សហគមន៍ប្រជាជនខ្មែររស់នៅប្រទេសជប៉ុនយ៉ាងច្រើនកុះករបាននាំគ្នាមករង់ចាំទទួលវត្តមានរបស់ សម្តេចតេជោ ហ៊ុន សែន ប្រកបដោយក្តីសោមនស្សរីករាយ និងរំភើបក្រែលែង ខណៈសម្តេច អញ្ជើញធ្វើទស្សនកិច្ចរយៈពេល២ថ្ងៃ នៅក្នុងប្រទេសជប៉ុន។

តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីជប៉ុន និងគណៈកម្មាធិការប្រតិបត្តិចម្រុះនៃកិច្ចប្រជុំកំពូល លើក ទី៤ ស្តីពីបញ្ហាទឹកនៅតំបន់អាស៊ីប៉ាស៊ីហ្វិក សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងអញ្ជើញចូលរួមកិច្ចប្រជុំ កំពូលនេះ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៣-២៤ ខែមេសា ឆ្នាំ២០២២នេះ នៅទីក្រុង ខឹម៉ាមូតុ ប្រទេស ជប៉ុន។

កិច្ចប្រជុំកំពូលនេះ ផ្តោតលើមូលបទសំខាន់ «ទឹកសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព៖ ឧត្តមានុវត្តន៍ និងអ្នកបន្តវេនជំនាន់ក្រោយ» ហើយក្នុងឱកាសនៃការចូលរួមនោះ សម្តេចតេជោ នឹងអញ្ជើញថ្លែង សុន្ទរកថាគន្លឹះ ដោយនឹងរំលេចពីសារៈសំខាន់នៃទឹក និងបញ្ហាពាក់ព័ន្ធនានា ដើម្បីគ្រប់គ្រងធនធានដ៏ ចាំបាច់នេះ ប្រកបដោយចីរភាព ជាពិសេសក្នុងបរិបទនៃប្រទេសកម្ពុជា ដែលប្រជាជនទូទាំងប្រទេសត្រូវ ពឹងផ្អែកយ៉ាងធំធេងលើធនធានទឹកដ៏មានតម្លៃនៃដងទន្លេមេគង្គ។

លើសពីនោះផងងដែរ ដំណើរទស្សនកិច្ចនេះក៏នឹងផ្តល់អត្ថប្រយោជន៍សម្រាប់កម្ពុជា និងតំបន់ដូចជា ចូលរួមចំណែកគ្រប់គ្រង ប្រើប្រាស់ទឹកដ៏ចាំបាច់ប្រកបដោយចីរភាព និង សម្រាប់ការអភិវឌ្ឍន៍យូរអង្វែង សម្រាប់កូនចៅជំនាន់ក្រោយ និងធ្វើឱ្យចំណងទំនាក់ទំនងសាមគ្គីភាព មិត្តភាព សហប្រតិបត្តិការ រវាង កម្ពុជា ជាមួយជប៉ុន និងរវាងកម្ពុជា ជាមួយបណ្តាប្រទេសស្ថិតនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក កាន់តែមាន ភាពល្អប្រសើរ ដែលនាំឱ្យកិត្តិនាម និងកេរ្តិ៍ឈ្មោះរបស់កម្ពុជាកាន់តែល្បីរន្ទឺនៅលើឆាកអន្តរជាតិ។

ក្នុងឱកាសនោះដែរ សម្តេចតេជោ រួមនឹងនាយករដ្ឋមន្ត្រីជប៉ុន ក៏នឹងមានកិច្ចប្រជុំទ្វេភាគី ព្រមទាំង ផ្តល់ កិត្តិយសធ្វើជាសក្ខីភាពក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់លើកិច្ចសហប្រតិបត្តិការរវាងក្រសួងធនធានទឹក និងឧតុនិយមកម្ពុជា រួមជាមួយនឹងក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុនផងដែរ។

ក្រៅពីនោះទៀត សម្តេចតេជោក៏រំពឹងនឹងជួបពិភាក្សាការងារជាមួយឯកឧត្តមនាយករដ្ឋមន្ត្រីឡាវ និងឥស្សរជននយោបាយ និងធុរជនជប៉ុនមួយចំនួនផងដែរ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានសំដែងនូវសេចក្តីសប្បាយរីករាយដោយបានជួបដោយផ្ទាល់ ជាមួយ បងប្អូនកូនក្មួយ ចៅៗជាង១០០នាក់ ដែលនេះបង្ហាញឱ្យឃើញពីការគោរពស្រឡាញ់រវាងថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋខ្លួន ដែលកំពុងឃ្លាតឆ្ងាយពីមាតុភូមិ ដើម្បីបំពេញការសិក្សា និងរបរទទួលទាននៅក្នុង ទឹកដីប្រទេសជប៉ុននេះ។

សូមបញ្ជាក់ថា តាមតួលេខរបស់ក្រសួងការបរទេសកម្ពុជា មានពលរដ្ឋកម្ពុជារស់នៅ និងប្រកប របរ អាជីវកម្មនានាក្នុងប្រទេសជប៉ុនចំនួន ៥២០៣នាក់ គិតត្រឹមខែមិថុនា ឆ្នាំ២០២០ ខណៈចំនួនសិស្ស និស្សិតកម្ពុជានៅកំពុងបន្តការសិក្សាក្នុងប្រទេសជប៉ុនមាន ៦៩៣នាក់៕

Share.