ជាស្ថានភាពថ្មីមួយទៀតសម្រាប់កម្ពុជាដែលធ្លាប់មានក្នុងរយៈពេល២ឆ្នាំកន្លងទៅនេះ នោះគឺកម្ពុជាមានតួលេខឆ្លងកូវីដ១៩ថ្មីត្រឹមតែ២នាក់ប៉ុណ្ណោះនៅថ្ងៃទី២៥ខែមេសាឆ្នាំ២០២២។

នេះបើតាមការបញ្ជាក់របស់សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជានៅព្រឹកថ្ងៃទី២៦ខែមេសាឆ្នាំ២០២២នេះ តាមរយៈសារជាសំឡេងផ្ញើជូនជនរួមជាតិនៅទូទាំងប្រទេសអំពីស្ថានភាពនៃកូវីដ១៩នៅ កម្ពុជា រួមទាំងការប្រកាសលើកលែងកាតព្វកិច្ចពាក់ម៉ាស់នៅតាមទីសាធារណៈនៅទូទាំងប្រទេស។

ការដកចេញនូវវិធានការពាក់ម៉ាស់ទៅតាមទីសាធារណៈនេះ បានធ្វើឡើងបន្ទាប់ពីរាជរដ្ឋាភិបាល សង្កេតឃើញថា អត្រាឆ្លងជំងឺកូវីដ១៩ ក្នុងអត្រាទាបបំផុត ទោះបីជាកម្ពុជាបានអនុញ្ញាតឱ្យរៀបចំពិធីបុណ្យចូលឆ្នាំថ្មី ដោយមានប្រជាពលរដ្ឋជាច្រើនលេងកម្សាន្ត ដោយមិនមានការពាក់ម៉ាស់ ឬរក្សាគម្លាតនោះឡើយ។

ជាមួយគ្នានេះដែរ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានបន្តជំរុញឲ្យពលរដ្ឋនៅទូទាំងប្រទេសបន្តចូលរួមទៅទទួលវ៉ាក់សាំងដូសជំរុញ(ដូសទី៣)ឲ្យបានគ្រប់ៗគ្នា។

គិតត្រឹមថ្ងៃទី២៥ខែមេសា កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ១៣៦,២២៨នាក់, អ្នកជាសះស្បើយសរុបចំនួន ១៣២,៩៤៥នាក់, ស្លាប់សរុបចំនួន ៣,០៥៦នាក់៕

Share.