សហព័ន្ធ​កីឡា​បាល់ទាត់​នៃ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត បាន​ស្នើសុំ​ទៅ​កាន់​សហព័ន្ធ​កីឡា​បាល់ទាត់​ពិភពលោក FIFA ឱ្យ​លើក​​ពិភាក្សា​នៅ​ក្នុង​មហាសន្និបាត​លើក​ទី៧១ (71st Congress) ក្នុង​ការ​រៀបចំ​ប្រកួត​បាល់ទាត់​ជើង​ឯក​ពិភពលោក FIFA World Cup និង FIFA Women’s World Cup នៅ​រាល់​២ឆ្នាំ​ម្តង។

ជាមួយ​គ្នា​នេះ​ដែរ​សហព័ន្ធ​អារ៉ាប៊ីសាអ៊ូឌីត​ ក៏​បាន​​ស្នើ​ឱ្យ​ពិនិត្យ​លទ្ធភាព​និង​ផល​ប៉ះពាល់​​នៃ​ការ​​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ក្នុង​ការ​ប្រកួត​ប្រជែង​ទៀងទាត់​​ជា​ប្រចាំ​នេះ។ ព្រឹត្តិការណ៍​ពិភពលោក​ទាំង​២​ខាង​លើ​នេះ​រៀបចំ​រាល់៤​ឆ្នាំ​ម្តង ប៉ុន្តែ​ការ​ស្នើសុំ​ផ្លាស់​ប្តូរ​នេះ​គឺ​អាច​បង្កើន​ចំណូល​ទ្វេ​ដង​ដល់ FIFA សហព័ន្ធ​ជា​សមាជិក​តាម​ប្រទេស​នានា និង​ភាគី​ពាក់ព័ន្ធ​ដោយ​សារ​តែ​គ្រប់គ្នា​រងគ្រោះ​ដោយ​សារ​ការ​ឆ្លង​រីករាលដាល​នៃ​ជំងឺ​កូវីដ-១៩ ជា​សាកល។

មាន​អំណះអំណាង​មួយ​ទៀត​គឺ​ការប្តូរ​កម្មវិធី​ប្រកួត​ពី​​៤ឆ្នាំម្តង មក​២ឆ្នាំ​នេះ​អាច​ទាញ​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​មហាជន ព្រោះ​មាន​សកម្មភាព​ប្រកួត​ញឹកញាប់ គឺ​វា​ស្រប​ទៅ​នឹង​ប្រតិទិន​នៃ​ការប្រកួត​​ជា​ប្រចាំ​​តាម​ទ្វីប​នីមួយៗ​ផង​ដែរ។

អត្ថបទពាក់ព័ន្ធ៖ប្រទេស​២២ នៅ​ទ្វីប​អាហ្វ្រិក មិន​អាច​​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ជម្រុះ World Cup បាន​នោះ​ទេ

នេះ​មិន​មែន​ជា​ការ​លើក​ឡើង​ដំបូង​ទេ គឺ​កន្លង​មក​ធ្លាប់​មាន​​ការ​ស្នើសុំ​​តាំង​ពី​ឆ្នាំ​១៩៩៩ និង​២០០១ របស់​ប្រធាន​ FIFA ​ចាស់​លោក Sepp Blatter ផងដែរ ខណៈ​នៅ​ឆ្នាំ​២០១៨ ប្រធាន​សហព័ន្ធ​កីឡា​បាល់ទាត់​អាមេរិកខាងត្បូង លោក Alejandro Domínguez ក៏​បាន​លើក​ជា​មតិ​ដូចគ្នា​ផង​ដែរ។ កាល​ពី​ឆ្នាំ​២០១៩ លោក​ Gianni Infantino ប្រធាន FIFA បច្ចុប្បន្ន​ធ្លាប់​បាន​លើក​ឡើង​ពី​ផែនការ​ប្រកួត World Cup រាល់​២ឆ្នាំ​ម្តង​ដែរ។ ​

​ ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត កំពុង​តែ​បង្ហាញ​សញ្ញាណ​​ពី​ការ​ចង់​ធ្វើ​ម្ចាស់​ផ្ទះ​ក្នុង​ព្រឹត្តិការណ៍ World Cup នេះ​នៅ​ក្នុង​រាជាណាចក្រ​របស់​ខ្លួន ព្រម​ទាំង​មាន​​រៀបចំ​ជា​ប្រេង​ឥន្ធនៈ​និង​ឧស្ម័ន​បម្រុង​ទៀត​ផង​ដែរ។ យ៉ាងណាក្តី​គូ​​ប្រជែង​របស់​ប្រទេស​នេះ​គឺ​កាតារ នឹង​ទទួល​ធ្វើ​ម្ចាស់​ផ្ទះ​ក្នុង​ព្រឹត្តិការណ៍​កីឡា​បាល់ទាត់​ជើង​ឯក​បុរស​ពិភពលោក 2022 FIFA World Cup នៅ​ឆ្នាំ​ក្រោយ។

អត្ថបទពាក់ព័ន្ធ៖កាតារ ធ្វើ​ម្ចាស់ផ្ទះ​​ពាន ​Arab Cup សម្រាប់​​រដ្ឋ​ឥស្លាម ​មុន​ប្រកួត FIFA World Cup

មហាសន្និបាត​លើក​ទី៧១ របស់ FIFA នឹង​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​​១៥:០០នាទី​ថ្ងៃ​សុក្រ ទី​២១​ខែ​ឧសភា ឆ្នាំ​២០២១ ប្រទេស​ស្វីស ដោយ​ធ្វើ​ឡើង​តាម​ប្រព័ន្ធ​អនឡាញ ព្រោះ​តែ​ការពារ​ការ​ឆ្លង​រីករាល​ដាល​​នៃ​ជំងឺ​កូវីដ-១៩៕

Share.