ឥណ្ឌា – ម្ចាស់​ពាន​រង្វាន់​អូស្ការចុង​ក្រោយ​គេ​បង្អស់​ Will Smith បាន​បង្ហាញ​វត្តមាន​នៅ​ប្រទេស​ឥណ្ឌា​ ដោយ​ស្នាម​ញញឹម​យ៉ាង​ស្រស់​ ហើយ​នេះ​ក៏​ជា​រូប​ភាព​ទីមួយ​របស់​លោក​ ក្រោយ​ហេតុ​ការណ៍​ទះកំផ្លៀង​នៅ​លើ​​វេទិកា​ អូស្ការ​។

បន្ទាប់​ពី​បង្ក​ហេតុ​ការណ៍​ទះ​កំផ្លៀង​តារា​កំប្លែង​ល្បី​ Chris Rock នៅ​លើ​វេទិកា​ប្រគល់​ពាន​រង្វាន់​ដ៏​ធំ​អូស្ការ​ លោក​ស្ទើរ​តែ​មិន​បង្ហាញ​ខ្លួន​នៅ​តាម​ទីសាធារណៈ​ឬ​តាម​បណ្ដាញ​សារព័ត៌មាន​ផ្សេងៗ​ទៀត​ឡើយ​។ រហូត​ដល់​ពេល​ថ្មីៗ​នេះ​លោក​បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ឥណ្ឌា​កាល​ពី​សប្ដាហ៍​កន្លង​ទៅ​ ដោយ​លោក​ Will Smith វ័យ​ ៥៣​ឆ្នាំ​​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ប្រទេស​ឥណ្ឌា​កាល​ពី​ថ្ងៃ​ទី​២៣ ខែ​មេសា​ តាម​រយៈ​យន្ត​ហោះ​ផ្ទាល់​ខ្លួន​ ហើយ​មាន​ Paparazzi និង​អ្នក​គាំទ្រ​មក​រង់ចាំ​ទទួល​ច្រើន​គួរ​សម​។

លោក Smith មិន​បាន​បង្ហើប​ឱ្យ​ដឹង​នោះ​ទេ​ថា​លោក​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ឥណ្ឌា​ធ្វើ​អ្វី​នោះទេ​ ប៉ុន្តែ​បើ​តាម​ការ​ផ្សាយ​របស់​សារព័ត៌មាន​ឥណ្ឌា​ដើម្បី​មក​ជួប​ Guru ជនជាតិ​ឥណ្ឌា​ដែល​លោក​គោរព​​ដោយ​ផ្ទាល់​។

តាម​រយៈ​សារ​ព័ត៌មាន​បាន​​ផ្សាយ​ថា​ Will Smith នៅ​មើល​ទៅ​ញញឹម​ញញែម​ស្រស់​ថ្លា​ និង​ថត​រូប​ជាមួយ​នឹង​អ្នក​គាំទ្រ​ថែម​ទៀត​ផង​។ ការ​ធ្វើ​ដំណើរ​មក​ឥណ្ឌា​លើក​នេះ​ ភរិយា​របស់​លោក​ លោក​ស្រី Jada មិន​បាន​ធ្វើ​ដំណើរ​មក​ជាមួយ​គ្នា​នោះ​ទេ​ ព្រោះ​កំពុង​តែ​រវល់​បញ្ចេញ​វគ្គ​ថ្មី​កម្មវិធី​ Red Table Talk នៅ​លើ​ Facebook Watch ជា​កម្មវិធី​ដែល​នាង​ស្រលាញ់​និង​បើកចិត្ត​និយាយ​ពី​រឿងរ៉ាវ​ជា​ច្រើន។ អ្នក​គាំទ្រ​កម្មវិធី​ជា​ច្រើន​ជឿ​ថា​ថ្ងៃ​ណាមួយ​​លោក​ស្រី និង​ ស្វាមី​អាច​នឹង​មាន​ឱកាស​លើក​យក​រឿងរ៉ាវ​ទាក់ទង​នឹង​ហេតុការណ៍​អាស្រូវ​នៅ​លើ​ឆាក​អូស្ការ​មក​និយាយ​ជា​មិន​ខាន​

ចំណែក​ Will Smith មាន​ព័ត៌មាន​ថា​ Project ដែល​លោក​កំពុង​ធ្វើ​ទាំង​អស់​ស្ទើរ​តែ​ត្រូវ​បាន​បិទ​ចោល​ដោយ​គ្មាន​កាល​កំណត់​ ប៉ុន្តែ​លោកកំពុង​តែ​មាន​គម្រោង​ថ្មី​គឺ​​​ឯកសារ​មាន​ឈ្មោះ​ថា​ Will Smith: The Best Shape of My Life ដែល​​នឹង​រៀបរាប់​ពី​វិធីសាស្ត្រ​ថែរក្សា​សុខ​ភាព​របស់​លោក​ ជា​ពិសេស​វិធី​សម្រក​គីឡូ​២០​ផោន​​ក្នុង​២០​សប្ដាហ៍​។

«ខ្ញុំ​គិត​ថា​នេះ​គឺជា​រូបរាង​ថ្មី​ដែល​ល្អ​បំផុត​​ក្នុង​ជីវិត​របស់​ខ្ញុំ​ តែ​សម្រាប់​រឿង​ចិត្ត​គំនិត​​ គឺជា​រឿង​ផ្សេង​មួយ​ទៀត​ ខ្ញុំ​បាន​រក​ឃើញ​ថារឿងរ៉ាវ​ជា​ច្រើន​ដែល​លាក់​កប់​ក្នុង​ជម្រៅ​ចិត្ត​ និង​ជា​គ្រា​ដំបូង​ក្នុង​ជីវិត​ដែល​ខ្ញុំ​មាន​អារម្មណ៍​ថា​ចង់​សម្លាប់​ខ្លួន»​ Will Smith និយាយ​ដល់​ប្រូចេក​ថ្មី​របស់​លោក​៕

អត្ថបទ​ទាក់ទងនឹង Will Smith៖

Telegram-Troryorng

Share.