កីឡាករ Miftah Anwar Sani របស់​ឥណ្ឌូណេស៊ី ត្រូវ​បាន​ក្លិប​បាល់ទាត់​ FK Sloboda Tuzla សមាជិក​ពានរង្វាន់​លីគ​កំពូល​នៃ​​ប្រទេស​បូស្នី-ហឺហ្ស៊េហ្គោវីណា Premijer liga 2020-21 ក្នុង​ទ្វីប​អឺរ៉ុប ខ្ចី​ជើង​យក​ទៅ​ចូលរួម​ក្រុម ខណៈ​កៀក​ទៅ​នឹង​ចប់​រដូវកាល​ហើយ។

កីឡាករ​វ័យ​២៥​ឆ្នាំរូប​នេះ​មិន​ធ្លាប់​ជាប់​ឈ្មោះ​​ក្នុង​ក្រុម​ជម្រើស​ជាតិ​ឥណ្ឌូណេស៊ី ពី​មុន​មក​ទេ ខណៈ​រូប​គេ​ជា​យុវជន​ថ្នាល​នៅ​ក្លិប​GDTC ក្លិប SSB Saint Prima និង​ក្លិប​ Persema Malang​។ នៅ​ឆ្នាំ​២០១៧​ដល់​២០១៩ រូប​គេ​ចុះ​កិច្ចសន្យា​លេង​ឱ្យ​ក្លិប ​TIRA-Persikabo ក្នុង​លីគ​កំពូល​ឥណ្ឌូណេស៊ី Liga 1 ហើយ​​អំឡុង​ពេល​នោះ​​ក្លិប PPSM Magelang និង​ក្លិប Madura នៅ​លីគ​លំដាប់​ទី២​ Liga 2 ខ្ចី​ជើង។

នៅ​ឆ្នាំ ២០១៩-២០ ខ្សែ​ការពារ​រូប​នេះ​បាន​ផ្ទេរ​ទៅ​ចូលរួម​ក្រុម​លីគ​ទី២ ​Badak Lampung និង​នៅ​ឆ្នាំ​២០២០-២១ បាន​ចូលរួម​ជាមួយ​ក្រុម Persita Tangerang ក្នុង​ពាន Liga 1 វិញ។

ដំណើរ​ទៅ​ដល់​ក្លិប FK Sloboda Tuzla របស់​កីឡាករ Miftah Anwar Sani គឺ​កៀក​នឹង​បញ្ចប់​រដូវកាលពាន Premijer liga 2020-21 ទៅ​ហើយ ខណៈ​ក្រុម​ដែល​មាន​មូលដ្ឋាន​នៅ​Tuzla ដែល​ជា​ទីក្រុង​ធំ​លំដាប់​ទី៣​ក្នុង​ប្រទេស​​​បូស្នី-ហឺហ្ស៊េហ្គោវីណា កំពុង​ឈរ​ចំណាត់​ថ្នាក់​លេខ៨ ក្នុង​ចំណោម​សមាជិក​ទាំង​១២ក្រុម បន្ទាប់​ពី​ប្រកួត​៣១លើក​មក​នេះ​ឈ្នះ​បាន​១០លើក ស្មើ​គ្នា​៦លើក និង​ចាញ់​១៥លើក។ ក្រុម FK Sloboda Tuzla នៅ​សល់​តែ​២ប្រកួត​ក្នុង​ដៃ​ប៉ុណ្ណោះ នឹង​ចប់​រដូវកាល​ហើយ៕

Share.