វណ្ណដា គឺជា​តារា​ចម្រៀង​ខ្មែរ​ទីមួយ​ដែល​បាន​ច្រៀង​ Collaboration ជាមួយ​នឹង​កំពូល​ Rapper ថៃ​ល្បីៗ​ មិន​តែ​ប៉ុណ្ណឹង​លោក​ក៏​ត្រូវ​បាន​កម្មវិធី​ប្រកួត​ចម្រៀង​រ៉ែប​ដ៏ធំ​របស់​ថៃ​ Show Me The Money Thailand អញ្ជើញ​សម្ភាសន៍​ជា​តារា​កិត្តិយស​ដើម្បី​ផ្សព្វផ្សាយ​ពី​ជីវិត​ពិត​របស់​លោក​ចែក​ជូន​អ្នក​គាំទ្រ​នៅ​ប្រទេស​ថៃ​កាន់​តែ​ស្គាល់​​តារា​ខ្មែរ​រូប​នេះ​បាន​កាន់​តែ​ច្បាស់​ថែម​ទៀត​។

កាល​ពីពេល​ថ្មីៗ​តាម​រយៈ​ផេកផ្លូវ​ការ​ Show Me The Money Thailand បាន​បង្ហោះ​វីដេអូ​ខ្លីមួយមាន​ឈ្មោះ​ថា​ «From Zero To Hero» ​ដែល​ជា​បទ​សម្ភាសន៍​លម្អិត​ពី​ខ្សែ​ជីវិត​វណ្ណដា​ មុន​នឹង​ក្លាយ​ជា​កំពូល​តារា​ចម្រៀង​រ៉ែប​លំដាប់​ប្រទេស​កម្ពុជា​។ នៅ​ក្នុង​វីដេអូ​នោះ​ម្ចាស់​បទ​ «បូកគីឡូ» បាន​រៀបរាប់​ពី​ប្រវត្តិ​តស៊ូ​ដ៏​ជូរចត់​របស់​ខ្លួន​ចាក​ចេញ​ពី​ខេត្ត​មក​ដល់​ក្រុង​ភ្នំពេញ​ដោយ​ទឹក​លុយ​ត្រឹម​តែ​ ១០០​ដុល្លារ​(៤០ម៉ឺន​រៀល)​

នៅ​ក្នុង​វីដេអូ​នោះ​វណ្ណដា បាន​ចែក​រំលែក​ឱ្យ​ដឹង​ថែម​ទៀត​ថា​ជីវិត​របស់​ខ្លួន​រស់​នៅ​ជា​មនុស្ស​អត់​ផ្ទះ​ ធ្លាប់​ឆ្លង​កាត់​ទាំង​មនុស្ស​ល្អ​និង​មនុស្ស​មិនល្អ​ជា​ច្រើន​រាប់​មិន​អស់​។ ក្នុង​នោះ​វណ្ណដា​ក៏​រំលឹក​ដល់​ពេល​ដែល​ខ្លួន​ធ្លាប់​អត់ឃ្លាន​គ្មាន​បាយ​ញ៉ាំ ប៉ុន្តែ​លោក​នៅ​ដែរ​សប្បាយចិត្ត​ព្រោះ​បាន​តាម​ចាប់​ក្ដី​សុបិន​របស់​ខ្លួន​។

វណ្ណដា​ក៏​បាន​រំលឹក​ដែរ​ថា​សម្រាប់​មនុស្ស​គ្រប់​រូប​គួរ​តែ​មាន​ក្ដី​សុបិន ហើយ​គួរ​តែ​សម្រេច​ក្ដី​សុបិន​របស់​ខ្លួន​ ថ្វី​ត្បិត​តែ​ពេល​ខ្លះ​យើង​មាន​បញ្ហា​​ ប៉ុន្តែ​ទីបំផុត​លោក​អាច​សម្រេច​បំណង​ក្លាយ​ជា​តារា​ចម្រៀង​រ៉ែប​ដូច​ក្ដី​សុបិន​។

ក្រោយ​វីដេអូ​សម្ភាសន៍​របស់​វណ្ណដា ត្រូវ​បាន​បង្ហោះ​ចែក​រំលែក​លើ​ផេក​ ចំនួន​គាំទ្រ​វីដេអូ​របស់​តារា​កម្ពុជា​ហក់​ឡើង​ខ្ពស់​ជាង​គេ​ទាំង​ Like, Comment និង​ Share បើប្រៀប​ទៅ​នឹង​វីដេអូ​ របស់​តារា​ចម្រៀង​រ៉ែប​ផ្សេង​ៗ​ដែល​ផេក​បាន​បង្ហោះ​។

អ្នក​គាំទ្រ​ទាំង​ខ្មែរ ថៃ​ អេស្ប៉ាញ អាមេរិក​ និយាយ​រួម​ហ្វេន​របស់​វណ្ណដា ទាំង​អស់​បាន​ចូលទៅ​ខមមិន​សរសើរ​នៅ​ខាង​ក្រោម​វីដេអូ​សម្ភាសន៍​របស់​អាយដល​ខ្លួន​ ដែល​ស្ដែង​ពីទឹក​ចិត្ត​ស្រលាញ់​និង​ស្ញប់ស្ញែង​របស់​តារា​ចម្រៀង​រូប​នេះ​ ពិសេស​គឺ​ការ​តស៊ូ​មាន​ត្រឹម​លុយ​១០០​ដុល្លារ​ចាកចេញ​ពី​ផ្ទះ​មក​ផ្សង​ព្រេង​នៅ​ទីក្រុង​តែ​ម្នាក់​ឯង​។

តាមពិត​កម្មវិធី​ Show Me The Money គឺជា​កម្មវិធី​ដើម​របស់​កូរ៉េ​ CJENM ដែល​ភាគី​ប្រទេស​ថៃ​បាន​ទិញ​សិទ្ធិ​យក​មក​ផលិត​នៅ​ក្នុង​ប្រទេស​ខ្លួនដាក់​ឈ្មោះ​ថា​ Show Me The Money Thailand​ ដោយ​អញ្ជើញ​តា​រា​ចម្រៀង​រ៉ែប​ល្បីៗ​មក​ធ្វើ​ជា​គណៈ​កម្មការ​ដើម្បី​កាត់​សេចក្ដី​ថា ​តើ​បេក្ខជន​មក​ប្រកួត​​រូប​ណា​មាន​សមត្ថភាព​ច្រៀង​រ៉ែប​ពិត​ប្រាកដ​ដើម្បី​ជ្រើសរើស​មក​ប្រកួត​នៅ​លើ​ឆាក​រួច​ហើយ​ចុង​ក្រោយ​អ្នក​គាំទ្រ​គឺជា​អ្នក​កាត់​សេចក្ដី​ថា​អ្នក​ណា​ស័ក្ដិសមជា​ម្ចាស់​​ជើង​ឯក​តាម​រយៈ​ការ​បោះ​ឆ្នោត​គាំទ្រ​។

វត្តមាន​សម្ភាសន៍​វណ្ណដា នៅ​ក្នុង​កម្មវិធី​បែបនេះ​ តើ​អាច​នឹង​មាន​ការ​ Surprise អញ្ជើញ​វណ្ណដា​ជា​គណៈ​កម្មការ​ពិសេស​សម្រាប់​កម្មវិធី​ដែរ​ឬក៏​យ៉ាងណា?

អត្ថបទ​ទាក់ទងនឹង​វណ្ណដា៖

ទស្សនា​វីដេអូ​សម្ភាសន៍​ពី​ខ្សែ​ជីវិត​វណ្ណដា ខាង​ក្រោម​នេះ​៖

Telegram-Troryorng
Share.