អ្នក​ស្លាប់ម្នាក់ទៀតហើយនៅថ្ងៃនេះ ធ្វើឲ្យតួលេខអ្នកស្លាប់សរុប ១៣នាក់ ដោយសារពុលស្រាស ស្រាថ្នាំ នៅស្រុកល្វាឯម ខេត្តកណ្ដាល។ ទន្ទឹមនឹងនេះ ជនសង្ស័យចំនួន១៣នាក់ ត្រៀមបញ្ជូនទៅកាន់តុលាការ ខេត្តកណ្ដាល។

សូមចុចអាន៖មនុស្សជិត២០នាក់ ត្រូវបានហៅមកសាកសួរ ពាក់ព័ន្ធរឿងពុលស្រា ស្លាប់១២នាក់ នៅល្វាឯម

ប្រភពពីសមត្ថកិច្ច ខេត្តកណ្ដាល បានប្រាប់សារព័ត៌មានត្រយងនៅព្រឹកនេះថា ក្រោយពីការសាកសួរ ធ្វើកំណត់ហេតុ ស្ដាប់ចម្លើយ កាលពីថ្ងៃទី២០ ឧសភា ម្សិលមិញនេះ ឥឡូវនេះ សមត្ថកិច្ចបានកសាងសំណុំរឿង ជនសង្ស័យ១៣នាក់ ទៅកាន់តុលាការខេត្តកណ្ដាល នៅរសៀលនេះ ដើម្បីចាត់ការបន្ដតាមនីតិវិធីច្បាប់។

កាលពីថ្ងៃទី១០ ឧសភា មានពិធីបុណ្យសពមួយនៅភូមិតាស្គរ ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្ដាល ហើយអ្នកចូលរួមពិធីបុណ្យបានហូបស្រាស ស្រាថ្នាំ។ រំលងមួយថ្ងៃនៃការជួបជុំផឹកស៊ី មនុស្សបានពុលស្រាស្លាប់ជាបន្ដបន្ទាប់ ដោយរបាយការណ៍ចុងក្រោយ គឺមានមនុស្ស១៣នាក់ស្លាប់ ក្នុងចំណោមជនរងគ្រោះ១៩នាក់។

សូមចុចអាន៖​ គ្រោះថ្នាក់ណាស់!សូមពលរដ្ឋកុំបន្តពិសាស្រាសឬស្រាថ្នាំទៀត…

ភ្លាមៗនៃការកើតហេតុ ផ្អែកតាមបទបញ្ជា ឯកឧត្តម គង់ សោភណ្ឌ អភិបាលខេត្តកណ្ដាល និងសម្រួលនីតិវិធីដោយ ឯកឧត្តម ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត បញ្ជាដឹកនាំផ្ទាល់ ដោយលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្រ ស្នងការនគរបាលខេត្តកណ្ដាល បានបើកការស៊ើបអង្កេតស្រាវជុំវិញករណីខាងលើនេះ ហើយកំណត់បានមុខសញ្ញាមកសាកសួរ ស្ដាប់ចម្លើយ។

ទីបំផុត យ៉ាងហោចមនុស្ស១៣នាក់ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនមកកាន់តុលាការខេត្តកណ្ដាល នៅរសៀលថ្ងៃទី ២១ ខែឧសភា នេះ។

Telegram-Troryorng

ព័ត៌មានលម្អិត សារព័ត៌មានត្រយង នឹងធ្វើសេចក្ដីរាយការណ៍ជាបន្ដបន្ទាប់ជុំវិញបញ្ហានេះ។

Share.