ជម្រាបសួរអ្នកអានសារព័ត៌មានត្រយង ខ្ញុំចាប់អារម្មណ៍អត្ថបទមួយ ដែលមានចំណងជើងថា គំនិតខ្ញុំ ក្នុងការកាត់បន្ថយការកកស្ទះចរាចរណ៍ ហើយខ្ញុំសូមចូលរួមបញ្ចេញគំនិតខ្ញុំខ្លះបន្ថែមទៀត ដើម្បីឱ្យទាំងអស់គ្នាជួយពិចារណា។

ខ្ញុំចង់បញ្ចញទស្សនៈថា ការជំរុញសេវាឡានក្រុងសាធារណៈពិតជាគួរតែត្រូវបានប្រឹងប្រែងបន្ថែមទៀត។ ពីដំបូងគេគួរតែផ្ដើមចេញពីមន្រ្តីរាជការសាធារណៈនៅភ្នំពេញតែម្ដង។ ខ្ញុំចង់ឱ្យក្រសួង ស្ថាប័ន អង្គភាពរដ្ឋ នៅភ្នំពេញ មានការដាក់ចេញគោលការណ៍មួយដើម្បីជំរុញឱ្យមន្រ្តីរបស់ខ្លួនកាត់បន្ថយការធ្វើដំណើរមកធ្វើការដោយមធ្យោបាយផ្ទាល់ខ្លួន ពិសេសមន្ត្រីមានរថយន្តប្រើប្រាស់។

តើអាចទេដែលក្រសួងមួយ ស្ថាប័នមួយ អង្គភាពរដ្ឋមួយ គាត់តម្រូវឱ្យមន្រ្តីរបស់ខ្លួនប្រើសេវារថយន្តក្រុងសាធារណៈយ៉ាងហោចណាស់១ថ្ងៃក្នុងមួយសប្ដាហ៍ពេលធ្វើដំណើរមកបំពេញការងារ និងពេលត្រឡប់ទៅវិញ។ បើគ្រប់ក្រសួង ស្ថាប័នរដ្ឋនៅភ្នំពេញអាចធ្វើបាន ខ្ញុំជឿថាពិតជារួមចំណែកជំរុញចលនាប្រើរថយន្តក្រុងសាធារណៈនេះ។ វាក៏អាចកាត់បន្ថយការកកស្ទះ ពិសេសការចតរថយន្តគ្មានសណ្ដាប់ធ្នាប់នៅជុំវិញបរិវេណក្រសួងស្ថាប័នរដ្ឋមួយចំនួនដែលខ្វះចំណត។

នេះជាគំនិតយោបល់ខ្ញុំទេ ខ្ញុំគិតថាបើរដ្ឋចង់ធ្វើអ្វីមួយឱ្យជោគជ័យ ឬឱ្យប្រជាពលរដ្ឋគាត់ចូលរួមគាំទ្រនោះ រដ្ឋគួរបង្កើតភាពជាគម្រូសិនឱ្យគេមើលសិន គឺមន្រ្តីរដ្ឋធ្វើឱ្យគេមើលសិន។ ឧទាហរណ៍បើសាលាក្រុងគាត់បង្កើតសេវាឡានក្រុងសាធារណៈ ត្រូវតែមន្រ្តីចំណុះរដ្ឋបាលក្រុងហ្នឹងរួមចំណែកប្រើប្រាស់សេវានេះផង។ ក្រុងក៏មិនត្រឹមតែនិយាយជំរុញៗទេ ត្រូវតែមានយន្តការជាក់លាក់ ដោយហោចណាស់ដូចខ្ញុំបានជូនគំនិតខាងលើ ឬមានវិធីអ្វីល្អជាងនេះ។

ពីខ្ញុំ សុន្ថារ៉ា រស់នៅរតនគិរី សូមអរគុណសារព័ត៌មានត្រយង នេះជាគំនិតខ្ញុំទេ ចុះអ្នកវិញ?

ប្រិយមិត្តត្រយង ដែលចង់ចែករំលែកនូវបទពិសោធល្អៗ និងស្ថានភាពសង្គមនានា ព្រមទាំងរឿងរ៉ាវស្នេហាផ្សេងៗ ក៏អាចផ្ញើអត្ថបទមកចុះផ្សាយនៅសារព័ត៌មានត្រយងបាន ដោយទាក់ទងមកតាមរយៈលេខទូរសព្ទ ភ្ជាប់នឹងតេឡេក្រាមដូចខាងក្រោមនេះ៖

  • ០១២ ៧៨៧ ៦៦៣
  • ០១២ ៥៦៧ ៤៦៨
  • ០៩៩ ៥៨៨ ៨៨០
Share.