បណ្ដុំរូបភាពជាច្រើនសន្លឹកកម្របានឃើញពីប្រាសាទ និងប្រភពអាងទឹករបស់ប្រាសាទនាគព័ន្ធ រក្សាទឹកខួបប្រាំង ខួបវស្សា។

អាជ្ញាធរជាតិអប្សរា បានបង្ហាញរូបភាព នៃទេសភាពវប្បធម៌នាសតវត្សរ៍ទី១២ រំលេចជាថ្មីនៅសតវត្សរ៍ទី២១ ក្នុងឆ្នាំ២០០៧ បារាយណ៍ជ័យតាដាក (បារាយណ៍ខាងជើង) ត្រូវបានអាជ្ញាធរជាតិអប្សរាធ្វើការលើកតម្លៃ និងបន្តតួនាទីដើមរបស់ខ្លួនឡើងវិញតាមរយៈការជួសជុលប្រព័ន្ធបង្ហូរទឹកបុរាណឡើងវិញ ហើយអាងទឹកទាំងប្រាំ នៃប្រាសាទនាគព័ន្ធអាចរក្សាទឹកបានខួបប្រាំងខួបវស្សា។

កិច្ចការខាងលើនេះ ត្រូវបានចាប់ផ្តើមបន្ទាប់ពីអ្នកជំនាញខាងផ្នែកគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរាបានរកឃើញប្រព័ន្ធបង្ហូរទឹកបុរាណកាលពីឆ្នាំ២០០៥។ការណ៍នេះធ្វើឱ្យបារាយណ៍មានទេសភាពនាដើមរដូវវស្សា ដែលភ្លៀងចាប់ផ្តើមធ្លាក់មក រុក្ខជាតិជុំវិញ ចាប់ផ្តើមបញ្ចេញពណ៌បៃតងខៀវខ្ចី ដ៏ស្រស់បំព្រង គួរជាទីគយគន់ ដែលអាចអន្ទងអារម្មណ៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ នៅពេលដែលបានទៅទស្សនាប្រាសាទនាគព័ន្ធ។

គួររំឭកថា បារាយណ៍ជ័យតាដាក(បារាយណ៍ខាងជើង) ស្ថាបនាឡើងក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ អស់រយៈកាលជិតមួយពាន់ឆ្នាំមកហើយ និងមានបណ្តោយ ៣៦០០ម ទទឹង ៩៣០ម។ បច្ចុប្បន្ន បារាយណ៍នេះកំពុងដើរតួយ៉ាងសំខាន់ដើម្បីផ្គត់ផ្គង់ទឹកសម្រាប់ប្រើប្រាស់ក្នុងវិស័យកសិកម្ម ដល់មនុស្សសត្វ និងទ្រទ្រង់កិច្ចការអភិរក្សក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ៕

រូបភាព៖ ហ៊ុំ រិទ្ធី និងជា វណ្ណៈ
ប្រភព៖ អាជ្ញាធរជាតិអប្សរា

Share.