អង់គ្លេស​​ – បើ​និយាយ​ដល់​បទ​ចម្រៀង​ «Never Enough» បទ​ចម្រៀង​អម​ភាពយន្ត​ «The Greatest Showman» ទស្សនិកជន​មួយ​ភាគ​ធំ​ប្រាកដ​ជា​ធ្លាប់​បាន​ស្ដាប់​ជាក់ជា​មិន​ខាន​ ប៉ុន្តែ​មាន​មនុស្ស​ប៉ុន្មាន​នាក់​ដឹង​ថា​ម្ចាស់​សំឡេង​ពិត​ប្រាកដ​របស់​បទ​នេះ​គឺជា​អ្នក​ណា​នោះ​។ ទីបំផុត​ម្ចាស់​សំឡេង​ពិត​បាន​ដាច់​ចិត្ត​បោះ​ជំហាន​ចូល​ប្រកួត​កម្មវិធី​ Britain’s Got Talent ហើយ​​អាច​យក​ឈ្នះ​បេះដូង​គណៈ​កម្មការ​និង​ក្លាយ​ជា​ម្ចាស់​ប៊ូតុង​មាស​ថែម​ទៀត​ផង​។

សម្រាប់​កម្មវិធី​ប្រកួត​ប្រជែង​សមត្ថភាព​ដ៏​ធំ​ Britain’s Got Talent ឆ្នាំ​២០២២ នេះ​មាន​ បេក្ខជន​​ច្រើន​មាន​សមត្ថភាព​ប្លែក​ៗ​គ្នា​ជា​ច្រើន​បាន​ចូល​មក​បង្ហាញ​សមត្ថភាព​តាម​ជំនាញ​រៀងៗ​ខ្លួន​ ក្នុង​នោះ​បេក្ខជន​ដែល​មាន​ទេព​កោសល្យ​ផ្នែក​ច្រៀង​នៅ​តែ​លេច​ធ្លោ​ដដែល​។ កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មេសា ឆាណែល​យូធូប របស់​កម្មវិធី​ប្រកួត​បាន​បង្ហោះ​វីដេអូ​បេក្ខ​នារី​ទទួល​បាន​ ប៊ូតុងមាស​​ (Golden Buzzer) ពី​ Amanda តាម​រយៈ​សមត្ថភាព​ច្រៀង​។

មុន​បង្ហាញ​សមត្ថភាព​ Simon បាន​សួរ​នាំ​ខ្លះ​ៗ​ទៅ​កាន់​បេក្ខនារី​រូប​នេះ​ ដោយ​អ្នក​នាង​បាន​ឱ្យ​ដឹង​ថា​​ខ្លួន​មាន​ឈ្មោះ​ថា​ Loren Allred មក​ពី​ទីក្រុង​ញូវយ៉ក ហើយ​ចំពោះ​មូលហេតុ​ដែល​ខ្លួន​ហោះ​តាំង​ពី​អាមេរិក​មក​កាន់​ចក្រភព​អង់គ្លេស​ប្រកួត​ដោយសារ​តែ​តារា​មួយ​ចំនួន​ធំ​ដែល​អ្នក​នាង​ស្រលាញ់​ចូល​ចិត្ត​គឺ​ជា​តារា​ចម្រៀង​អង់គ្លេស​។

ប៉ុន្តែ​រឿង​នេះ​មិន​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​ស្មើ​នឹង​រឿង​ដែល​បេក្ខនារី​នេះ​រំលេច​ថា​មនុស្ស​ជា​ច្រើន​ស្គាល់​សំឡេង​ខ្លួន​តែ​មិន​ស្គាល់​មុខ​ ព្រោះ​អ្នក​នាង​គឺ​ជា​ម្ចាស់​សំឡេង​បទ​ «Never Enough» នោះ​ឡើយ​។ អ្នក​នាង​បាន​និយាយ​ថា​ការ​ដែល​អ្នក​នាង​ជា​អ្នក​ចម្រៀង​លាក់​មុខ​ធ្វើ​ឱ្យ​អ្នក​នាង​មាន​អារម្មណ៍​មិន​សូវ​ជា​​ស្រណុក​ក្នុង​ចិត្ត​នោះ​ឡើយ​ ដូច្នេះ​នៅ​ក្នុង​រាត្រី​នៃ​ការ​ប្រកួត​អ្នក​នាង​ បាន​យក​បទ​ចម្រៀង​​ដ៏​ល្បី​ខាង​លើ​នេះ​មក​ច្រៀង​។

នៅ​ពេល​ដែល​បេក្ខនារិ​វ័យ ​៣២​ឆ្នាំ​រូប​នេះ​ បកស្រាយ​បទ​ចម្រៀង​ចប់​ភ្លាម​គ្រប់​គ្នា​មិន​ថា​ជា​គណៈកម្មការ​ឬ​អ្នក​ទស្សនា​នៅ​ស្ទីតយ៉ូ​នោះ​ទេ​ សុទ្ធ​តែ​ក្រោក​ឈរ​ឡើង​ទះ​ដៃ​អបអរសាទរ​ ហើយ​អ្វី​ដែល​កាន់​តែ​អស្ចារ្យ​នោះ​គឺ​ Amanda មិន​បាន​ទុក​យូរ​នោះ​ឡើយ​ លោក​ស្រី​បាន​ចុច​ប៊ូតុងមាស​ឱ្យ​ Loren ភ្លាម​ៗ​ដូច​គ្នា​ដែរ​ នោះ​បាន​សេចក្ដី​ថា​បេក្ខនារី​សញ្ជាតិ​អាមេរិក​រូប​នេះ​នឹង​បាន​ឡើង​ទៅ​កាន់​វគ្គ​ Live Show ដោយ​ស្វ័យ​ប្រវត្តិ​តែ​ម្ដង​៕

ទស្សនា​ការ​បង្ហាញ​សមត្ថភាព​របស់​ Loren Allred នៅ​ក្នុង​កម្មវិធី​ Britain’s Got Talent ខាង​ក្រោម​៖

សូមទស្សនាវីដេអូ Top News៖

អត្ថបទ​ទាក់ទង៖

Telegram-Troryorng
Share.