ពីវេទិកាអធិបតីនៃពិធីសម្ពោធសមិទ្ធផលនៅក្នុងរាជធានីភ្នំពេញនាថ្ងៃពុធនេះ សម្ដេចតេជោ ហ៊ុន​ សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ថាព្រឹត្តិការណ៍ពិធីបុណ្យចូលឆ្នាំថ្មីកន្លងទៅថ្មីៗនេះ អាចចាត់ទុកបានថាជាការចូលឆ្នាំដែលមានខុសប្លែកពីធម្មតា។ សម្ដេចបន្តថា«ខ្ញុំគិតថាហាក់ដូចជាបានប្រៀបធៀបទៅនឹងព្រឹត្តិការណ៍៧មករាឆ្នាំ៧៩ដែលប្រជាជនចេញពីរបប ប៉ុល ពត និងក៏ប្រៀបបាននឹងការបញ្ចប់សង្គ្រាម តាមរយៈនយោបាយឈ្នះៗដែលប្រជាជនចេញមកអងបអរសារទរ»។ សម្ដេចក៏បានប្រៀបធៀបដែរថា ភាពសប្បាយរីករាយនៃពិធីចូលឆ្នាំថ្មីឆ្នាំនេះ ក៏ហាក់ហាក់ដូចជាប្រជាជនដែលបានចេញេញពីការគាបសង្កត់ដោយកូវីដ-១៩ដែរ។

សម្ដេចបានមានប្រសាសន៍ទៀតថា ស្ថានភាពជាវិជ្ជមានដែលប្រពលរដ្ឋកម្ពុជាទទួលបាននាពេលនេះ គឺដោយសារមានការខិតខំទាំងអស់គ្នា ពោលគឺទាំងរដ្ឋ ទាំងរាស្រ្តទូទាំងប្រទេស។ សម្ដេចបន្ថែមថាប្រជាពលរដ្ឋដែលកំពុងទស្សនាការផ្សាយផ្ទាល់នៅថ្ងៃនេះ ក៏ប្រហែលជាបានដឹង និងចងចាំថាកាលពីចូលឆ្នាំ២០២១ ស្ថានភាពកម្ពុជាកំពុងគ្រោះថ្នាក់យ៉ាងដូចម្ដេច។ សម្ដេចបន្តថា«ភាពសាហាវនៃកូវីដ-១៩ គឺខ្លាំងមែនទែន ដ្បិតគ្រាន់តែស្លាប់ប៉ុន្មានខែនាពេលនោះអស់៣ពាន់នាក់ សភាពការណ៍ពេលនោះធ្ងន់ធ្ងរណាស់។ អ៊ីចឹងបានជាបងប្អូនបានដឹងថា ហ៊ុន ​សែន ធ្វើនៅពេលនោះគឺដើម្បីអ្វី គឺដើម្បីសុវត្ថិភាពបងប្អូនពេលនោះ និងដើម្បីភាពសប្បាយរីករាយរបស់បងប្អូននៅពេលនេះ។ ខ្ញុំចេញសារនយោបាយម៉ោង១១យប់ក៏មាន»៕

Share.