ក្នុងសារសំឡេងពិសេសផ្ញើជូនជនរួមជាតិនៅថ្ងៃអង្គារនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបានឱ្យដឹងថារាជរដ្ឋាភិបាលកំពុងពិចារណាចាក់ដូសទី៥ដល់មន្រ្តីជួរមុខបន្ថែមទៀត។ យ៉ាងណាក៏ដោយ សម្ដេច មិនទាន់បាន​បញ្ជាក់លម្អិតអំពីគម្រោងចាក់វាក់សាំងដូសទី៥ដល់មន្រ្តីជួរមុខនោះនៅឡើយទេ។

គិតមកដល់ពេលនេះមានមនុស្សប្រមាណ១លាននាក់ហើយបានចាក់ដូសទី៤ ក្នុងចំណោមប្រជាជនសរុប។ នេះបើតាមទិន្នន័យចាក់វ៉ាក់សាំងក្រសួងសុខាភិបាល។ កម្ពុជាមានវ៉ាក់សាំងក្នុងស្តុកប្រមាណ១១លានដូស។ កាលពីថ្ងៃម្សិលមិញកម្ពុជាក៏ទើបទទួលបានវ៉ាក់សាំងប្រមាណ១លានដូសពីប្រទេសអ៊ីតាលីផងដែរ។

ក្នុងសារសំឡេងផ្ញើជូនជនរួមជាតិរយៈពេលជាង១៦នាទី សម្ដេចតេជោបានសង្កត់ធ្ងន់ឱ្យប្រជាពលរដ្ឋដែលបានទទួលវ៉ាក់សាំងដូសទី២ហើយនោះ ត្រូវបន្តទៅទទួលវ៉ាក់សាំងដូសទី៣ឱ្យបានគ្រប់ៗគ្នា។ ការទទូចនេះបន្ទាប់ពីរាជរដ្ឋាភិបាលប្រកាសលើកលែងកាតព្វកិច្ចពាក់ម៉ាស់តាមទីសាធារណៈទូទាំងប្រទេសចាប់ពីព្រឹកថ្ងៃទី២៦មេសានេះទៅ លើកលែងតែទីកន្លែងបិទជិតនិងមានម៉ាស៊ីនត្រជាក់៕

Share.