យោងតាមការព្យាករណ៍អាកាសធាតុប្រចាំឆ្នាំលើកទី២របស់ក្រសួងធនធានទឹក និងឧតុនិយម នៅឆ្នាំនេះរដូវវស្សានឹងឆាប់ចូលមកដល់ជាបណ្ដាឆ្នាំមុនៗ ហើយរបាយទឹកភ្លៀងនឹងធ្លាក់បានល្អទូទាំងប្រទេស។ បន្ថែមពីនេះ ថ្លែងក្នុង​​បទសម្ភាសន៍ជាមួយគេហទំព័រត្រយង លោក អ៊ុំ រីណា ប្រធាននាយកដ្ឋានឧតុនិយមនៃក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា«ឆ្នាំនេះមានលក្ខណៈអំណោយផលជាឆ្នាំកន្លងទៅ ដែលយើងប្រមើលមើលទៅគឺខែវស្សានឹងមកដល់នៅដើមសប្ដាហ៍ទី១ នៃខែឧសភា ឆ្នាំ២០២២នេះ»។

លោកបានមានប្រសាសន៍ថាស្ថានភាពអំណោយផលនៃអាកាសធាតុឆ្នាំ២០២២នេះ នឹងមិនបណ្ដាលឱ្យមានកូនរដូវប្រាំងក្នុងរដូវវស្សានោះទេ ហើយថារបាយទឹកភ្លៀងច្រើននៅឆ្នាំនេះ ក៏នឹងមិនបណ្ដាលឱ្យកើតមានគ្រោះរាំងស្ងួតដូចប៉ុន្មានឆ្នាំកន្លងមកនោះដែរ ប៉ុន្តែផ្ទុយទៅវិញកម្ពុជាអាចនឹងប្រឈមជំនន់ទឹកភ្លៀង។ លោកបន្ថែមថា«សម្រាប់ឆ្នាំ២០២២នេះយើងអាចប្រឈមច្រើន ប្រឈមខ្ពស់នឹងជំនន់ទឹកភ្លៀង ជាពិសេសនៅក្នុងខែកញ្ញាតែម្ដងដែលអាចប្រឈមនឹងភ្លៀងច្រើនលើសលុប»។

សូមបញ្ជាក់ប៉ុន្មានឆ្នាំចុងក្រោយនេះ កម្ពុជាបានកើតមានគ្រោះរាំងស្ងួតនៅតាមតំបន់មួយចំនួនដោយសារតែការមកដល់យឺតនៃរដូវវស្សា។ ស្ថានភាពនេះបានបណ្ដាលឱ្យកសិករចាប់ផ្ដើមបង្កបង្កើនផលស្រូវវស្សាយឺត ខណៈអ្នកធ្វើស្រែ៣ដងក្នុងមួយឆ្នាំ និងដាំដំណាំផ្សេងៗក៏ត្រូវប្រឈមនឹងកង្វះទឹក ឬគ្រោះរាំងស្ងួត។ បន្ទាប់ពីប្រឈមនឹងគ្រោះរាំងស្ងួតកម្ពុជាក៏បានប្រឈមនឹងជំនន់ទឹកភ្លៀងផងដែរ ពិសេសខេត្តភាគខាងលិចប្រទេសតែម្ដង៕

Share.