ក្រសួងសុខាភិបាល បានបញ្ជាក់ថា នៅថ្ងៃទី២០ខែឧសភាឆ្នាំ២០២១នេះថា គិតចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៩ ខែឧសភានេះ មានករណីស្លាប់សរុបចំនួន១២នាក់ នៅភូមិចំនួន២ គឺភូមិតាស្គរភូមិក្តីកណ្ដាល ឃុំសារិកាកែវ ស្រុកល្វាឯម​ខេត្តកណ្តាលបណ្តាលមកពីពុលស្រាស។

ក្រោយកើតមានករណីពុលស្លាប់នោះ ក្រុមអាជ្ញាធរនិងមន្ត្រីជំនាញបានយកសំណាកស្រាថ្នាំ និងស្រាស ពីទីតាំងសិប្បកម្មផលិត ចែកចាយស្រា២កន្លែង និងពីទីតាំងលក់រាយតូចៗ ចំនួន២៩កន្លែង សម្រាប់ធ្វើការវិភាគ និងបានផ្ញើមកក្រសួងសុខាភិបាលនាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១។

លទ្ធផល នៃការអង្កេតស្រាវជ្រាវរកឃើញថា ករណីដំបូងបង្អស់កើតមាននៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១ ហើយករណីទាំងអស់ចាប់ផ្តើមឡើង ដោយមានរោគសញ្ញាដូចជា ឈឺក្បាល ក្អួត ឈឺពោះ វិលមុខស្រវាំងភ្នែក សន្លប់ ប្រកាច់ ពិបាកដកដង្ហើមអ្នកខ្លះមានសភាពឡះឡះ ថប់ដង្ហើមណែនទ្រូង ពិបាកដកដង្ហើមរីកប្រស្រីភ្នែកសន្លឹមជាដើម។

ក្រសួងសុខាភិបាលបញ្ជាក់ទៀតថា លទ្ធផលពីមជ្ឈមណ្ឌលជាតិមន្ទីរពិសោធន៍សុខាភិបាល នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ បង្ហាញថា មន្ទីរពិសោធន៍ទទួលបានសំណាកស្រា ២៨សំណាក ក្នុងនោះស្រាថ្នាំ១៥សំណាក ស្រាស១៣សំណាក ដែលមានសារធាតុមេតាណុល (Metfanp) លើសកម្រិតធំជាង០,៥ភាគរយ (>0,៥%) មានចំនួន២០សំណាក ដែលធ្វើឱ្យពុល ដែលកម្រិតមិនពុលនោះមិនត្រូវលើសពី០,១% ឡើយ។

ក្រសួងសុខាភិបាលសន្និដ្ឋានថា ហេតុការណ៍ស្លាប់នៅភូមិទាំង២ខាងលើ បានកើតឡើងដោយសារពួកគាត់បានពិសាស្រាស ឬស្រាថ្នាំដែលមានសារធាតុមេតាណុលខ្ពស់បញ្ជាក់តាមលទ្ធផលបានមកពីមន្ទីរពិសោធន៍ ហើយនាពេលកន្លងមកក៏មានករណី ពុលស្រាស ឬស្រាថ្នាំពីពេលមុនៗជាច្រើនដងមកដែរ។

ក្រសួងសុខាភិបាល បានអំពាវនាវឲ្យប្រជាពលរដ្ឋបញ្ឈប់ជាបន្ទាន់នូវការពិសាស្រាស ឬស្រាថ្នាំ ដែលផលិតដោយមិនមានបច្ចេកទេសត្រឹមត្រូវ ជាពិសេសស្រា ដែលយកមេតាណុលមកលាយ (ហាមដាច់ខាត)។ បើនៅតែបន្តពិសាស្រាស ឬស្រាថ្នាំទាំងនេះទៀតនោះ នឹងបណ្តាលឲ្យប៉ះពាល់ ដល់សុខភាព ទៅជាឈឺ ឬអាចបាត់បង់ជីវិត៕

Share.