សារព័ត៌មានត្រយងបានចេញផ្សាយអំពីសារសំខាន់ នៃការត្រួតពិនិត្យបច្ចេកទេសយានជំនិះ (ឈៀក) និងកត្តាសំខាន់ៗ នៃការពិនិត្យរថយន្ត នៅពេលយកទៅធ្វើឈៀក ដោយថ្ងៃនេះ សារព័ត៌មាន ត្រយង នឹងបង្ហាញអំពីការផាកពិន័យវិញម្ដង ប្រសិនបើម្ចាស់រថយន្ត ហួសសុពលភាពត្រួតពិនិត្យលក្ខណៈបច្ចេកទេស។ តើការផាកពិន័យ គេធ្វើឡើងដូចម្ដេច? 

ផ្អែកតាមព័ត៌មានពីក្រសួងសាធារណការបានឲ្យដឹងថា រថយន្ដដែលហួសសុពលភាពត្រួតពិនិត្យលក្ខណៈបចេ្ចកទេសយានជំនិះ ដែលលើសពី ៣០ ថ្ងៃ នឹងត្រូវការផាកពិន័យ សម្រាប់រថយន្ដធុនតូច ១ថ្ងៃ ៥០០៛ រថយន្ដធុនធំ ១ថ្ងៃ ២ ០០០៛។ ន័យត្រង់នេះ គឺសម្ដៅលើការផាកពិន័យ ដែលហួសសុពលភាព ៣០ថ្ងៃ នៃការកំណត់វិញ្ញាបនបត្រឈៀក។ 

តើសុពលភាព នៃវិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសសម្រាប់យានយន្ត មានរយៈពេលប៉ុន្មាន? វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសសម្រាប់យានយន្ត មានសុពលភាពដូចខាងក្រោម៖

  • រថយន្តថ្មីប្រភេទគ្រួសារ ឬរថយន្តដឹកទំនិញធុនស្រាល (PICK UP) ដែលមិនទាន់ប្រើប្រាស់ត្រូវមានសុពលភាព៤ (បួន) ឆ្នាំ
  • រថយន្តប្រភេទគ្រួសារ ឬរថយន្តដឹកទំនិញធុនស្រាល (PICK UP) ដែលបានប្រើប្រាស់រួចហើយត្រូវមានសុពលភាព២ (ពីរ) ឆ្នាំ
  • រថយន្តថ្មីធ្វើអាជីវកម្មដឹកអ្នកដំណើរទំនិញ និង យានយន្តុករណ៏ថ្មីដែលមិនទាន់ប្រើប្រាស់ត្រូវមានសុពលភាព២ (ពីរ) ឆ្នាំ
  • រថយន្តចាស់ធ្វើអាជីវកម្មដឹកអ្នកដំណើរ ទំនិញ និងយានយន្តុករណ៏ចាស់ដែលបានប្រើប្រាស់រួច ត្រូវមានសុពលភាព ១(មួយ) ឆ្នាំ
  • រ៉ឺម៉ក សឺមីរ៉ឺម៉កថ្មី ដែលមិនទាន់ប្រើប្រាស់ត្រូវមានសុពលភាព ២ (ពីរ) ឆ្នាំ
  • រ៉ឺម៉ក សឺមីរ៉ឺម៉កចាស់ ដែលបានប្រើប្រាស់រួចហើយ ត្រូវមានសុពលភាព ១ (មួយ) ឆ្នាំ
  • ត្រីចក្រយានយន្ត និងទោចក្រយាន្តយន្តសណ្តោងរ៉ឺម៉ក ត្រូវមានសុពលភាព ១ (មួយ) ឆ្នាំ៕ 

តើប្រិយមិត្តយល់ដឹងកម្រិតណាពីការត្រួតពិនិត្យលក្ខណៈបច្ចេកទេស (ឈៀក) ? តើបានយករថយន្តទៅឈៀកហើយឬនៅ? មានត្រួតពិនិត្យសុពលភាព នៃការធ្វើឈៀកទេ ប្រយ័ត្នអស់លុយ ផាក១ថ្ងៃ ៥០០រៀល រថយន្ដតូច ឯរថយន្តធុនធំ ១ថ្ងៃ ២ ០០០ រៀល ណា៎ !

Share.