កូរ៉េ​ – ​តារា​សម្ដែង​លំដាប់​ Top Grade របស់​កូរ៉េ​ដែល​ទើប​តែ​ចាប់​ដៃ​គ្នា​រៀប​អាពាហ៍ពិពាហ៍​ថ្មោង​ថ្មី​លោក​ Hyun Bin និង​​ Son Ye Jin ត្រូវ​បាន​អ្នក​គាំទ្រ​មួយ​ចំនួន​​តា​មដាន​គ្រប់​សកម្មភាព​នៅ​គ្រប់​ទី​កន្លែង​ដែល​អ្នក​ទាំង​ពីរ​បាន​​ទៅ​ដល់​ នៅ​ខ​ណៈ​ដែល​ពួក​គេ​ហោះ​ទៅ​ក្រេប​ចន្ទ​ទឹក​ឃ្មុំ​នៅ​សហរដ្ឋ​អាមេរិក​។​

ចាប់​តាំង​ពី​ទៅ​ដល់​ព្រលាន​យន្ត​ហោះ​សហរដ្ឋ​អាមេរិក​ Hyun Bin និង​ Son Ye Jin ជួប​ប្រទះ​នូវ​បញ្ហា​ធំ​មួយ​នោះ​គឺមិនមាន​ឯកជន​ភាព​។ ក្រោយ​រៀប​អាពាហ៍ពិពាហ៍​រួច​ គូស្នេហ៍​ល្បី​បាន​ហោះទៅទីក្រុង​ Los Angeles ដើម្បី​សំរាក​ក្រេប​ចន្ទ​ទឹក​ឃ្មុំ​រយៈ​ពេល​១១​ថ្ងៃ​។

ប៉ុន្តែ​នៅ​ពេល​ទៅ​ដល់​ទឹក​ដី​អាមេរិក​ភ្លាម​ តារា​ទាំង​ពីរ​ដួង​ត្រូវ​បាន​ចោមរោម​ដោយ​អ្នក​គាំទ្រ​ ដែល​ធ្វើ​ឱ្យ​មើល​ទិដ្ឋភាព​ទៅ​ប្រៀប​ដូច​ជា​កម្មវិធី​ជួបជុំ​អ្នកគាំទ្រ (Fan meeting) ជាជាង​ដំណើរ​កម្សាន្ត​ក្រេបចន្ទទឹក​ឃ្មុំ​សម្រាប់​ស្វាមី​ភរិយា​ថ្មោង​ថ្មី​។

ក្រោយ​មាន​សំណូម​ពរ​ពី​អ្នក​គាំទ្រ​របស់​តារា​ទាំង​ពីរ​ឱ្យ​ឈប់​តាម​ដាន​អ្នក​ទាំង​ពីរ​ ហើយ​ទុក​ឱ្យ​ Hyun Bin និង Son Ye Jin បាន​ប្រើ​ជីវិត​ឯក​ជន​បែប​ស្ងាប់​ស្ងាត់​ នៅ​លើ​ទំព័រ​សារព័ត៌មាន​ក៏​ដូច​ជា​តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម​នានា​ ហាក់​ស្ងប់ស្ងាត់​ដំណឹង​របស់​អ្នក​ទាំង​ពីរមួយរយៈ​ រហូត​ថ្ងៃ​ទី​១៨ ខែ​មេសា ឆ្នាំ​២០២២ ម្សិលមិញ​នេះ​​គេ​ហ​ទំ​ព័រ​ Lovekpop95 បានចុះ​ផ្សាយ​ដំណឹង​ថ្មី​មួយ​ស្ដី​ពី​វីដេអូ​ដែល​កំពុង​តែ​ល្បីល្បាញ​លើ​ Social Media ព្រោះ​មាន​អ្នក​បង្ហោះ​ថា​ខ្លួន​បាន​ជួប​តួ​ឯក​ប្រុស​ស្រី​ «Crash Landing on You» កំពុង​ដើរ​តាម​ផ្លូវ​ ដោយ​ត្រង់​ចំណុច​​នោះ​គេ​ឃើញ​ Hyun Bin បាន​ប្រើ​កាយ​វិការ​យ៉ាង​សុភាព​ស្នើ​​សុំ​ឱ្យ​ម្ចាស់​វីដេអូ​ឈប់​ថត​ខ្លួន​និង​ភរិយា​។

យោង​តាម​រយៈ​វីដេអូនោះ​សង្កេត​ឃើញ​ថា​ស្វាមីភរិយា​មួយ​គូ​នេះ​ចង់​ដើរ​លេង​ដោយ​ស្ងប់​ស្ងាត់​ ប្រើ​ប្រាស់​ជីវិត​សាមញ្ញ​ធម្មតា​ដោយ​មិនមាន​អ្នក​មក​តាម​រំខាន​ពេលវេលា​របស់​ពួក​គេ​។

រំលឹក​ឡើង​វិញ​ពេល​មក​ដល់​ទឹក​ដី​អាមេរិក​ភ្លាម​ៗ​ Hyun Bin បាន​បង្ហាញ​អាការៈ​មិន​សូវ​ពេញ​ចិត្ត​និង​បដិសេធ​មិន​ព្រម​ចុះ​ហត្ថលេខា​ឱ្យ​ហ្វេន​ ដោយ​សារ​តែ​មាន​អ្នក​មួយ​ចំនួន​​មិន​បាន​ពាក់​ម៉ាស​ត្រឹម​ត្រូវ​ លោក​ថែម​ទាំង​ធ្វើ​សញ្ញា​មិន​ឱ្យ​ហ្វេន​ចូល​ទៅ​ក្បែរ​ភរិយា​របស់​លោក​ថែម​ទៀត​ផង​។

សកម្មភាព​ហួសហេតុ​របស់​ហ្វេន​មួយ​ចំនួន​នេះ​ត្រូវ​បាន​អ្នក​លេង​បណ្ដាញ​សង្គមរិះគន់​យ៉ាង​ខ្លាំង​ ព្រម​ទាំង​ស្នើ​សុំ​ឱ្យ​អ្នក​ដែល​បាន​ជួប​ឬ​ឃើញ​គូស្នេហ៍​ដ៏​មាន​ឥទ្ធិពល​ខាង​លើ​ធ្វើ​ពុត​ជា​មើល​ឃើញ​ឬ​មិន​បាន​ជួប​ហើយ​កុំ​តាម​ថត​​ឬតាម​សុំ​ហត្ថលេខា​ ដូច្នេះ​ទើប​អ្នក​ទាំង​ពីរ​អាច​​ធ្វើ​ដំណើរ​កម្សាន្ត​ជីវិត​ឯកជន​និង​ក្រេបចន្ទ​​ទឹក​ឃ្មុំ​បាន​ដោយ​សេចក្ដី​សុខ​​គ្មាន​អ្វី​មក​​រំខាន​ចិត្ត​៕

ប្រភព៖ Lovekpop95

Telegram-Troryorng
Share.