នៅ​ថ្ងៃ​ទី​២០​​ខែ​ឧសភា​ ឆ្នាំ​២០២១​​កញ្ញា​ មាន​ ពេជ្ររីតា​ ​ពិធីការិនី​ទូរទស្សន៍​ MYTV បាន​ចូល​ទៅ​កាន់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​បំភ្លឺ​បន្ថែម​ជុំ​វិញ​បណ្ដឹង​លើ​ករណី​ជម្លោះ​ជាមួយ​នឹង​ឧកញ៉ា​ ហេង​ សៀ​។​

នៅ​ក្នុង​សេចក្ដី​បំភ្លឺ​​រៀបរាប់​យ៉ាង​ក្បោះក្បាយ​និង​ស៊ី​ជម្រៅ​​របស់​កញ្ញា​ មាន​ ពេជ្រ​រីតា​ (​យូប៊ី) ​មាន​ខ្លឹម​សារ​ដូច្នេះ​​៖​

រំលឹក​ឡើង​វិញ​​នា​រសៀល​ថ្ងៃ​ទី​០៤​​ ខែ​ឧសភា​ ​ឆ្នាំ​ ​២០២១​ ​មិន​ចាំ​ម៉ោង​ ​​បុគ្គល​ឈ្មោះ​ ​ហេង​ ​សៀ​ ​បាន​ ​Call​ តាម​ ​Telegram ​មក​នាង​ខ្ញុំ​ថា​ ​ខ្លួន​មាន​អំណោយ​សម្រាប់​ចែក​ជូន​ ​អ្នក​ខ្វះខាត​ពេល​កូវីដ​ ហើយ​បាន​សួរ​នាង​ខ្ញុំ​ថា​ ​ផ្ទះ​នៅ​ម្តុំ​ណា​?​ ​ពេលនោះ​នាង​ខ្ញុំ​បាន​ប្រាប់​គាត់​ថា​ ​អោយ​មក​ម្តុំ​មុខ​សាលា​អាស៊ី​អឺរ៉ុប​សង់​ថ្មី​ ដោយ​នាង​ខ្ញុំ​នឹង​ចេញ​ទៅ​យក​។ ​នៅ​ពេល​ឈ្មោះ​ ​ហេង សៀ ​Call ​មក​នោះ​ នាង​ខ្ញុំ​កំពុង​តែ​អប់​សក់​នៅ​ផ្ទះ​របស់​នាង​ខ្ញុំ​នៅ​ឡើយ​។​

​ដោយ​សារ​តែ​ផ្លូវ​ខាង​ក្រោយ​ចូល​ផ្ទះ​នាងខ្ញុំ​តូច​ចង្អៀត​ ​នាង​ខ្ញុំ​ក៏​បាន​ដើរ​ចេញ​ទៅ​ប្រហែល​ ​១០០​ម៉ែត្រ​ ​ពី​ផ្ទះ​ ដើម្បី​ចាំ​ទទួល​យក​អំណោយ​សម្ភារៈ​ដែល​ឈ្មោះ​ ​ហេង សៀ ​ថា​យក​មក​ឱ្យ​នាង​ខ្ញុំ​។ ​ពេល​ឡាន​មក​ដល់​ ​ឈ្មោះ​ ហេង សៀ ​បាន​ទទូច​ឲ្យ​នាង​ខ្ញុំ​ឡើង​ឡាន​សិន​ ​ប៉ុន្តែ​នាង​ខ្ញុំ​បាន​ប្រកែក​ ​ដោយ​ប្រាប់​គាត់​ថា​ នាងខ្ញុំ​គ្រាន់​តែ​មក​យក​អីវ៉ាន់​ប៉ុណ្ណោះ​ ព្រោះ​នាង​ខ្ញុំ​ត្រូវ​ទៅ​លាង​សក់​ដែល​កំពុង​អប់​។​​ពេល​នោះ​ឈ្មោះ​ ​ហេង​ ​សៀ​ បាន​ប្រាប់​នាង​ខ្ញុំ​អោយ​ឡើង​ឡាន​មួយ​ភ្លែត​ ដោយ​គាត់​ចង់​និយាយ​ការងារ​រឿង​ធ្វើ​ជា​ពិធីការិនី​ក្នុង​កម្មវិធី​សម្ពោធ​រោងចក្រ​។​ នាង​ខ្ញុំ​គិត​ថា​ ​ជា​ការ​ពិភាក្សា​រឿង​ការងារ​ ​នាង​ខ្ញុំ​ ​ក៏​បាន​យល់​ព្រម​ឡើង​ជិះឡាន​ជាមួយ​គាត់​ ដោយ​ចូល​អង្គុយ​នៅ​កៅអី​ខាង​មុខ​(ផ្នែក​ខាង​ស្តាំ​អ្នក​បើក​)​។​

ស្រាប់​តែ​ពេល​នោះ​ឈ្មោះ ​ហេ​ង សៀ ​បាន​បើកឡាន​ថយ​ចេញ​ទៅ​ផ្លូវ​ធំ​តែ​ម្តង​ ហើយ​ចាប់ផ្តើម​និយាយ​ពាក្យ​មិន​សមរម្យ​ ​ដោយ​ថា​ ​ប្រដាប់​ភេទ​គាត់​ឡើង​ ​គាត់​ចង់​រួមភេទ​ខ្លាំង​ណាស់​​ ​និង​ចង់​នាំ​នាងខ្ញុំ​ទៅ​ផ្ទះ​សំណាក់​ ដើម្បី​រូមភេទ​ជាមួយ​គាត់​ ​និង​បាន​និយាយ​ថា​ប្រពន្ធ​គាត់​មិន​ព្រម​ ​អោយ​គាត់​រួមភេទ​ជាមួយ​ទេ​ តាំង​ពី​ចាក់​វ៉ាក់សាំង​កូវីដ​មក​ម៉្លេះ​។​ ​ពេល​នោះ​នាង​ខ្ញុំ​បាន​ប្រកែក​ដាច់​អហង្ការ​ និង​ទាមទារ​ឱ្យ​គាត់​យក​នាង​ខ្ញុំ​ត្រលប់​មក​កន្លែង​ដើម​វិញ ​ប៉ុន្តែ​គាត់​មិន​ព្រម​ ​ហើយ​ថែម​ទាំង​លូកលាន់​នាង​ខ្ញុំ​។ ​នាងខ្ញុំ​បាន​ប្រាប់​គាត់​កុំ​ឱ្យ​ធ្វើ​បែបនេះ​ទៀត​ ខ្ញុំ​ចង់​ទៅ​ផ្ទះ​ ​បើ​នៅ​តែ​ធ្វើ​បែបនេះ​ដាក់​ខ្ញុំ​ទៀត​​ ខ្ញុំ​នឹង​បើក​ទ្វារ​ឡាន​លោត​ចេញ​។​ ​គាត់​ក៏​បាន​ឈប់​ឡាន​បន្តិច​ ហើយ​បាន​ចាប់​ទាញ​ដៃ​នាង​ខ្ញុំ​ជាប់​ និង​បាន​គម្រាម​នាង​ខ្ញុំ​ថា​ ​គាត់​មាន​កាំភ្លើង​ ​នាង​ខ្ញុំ​តក់ស្លុត​ ​វិលវល់​ មិន​ដឹង​ថា​ត្រូវ​ធ្វើ​យ៉ាងម៉េច​​ គឺ​ដឹង​តែ​ប្រុងប្រៀប​ការពារ​ខ្លួន​ ​ទប់ស្កាត់​មិន​ឱ្យ​គាត់​លូកលាន់​បាន​។​

​បន្ត​មក​ទៀត​ឈ្មោះ​ ​ហេង សៀ ​បាន​បន្ត​បើក​ឈប់ៗ​ ​ហើយ​ក៏​បាន​ឈប់​នៅ​ផ្លូវ​លំ​តូច​ ​ជា​កន្លែង​ស្ងាត់​ គាត់​បាន​បន្ត​ ​គម្រាម​នាង​ខ្ញុំ​មិន​ឱ្យ​ចុះ​ពី​ឡាន​ ​ដោយ​ប្រាប់​ថា​ឲ្យ​ប្រយ័ត្ន​ ​គាត់​មាន​កាំភ្លើង​។​ ​នាង​ខ្ញុំ​ពុំ​បាន​ឃើញ​កាំភ្លើង​ទេ​ តែ​ឈ្មោះ​ ហេង សៀ ​បាន​ធ្វើ​ដូច​កំពុង​រាវ​រក​កាំភ្លើង​ ​ដែល​នាំ​ឱ្យ​នាង​ខ្ញុំ​កាន់​តែ​ភិតភ័យ​ ​ហើយ​ឈ្មោះ​ ហេង​ ​សៀ ​ក៏​បាន​ធ្វើ​សកម្មភាព​បន្ត​លូក​ស្ទាប​គល់​ភ្លៅ​​ និង​ ​បំពាន​មក​លើ​រាងកាយ​នាង​ខ្ញុំ​ ​តែ​នាងខ្ញុំ​ព្យាយាម​រើ​បម្រាស​​​ និង​ប្រាប់​ឱ្យ​គាត់​កុំ​ធ្វើ​អញ្ចឹង​ តែ​គាត់​នៅ​តែ​បំពាន​ទាំង​កំរោល​មក​លើ​នាង​ខ្ញុំ​ដដែល​ ការ​ព្យាយាម​ម្តង​ហើយ​ម្តង​ទៀត​ ម្តង​លួងលោម​ ម្តង​សំឡុត​គំរាម​​ ​និង​បំពារបំពាន​នោះ​ ​មាន​រយៈពេល​យូរ​គួរ​សម​ដែរ​។

​ដោយ​គ្មាន​លទ្ធភាព​បើកទ្វារ​ឡាន​ខាង​មុខ​ចេញ​បាន​ ​និង​ដោយ​សារ​កៅអី​ខាងមុខ​នេះ​ វា​នៅ​កៀក​ដៃ​របស់​គាត់​ពេក​ ​នាង​ខ្ញុំ​ក៏​បាន​ស្ទុះ​មក​កៅអី​ខាងក្រោយ​តែ​ត្រូវ​បាន​ឈ្មោះ ​ហេង​សៀ​ ​លូក​ចាប់​ជើង​របស់​នាងខ្ញុំ ​ធ្វើ​អោយ​​ដួល​ទៅ​កៅអី​ខាង​ក្រោយ​ ​និង​ជាប់​ជើង​នៅ​ចន្លោះ​កណ្តាល​កៅអី​។​ នោះ​ជា​ឱកាស​ ​សម្រាប់​បុគ្គល​នោះ​បន្ត​បំពាន​កាន់​តែ​ខ្លាំង​មក​លើ​រាងកាយ​នាង​ខ្ញុំ​​ ដោយ​បន្ត​លូក​ដៃ​ទាញ​សំពត់​ ​ក្នុង​បំណង​សម្រាត​នាង​ខ្ញុំ​។​ នាង​ខ្ញុំ​កាន់​តែ​តក់ស្លុត​ ​ចំពោះ​ទង្វើ​ដ៏​កំរោល​ ដែល​នៅ​តែ​បន្ត​បំពារបំពាន​មក​លើ​រូប​នាង​ខ្ញុំ​ ​ទើប​នាង​ខ្ញុំ​នឹក​ឃើញ​ និង​ស្រវេស្រវា​យក​កាំបិត​ពី​ក្នុង​កាបូប​ ​មក​ក្រវាស​ចុះ​ក្រវាស​ឡើង​ ​ក្នុង​គោល​បំណង​ការពារ​កុំ​ឲ្យ​ឈ្មោះ​នេះ​រំលោភ​ និង​ធ្វើ​យ៉ាង​ណា​ឱ្យ​តែ​បាន​បើកទ្វារ​ចេញ​រួច​ពី​ក្នុង​ឡាន​។​

ចំពោះ​កាំបិត​​នោះ ​​នាង​ខ្ញុំ​ពុំ​បាន​ដឹង​ថា​ត្រូវ​ឈ្មោះ​ ​ហេង សៀ ​ឬ​អត់នោះ​ទេ​ ដោយ​ស្ថានភាព​ពេល​នោះ​នាង​ខ្ញុំ​មាន​អារម្មណ៍​ខឹង​ផង​ ​ភ័យ​ផង​លាយ​ឡំ​គ្នា​ និង​មិនមាន​ស្មារតី​នឹងនរ​ទាល់​តែ​សោះ​។ ​នៅ​ពេល​ឈ្មោះ​ ហេង​ សៀ ​ថយ​ចេញ​ពី​ក្នុង​ឡាន​ ​នាង​ខ្ញុំ​ក៏​បាន​ស្រវា​ចាប់​យក​ទូរស័ព្ទ​នៅ​ក្បែរ​ដៃ​ ​ដោយ​ស្មាន​ថា​ជា​ទូរស័ព្ទ​ខ្លួន​ឯង​ជ្រុះ​។ ​នាង​ខ្ញុំ​ក៏​បាន​ប្រញាប់​បើក​ទ្វារ​ឡាន​ចុះ​ចេញ​ទាំង​អារម្មណ៍​មិន​នឹងនរ​ ​និង​គ្មាន​ស្បែកជើង​ ពេល​ចេញ​មក​ខាង​ក្រៅ​ឡាន​ ​នាង​ខ្ញុំ​ដើរ​ទៅ​មុខ​ ហើយ​បកក្រោយ​ដោយ​អារម្មណ៍​វិលវល់​ពុំ​ដឹង​ថា​ត្រលប់​ទៅ​ផ្ទះ​វិញ​តាម​ផ្លូវ​ណា​ នាង​ខ្ញុំ​ដើរ​ផង​រត់​ផង​ ​រហូត​ដល់​ផ្សារ​គីឡូ​លេខ​៤ ​ទើប​ដឹង​ថា​ដល់​ផ្លូវ​ចូល​ផ្ទះ​របស់​នាង​ខ្ញុំ​។

កញ្ញា​ នាង​ មាន​ ពេជ្ររីតា​ ​បាន​​បញ្ជាក់​បន្ថែម​ចំពោះ​ការ​ដាក់​កាំបិត​តាម​ខ្លួន​ថា​​ ​៖

​ការ​ដាក់​កូន​កាំបិត​ក្នុង​កាបូប​នេះ ​គឺ​ដាក់​ជាប់​ជា​ប្រចាំ​ ​សម្រាប់​ប្រើប្រាស់​ពេល​មាន​តម្រូវការ​ នេះ​ជា​ទម្លាប់​របស់​មនុស្ស​ស្រី​។​ ពេល​ត្រលប់​មក​ដល់​ផ្ទះ​វិញ​ ​នៅ​ពេល​នាង​ខ្ញុំ​យក​ទូរស័ព្ទ​មក​ចុច​ស្រាប់​តែ​ជាប់​​ Password​ ទើប​នាង​ខ្ញុំ​បាន​ដឹង​ថា​ ​យក​ទូរស័ព្ទ​ច្រឡំ ​ប៉ុន្តែ​នាង​ខ្ញុំ​មិន​អាច​ទាក់ទង​ទៅ​ឈ្មោះ ​ហេង សៀ ​ពី​រឿង​ទូរស័ព្ទ​ទេ​ ព្រោះ​ឈ្មោះ​នេះ​ទើប​តែ​ប៉ុនប៉ង​រំលោភ​នាង​ខ្ញុំ​។ ​ដោយ​ពុំ​ដឹង​ថា​ត្រូវ​ធ្វើ​យ៉ាងម៉េច​ចំពោះ​ទូរស័ព្ទ​នេះ​ ទើប​នាង​ខ្ញុំ​ទុក​ទូរស័ព្ទ​នេះ​ចោល​ក្នុង​ទូរ​ ​និង​មិន​បាន​ប៉ះពាល់​ ​ឬ​ប្រើប្រាស់​អ្វី​ទាំងអស់​។​

​នៅ​ថ្ងៃ​ទី​០៨ ​​នគរបាល​ខណ្ឌ​ទួលគោក​ ​បាន​មក​ល្បួង​នាំ​ខ្លួន​នាង​ខ្ញុំ​ឲ្យ​ទៅ​ប៉ុស្តិ៍​ ដោយ​ប្រាប់​ថា​មាន​បណ្តឹង​របស់​ឈ្មោះ​ ហេង សៀ ​ថា​នាង​ខ្ញុំ​បាន​លួច​យក​ទូរស័ព្ទ​និង​ចាក់​គេ​ ​ហើយ​បាន​ឃាត់ខ្លួន​នាង​ខ្ញុំ​ រយៈ​ពេល​៣​ថ្ងៃ​និង​៣​យប់​ ​រួច​ទើប​បញ្ជូន​មក​តុលាការ​តែ​ម្តង​។​ ចំពោះ​ការ​ចោទ​ប្រកាន់​ថា​នាង​ខ្ញុំ​ជា​ស្រី​រកស៊ី​លក់​ខ្លួន​ម្តង​​ ២០០$ ​ឬ ​៣០០$​ និង​ថា​ធ្លាប់​បាន​រួមភេទ​ជាមួយ​នាង​ខ្ញុំ​ ​២-៣ដង ​និង​ថា​នាង​ខ្ញុំ​ជា​ស្រី​ចិញ្ចឹម​លួចលាក់​ ​គឺ​ជា​ការ​មួលបង្កាច់​ដោយ​ព្រៃផ្សៃ​និង​ថោកទាប​ ដែល​មើលងាយ​ដល់​ស្ត្រី​ភេទ​ទន់ខ្សោយ​ ​អ​មនុស្សធម៌​បំផុត​ របស់​បុគ្គល​ល្មោភកាម​ឈ្មោះ ​ហេង សៀ​ ​នេះ​។​

ជា​ការ​ពិត​នាង​ខ្ញុំ​ ​ពុំ​ដែល​បាន​ទាក់ទង​ស៊ី​ជម្រៅ​ស្នេហា​អី​ ​ជាមួយ​មនុស្ស​ប្រភេទ​នេះ​ម្តង​ណា​ទេ​ ​ព្រោះ​វ័យ​នាង​ខ្ញុំ​ និង​ឈ្មោះ​ហេង សៀ ​ស្មើ​នឹង​ចៅ​ ​និង​ ​ជីតា​​។ នាង​ខ្ញុំ​ បាន​សុំ​ឱ្យ​លោក​ចៅក្រម​ស៊ើបសួរ​សម្រេច​ ​លើកលែង​ចោទប្រកាន់​ចំពោះ​រូបនាង​ខ្ញុំ​ ដោយ​ហេតុថា​នាង​ខ្ញុំ​ពុំ​មាន​ចេតនា​ចាក់​ឈ្មោះ​ ​ហេង សៀ ​ដើម្បី​យក​ទូរស័ព្ទ​មក​ធ្វើ​ជា​កម្មសិទ្ធិ​​ ដូច​ការ​ចោទ​ប្រកាន់​ឡើយ​។​ នាង​ខ្ញុំ​គ្រាន់​តែ​យក​កាំបិត​នេះ​មក​គ្រវាស​ចុះ​ឡើង​ ដើម្បី​ការពារ​ខ្លួន​ឲ្យ​បាន​រួច​ផុត​អំពី​ ដ៏​ឃោឃៅ​ព្រៃផ្សៃ​ថោកទាប​បំផុត​ ​និង​ពី​ការ​ប៉ុនប៉ង​រំលោភ​នាង​ខ្ញុំ​ពី​សំណាក់​ឈ្មោះ​ ​ហេង សៀ ​នេះ​។

​នាង​ខ្ញុំ​ក៏​បាន​ប្រាប់​តុលាការ​ដែរ​ថា​ ​រាល់​ទង្វើ​ល្មើស​ បំពារបំពាន​មក​លើ​នាង​ខ្ញុំ​ នាង​ខ្ញុំ​បាន​ដាក់​ប្តឹង​បុគ្គល​នោះ​វិញ​រួច​ហើយ​ ​នាង​ខ្ញុំ​ត្រូវ​តែ​តស៊ូ​ជាមួយ​ក្រុម​មេធាវី​សម្តេច​តេជោ​ ​ដើម្បី​ស្វែង​រក​យុត្តិធម៌​ពិត​ប្រាកដ​មក​វិញ​។​

នាង​ខ្ញុំ​សូម​គោរព​ជម្រាប​ជូន​ថ្នាក់​ដឹកនាំ​ ​«សម្តេច​តេជោ​សន្តិភាព​យុត្តិធម៌​» ស្ថាប័ន​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ សាធារណ:ជន​ ​និង​ពុកម៉ែ​បងប្អូន​ ​មេត្តា​ជ្រាប​ ​និង​ជួយ​ផ្តល់​យុត្តិធម៌​ ​ដល់​រូប​នាង​ខ្ញុំ​ និង​ស្ត្រី​ទន់ខ្សោយ​ទូទៅ​ទូទាំង​ប្រទេស​ផង​។

Share.