ពលរដ្ឋនៅខេត្តព្រៃវែងម្នាក់ទៀតហើយបានបាត់បង់ជីវិតដោយសារជំងឺកូវីដ១៩នៅក្នុងខេត្ត ព្រៃវែងនៅថ្ងៃទី២០ខែឧសភា ឆ្នាំ២០២១នេះ។

ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង បានចូលរួមរំលែកមរណទុក្ខ ជូនចំពោះ គ្រួសារសពលោកស្រី សាន សំអូន ប្រជាពលរដ្ឋរស់នៅភូមិអង្គាញ់ ឃុំប្រធាតុ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង បានស្លាប់នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១នេះ ក្នុងជន្មាយុ ៣៣ឆ្នាំ ដោយសារជំងឺកូវីដ-១៩។

ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត​ បានរំលឹកឲ្យប្រជាពលដ្ឋរស់នៅក្នុងខេត្តព្រៃវែងទាំងអស់ ចូលរួមអនុវត្តវិធានការ ៣ការពារ ៣កុំ តាមការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

នៅថ្ងៃដដែលនេះដែរ រដ្ឋបាលខេត្តព្រៃវែង បន្តរកឃើញ និងបង្ហាញអត្តសញ្ញាណអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ១០នាក់ផ្សេងទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) ។

អ្នកឆ្លងកូវីដ១៩ថ្មីទាំងអស់នោះមាននៅមូលដ្ឋានក្នុងស្រុកកំពង់ត្របែក ចំនួន១នាក់ ស្រុកព្រះស្តេច ចំនួន២នាក់ ស្រុកកញ្ជ្រៀច ចំនួន២នាក់ ស្រុកពាមជរ ចំនួន២នាក់ និងស្រុកពារាំង ចំនួន៣នាក់ ស្ថិតក្នុងខេត្តព្រៃវែង។

រដ្ឋបាលខេត្តព្រៃវែងតាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួនក៏បានបង្ហាញប្រវត្តិធ្វើដំណើរ និងឈ្មោះជាមួយកន្លែងស្នាក់នៅរបស់អ្នកវិជ្ជមានកូវីដ-១៩ ទាំង១០នាក់នោះផងដែរ។

បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដខាងលើ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកពួកគេនីមួយៗ៕

Share.