បន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិទី៥ បានណែនាំដល់កងកម្លាំងថា ត្រូវទប់ស្កាត់បទល្មើសតាមបន្ទាត់ព្រំដែន និងពលករចំណាកស្រុកខុសច្បាប់ និងត្រូវឃាត់ខ្លួន មេខ្យល់ឲ្យបាន ដើម្បីប្រគល់ឲ្យសមត្ថកិច្ចជំនាញចាត់ការតាមផ្លូវច្បាប់ ។បទបញ្ជារបស់មេបញ្ជាការរូបនេះបានធ្វើឡើងក្នុងពេលលោកអញ្ជើញប្រកាសសមាសភាពនាយទាហាននៅរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២នៅទីបញ្ជាការទិសទី១បន្ទាយមានជ័យ។


លោកឧត្តមសេនីយ៍ទោ ឈុន ម៉ៅ មេបញ្ជាការរងយោធភូមិភាគទី៥និងជាមេបញ្ជាការទិសទី១បន្ទាយមានជ័យបានរាយការណ៍ថា៖ កងកម្លាំងយោធាទិសទី១បន្ទាយមានជ័យបានខិតខំយកចិត្តទុកដាក់ជួយអន្តរាគមន៍ដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយធម្មជាតិមានគ្រោះទឹកជំនន់ និងខ្យល់កន្ត្រាក់ និងជួយប្រមូលផលស្រូវជូនប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ និងការពារបូរណៈភាពទឹកដី និងសន្តិសុខសណ្តាប់ជូនប្រជាពលរដ្ឋ។


លោកឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៥បានមានប្រសាសន៍ណែនាំដល់កងកម្លាំងទិស១ខេត្តបន្ទាយមានជ័យ ដែលឈរជើងតាមតាមបន្ទាត់ព្រំដែនត្រូវតែបង្កើនការយកចិត្តទុកការពារបូរណភាពទឹកដី និងទប់ស្កាត់បទល្មើសតាមបន្ទាត់ព្រំដែន ពលករចំណាកស្រុកខុសច្បាប់ការពារសុវត្ថិភាពបងប្អូនប្រជាពលរដ្ឋ ។លោកបានកោតសរសើរចំពោះកងកម្លាំង ដែលបានសហការជាមួយអាជ្ញាធរបានយ៉ាងល្អដើម្បីជួយ ដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយធម្មជាតិ មានគ្រោះទឹកជំនន់ និងខ្យល់កន្ត្រាក់កន្លងមកនិងបានចុះជួយអន្តរាគមន៍ដល់ប្រជាពលរដ្ឋបានទាន់ពេលវេលាផងដែរ៕

អត្ថបទ៖ប៉ោយប៉ែត

Share.