រមណីយដ្ឋានបែបធម្មជាតិ ជាទាក់ទាញភ្ញៀវទេសចរបំផុត ដែលមានទឹកធ្លាក់ផង ព្រៃឈើតូចធំ និងថ្មដុះតូចធំ ហើយសម្បូរ​សត្វព្រៃ ជាកន្លែង​ដ៏អស្ចារ្យ​មួយ​​ សម្រាប់​សម្រាកលំហែរកាយ នៅពេល​ចុងសប្ដាហ៍។ រមណីយដ្ឋាន​នេះ​ គឺជា ទឹកជ្រោះ អន្លង់ធំ ស្ថិតនៅក្នុងសហគមន៍​ព្រែកត្នោត ​ក្នុង​ភូមិ​ព្រែក​ក្រែង ឃុំព្រែក​ត្នោត ស្រុក​ទឹកឈូ ខេត្តកំពត។

ទឹកធ្លាក់ថ្លា អមដោយព្រៃប្រឹក្សាតូចធំ និងថ្មដុះច្រូងច្រាំង ធ្វើឲ្យទឹកត្រជាក់ស្រេប

ប្រិយមិត្តដែលមានចំណាប់អារម្មណ៍ចង់ទៅកម្សាន្ត​សម្រាកលំហែរកាយ​នៅ​ទីនេះ គឺរមណីយដ្ឋានខាងលើនេះ មាន​ចម្ងាយប្រមាណជា ៣០គីឡូម៉ែត្រ​ពីទីរួមខេត្តកំពត​ ដោយ​ធ្វើ​ដំណើរ​តាមផ្លូវ​ទៅ​កាន់​វាលរេញ​ មក​ដល់​ត្រឹម​គីឡូម៉ែត្រ​លេខ ១៧៧-១៧៨ នៅខាងស្ដាំដៃ​​នឹង​ឃើញ​ឈ្មោះវិទ្យាល័យ ហ៊ុន សែន​ ព្រែកត្នោត ហើយ​បន្ដ​ដំណើរ​តាមផ្លូវ​សាលានេះ ក្នុង​ចម្ងាយ​ប្រមាណ​ជា​ជាង​១គីឡូម៉ែត្រ នឹង​ឃើញ​ស្លាក​ឈ្មោះ​របស់​រមណីយដ្ឋាន​ទឹកធ្លាក់​អន្លង់​ធំហ្នឹងហើយ។

សហគមន៍អេកូទេសចរណ៍ព្រែកត្នោត បង្កើតឡើងក្នុងគោលបំណង ដូចជា ដើម្បីការពារធនធានធម្មជាតិនិងសត្វព្រៃ ថែរក្សា ការពារវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណីនៅក្នុងសហគមន៍ ដើម្បីលើកកម្ពស់ជីវភាពរបស់ប្រជាជនឱ្យបានប្រសើរឡើងជាងមុន ផ្លាស់ប្ដូរបទពិសោធន៍ ចំណេះដឹង គ្នាទៅវិញទៅមកជាមួយទេសចរ និងប្រជាជន ធ្វើការអភិវឌ្ឍសហគមន៍ឱ្យមានភាពរីកចម្រើននាពេលអនាគត រួមចំណែកកាត់បន្ថយភាពក្រីក្រក្នុងតំបន់ បណ្តុះបណ្តាលអប់រំដល់ប្រជាជន បង្កើនការយកចិត្តទុកដាក់លើសន្តិសុខ សុវត្តិភាព ក្នុងតំបន់ បានធ្វើឱ្យភ្ញៀវជាតិ និងអន្តរជាតិបានស្គាល់ពីសក្តានុពលទេសចរណ៍នៅក្នុងសហគមន៍ ។

រមណីយដ្ឋាន​ធម្មជាតិ​អន្លង់​ធំ​​ មានផ្ទៃដីប្រមាណជា ជិត២០០ហិកតា ត្រូវបានបង្កើតឡើង​នៅ​អំឡុង​ឆ្នាំ​ ២០០៣។​ នៅទីនេះ​​ មានការលក់ដូរ​បែបលក្ខណៈគ្រួសារ តម្លៃសមរម្យ ហើយ​ជាពិសេស​មាន​​សេវាផ្ដល់​​ដល់​ផ្ទះ សម្រាប់​ជូនភ្ញៀវ​ស្នាក់​នៅ ដោយ​ផ្ទះ​ទាំង​នោះ​ជ្រើស​រើស​យក​ផ្ទះ​ប្រជា​ពលរដ្ឋ​សហគមន៍​ទាំង​បួន​ភូមិ​ទូទាំង​ឃុំ​ តែ​ម្តង​។​

ប្រិយមិត្ត​នៅពេល​ចប់​កូវីដ១៩​ ចង់ទៅកម្សាន្ត​រមណីយដ្ឋាន​បែប​ធម្មជាតិ​នៅខេត្តកំពត​នេះ កុំភ្លេច​ឈាង​ចូល​ងូតទឹកលេង ហូប​អាហារ​ឆ្ងាញ់ៗ​បែប​គ្រួសារ នៅ​រមណីយដ្ឋាន​ទឹកធ្លាក់​អន្លង់​ធំ ស្ថិត​ក្នុង​ឃុំ​ព្រែកត្នោត ស្រុកទឹក​ឈូ ខេត្ត​កំពត៕​

Telegram-Troryorng

Share.