាំរឹងមាំ និងជាការបង្ហាញទំនុកចិត្តដល់ពលរដ្ឋទូទាំងប្រទេស ភ្ញៀវជាតិ និងអន្តរជាតិផ្សេងៗទៀត»។

ក្រសួងសេដ្ឋកិច្ចបានព្យាករថសេដ្ឋកិច្ចកម្ពុជា ក្នុងឆ្នាំ២០២២នេះនឹងស្ទុះងើបឡើងក្នុងអត្រា៥.៦%  និងវិលទៅរកកំណើនសេដ្ឋកិច្ចប្រមាណ៧%  ក្នុងឆ្នាំ២០២៤ខាងមុខ។   ការព្យាករកំណើននេះដោយផ្អែក ថា  កម្ពុជាបានបើកដំណើរការសេដ្ឋកិច្ចសង្គមឡើងវិញអត្រាចាក់វ៉ាក់សាំងក៏កាន់តែខ្ពស់និងទំហំនាំចេញ របស់ កម្ពុជាមានការកើនឡើងជាលំដាប់បើទោះបីស្ថិតនៅក្នុងបរិបទជំងឺកូវីដ-១៩ក៏ដោយ៕

Share.