Buffon កាល​ឈ្នះ​ពាន Coppa Italia ជាមួយ ​Enrico Chiesa

អ្នកចាំទី​វ័យ​៤២ឆ្នាំ​ជនជាតិ​អ៊ីតាលី Gianluigi Buffon ដែល​កំពុង​ប្រកប​អាជីព​នៅ​ក្នុង​ក្លិប​បាល់ទាត់​ Juventus បាន​ចំណាយ​ពេល​នៅ​លើ​វាល​ស្មៅ​អស់​ជាង​២៦​ឆ្នាំ​ហើយ​ក្នុង​នាម​ជា​កីឡាករ​អាជីព ខណៈ​រឿង​ដែល​កើត​ឡើង​កាល​ពី​ពេល​ថ្មីៗ​ចំពោះ​រូប​គេ​នោះ​គឺ​ឈ្នះ​ពាន Coppa Italia តាំង​ពី​ជំនាន់​ឪពុក រហូត​ដល់​កូន។

នៅ​ឆ្នាំ​១៩៩៩ Buffon បាន​ឈ្នះ​ពានរង្វាន់​ពានរង្វាន់ Coppa Italia លើក​ដំបូង​ក្នុង​អាជីព​របស់​ខ្លួន​កាល​ប្រកប​អាជីព​ក្នុង​ក្រុម Parma ក្នុង​វ័យ​២១ឆ្នាំ​នៅ​គ្រា​នោះ ហើយ​មិត្ត​រួម​ក្រុម​ខ្លួន​ម្នាក់​មាន​ឈ្មោះ​ថា​ Enrico Chiesa។ រំលង​២២​ឆ្នាំ​ក្រោយ​មក ចូល​ដល់​ឆ្នាំ​២០២១ ក្នុង​វ័យ​៤២ឆ្នាំ​រូប​គេ​បាន​​ឈ្នះ Coppa Italia ម្តង​ទៀត​ដែល​មាន​មិត្តរួម​ក្រុម​ឈ្មោះ​ថា​ Federico Chiesa វ័យ​២៣​ឆ្នាំ ជា​កូន​ប្រុស​បង្កើត​របស់ Enrico Chiesa។

ក្រុម Juventus ឈ្នះ​ពាន Coppa Italia រដូវកាល​ឆ្នាំ​២០២០-២១ បន្ទាប់​ពី​ផ្ដួល​ក្រុម​Atalanta នៅ​យប់​ថ្ងៃ​ព្រហស្បត្តិ៍ ម្សិលមិញ​ ដោយ​លទ្ធផល​២ទល់១ ខណៈ Buffon បង្ហាញ​ខ្លួន​ជា​អ្នកចាំទី និង Federico Chiesa រក​បាន​គ្រាប់​បាល់១គ្រាប់​ជួយ​ក្រុម​ផង​ដែរ។ ​

Buffon កាល​ឈ្នះ​ពាន Coppa Italia ជាមួយ ​Federico Chiesa

កីឡាករ​ Buffon ​ធ្លាប់​បាន​ឈ្នះ​ពានរង្វាន់ Coppa Italia ចំនួន​៦លើក​មក​ហើយ តាំង​ពី​ប្រកប​អាជីព​លើក​ដំបូង​ក្នុង​ឆ្នាំ​១៩៩៥ ជាមួយ​ក្រុម Parma ហើយ​នៅ​ឆ្នាំ​២០០១ បាន​ផ្ទេរ​ទៅ​​ក្រុម Juventus រហូត​ដល់​ឆ្នាំ​២០១៨​បាន​ផ្ទេរ​ទៅ​លេង​ក្រុម​Paris Saint-Germain ក្នុង​ប្រទេស​បារាំង និង​ឆ្នាំ​២០១៩ ត្រឡប់​ទៅ​កាន់ Juventus វិញ​រហូត​ដល់​បច្ចុប្បន្ន។ ប៉ុន្តែ​ថ្មីៗ​នេះ​បុរស​ដែល​បង្ហាញ​ខ្លួន​ឱ្យ​ជម្រើស​ជាតិ​អ៊ីតាល ​បាន​១៧៦​លើក​ខាង​លើ​ ប្រកាស​ថា​នឹង​ចាកចេញ​ពី Juventus នៅ​ដំណាច់​រដូវកាល​នេះ៕

Share.