បន្ទាប់​ពី​មាន​ការ​ភ្ញាក់​ផ្អើល​ដោយ​សារ​តែ​បុរស​ Live លក់​ផ្លែ​ឈើ​ម្នាក់​មាន​មុខ​មាត់​ស្រដៀង​នឹង​​អតីត​តារា​ចម្រៀង​ក្រុម​ EV Band ​គឺ​លោក​ សែម​ សង្វាត​ ហើយ​ដែល​ក្រោយ​មក​ត្រូវ​បាន​បញ្ជាក់​ថា​គឺ​ពិត​ជា​អតីត​តារា​ចម្រៀង​ល្បី​កាល​ពី​ជាង​២០​ឆ្នាំ​មុន​មែន​។​ ដោយ​មើល​ឃើញ​និង​​​​សរសើរ​​លោក ​សែម​ សង្វាត​ ខិតខំ​រកស៊ី​ យក​លុយ​ដែល​គេ​ជួយ​ ​ទៅ​បង្កើត​មុខរបរ​ ​មិន​ផ្ដេកផ្ដួល​លើ​ជំនួយ​​ ​ឧកញ៉ា​ ទ្រី ឌីណា​បាន​សម្រេច​ចិត្ត​ឧបត្ថម្ភ​ប្រាក់​ដើមទុន​ជូន​លោក ​​សែម​ ​សង្វាត​ ​ដើម្បី​ពង្រីក​មុខ​របរ​។

កន្លង​មក​លោក ​សែម សង្វាត​តែ​ង​តែ​លេច​ឮ​ដំណឹង​ឈឺ​ជា​បន្ត​បន្ទាប់​ដែល​មិន​អាច​ឱ្យ​លោក​បន្ត​អាជីព​ជា​តារា​ចម្រៀង​ដូច​ជា​មិត្ត​រួម​ក្រុម​បាន​ ហើយ​ដំណឹង​របស់​លោក​ក៏​បាត់​ស្ងាត់​ចេញ​ពី​សិល្បៈ​មួយ​រយៈ​ធំ​ រហូត​ទាល់​តែ​ថ្មី​ៗ​នេះ​ មាន​អ្នក​ចាប់​អារម្មណ៍​ ថា​បុរស​អ្នក​លក់​ផ្លែ​ឈើ​អនឡាញ​មាន​មុខមាត់​ដូច​​ជា​តារា​ចម្រៀង​ សែម​ សង្វាត ​តារា​ចម្រៀង​បទ ​​«​យើង​ជា​យុវវ័យ​» ​ដែល​ក្រោយ​មក​ទើប​គេ​ដឹង​ថា​ពិត​ជា​លោក​ពិត​ប្រាកដ​មែន​។

មុន​នេះ​​ឧបត្ថម្ភ​ទឹក​ប្រាក់​ដើម​ទុន​ដល់​លោក​ សែម​ សង្វាត​ ឧកញ៉ា​ ទ្រី ឌីណា ​ធ្លាប់​បង្ហោះ​សរសើរ​លោក​សែម​សង្វាត​និង​ចង់​ឧបត្ថម្ភ​ជា​ដើម​ទុន​ដល់​លោក​ រហូត​មក​ដល់​​រាត្រី​ថ្ងៃ​ទី​ ២១​ ខែ​ឧសភា​ ឆ្នាំ​២០២១​ Facebook Page របស់​ឧកញ៉ា​ ទ្រី​ ដាណា​ ដែល​មាន​ឈ្មោះ​ថា​ «ទ្រី ដាណា Dana Try »​ បាន​បង្ហោះ​ថា​បាន​ជូន​ដើម​ទុន​ដល់​លោក​ សែម​ សង្វាត​ចំនួន​ ២០០​០​ដុល្លារ​។

​«​ចិញ្ចឹម​កូន​៣​នាក់​និង​ម្ដាយ​ជរា​កុំ​ឆ្ងល់​ថា​ហេតុអ្វី​គាត់​ខំ​ប្រឹង​ទាំង​ឈឺ​ឃើញ​គាត់​ឡាយ​លក់​ផ្លែឈើ​ មើល​ទៅ​ស្គាល់​ថា​លោក​ ​សែម សង្វាត ​សមាជិក​ ​EV Band ​កាល​ជំនាន់​នោះ​ ​ខ្ញុំ​ក៏​ស្ដាប់​បទ​ពួក​គាត់​ដែរ​។ ​ស្ងាត់​ជិត​ ​២០​ឆ្នាំ​ គាត់​រកស៊ី​ខាត​នៅ​ប៉ោយប៉ែត​ ​ជំពាក់​គេ​សង​មិន​រូច​ ​ការ​កើត​កូន​កើត​ចៅ​រក​បាន​ត្រឹម​សង​គេ​។ ​ជំងឺ​ធ្វើ​ទុក្ខ​ ​មើល​លែង​ចង់​ស្គាល់​។​ ឥឡូវ​មក​ជួល​ផ្ទះ​គេ​ ​ចាប់​ផ្ដើម​រកស៊ី​លក់​ផ្លែឈើ​។ ​ឱ្យ​គេ​ទៅ​សួរ​នាំ​គាត់​ ​ដឹង​រឿង​ច្បាស់​ហើយ​ ​រឹត​តែ​អាណិត​។​ ​ជួយ​គាត់​ 2000$ ​ធ្វើ​ដើម​ទុន​ ​ពង្រីក​មុខរបរ​ ​សង្ឃឹម​ថា​គាត់​រីក​ចម្រើន​ ​ឆាប់​ជា​សះស្បើយ​ វាសនា​មនុស្ស​មិន​ដូច​គ្នា​ទេ​ តែ​មាន​ម្យ៉ាង​ត្រូវ​ចាំ​ទុក​ ​គឺ​កុំ​បោះបង់​ការ​តស៊ូ​ ​»។

Telegram-Troryorng
Share.