ព្រះសីហនុ ៖ខ្មាន់កាំភ្លើងដែលបាញ់សម្លាប់យុវជនម្នាក់ នៅកណ្ដាលក្រុងព្រះសីហនុ ជិតរង្វង់មូលតោ២ កាលពី យប់ថ្ងៃទី០១ខែឧសភា ពេលនេះត្រូវបានចាប់ខ្លួនហើយពេលនេះត្រូវបានចាប់ខ្លួនហើយ បន្ទាប់ពីរត់គេចខ្លួនបានប៉ុន្មានម៉ោង ។

តាមសេចក្ដីរាយការណ៍ ករណីបាញ់សម្លាប់មនុស្សនេះ មុនដំបូងផ្ដើមចេញពីការជិះម៉ូតូស៊ីផ្លេឌឺដងដាក់គ្នា រហូតកើតជាករណីបាញ់សម្លាប់តែម្ដង កាលពីម៉ោងជាង១២យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២ ស្ថិតនៅចំណុចរង្វង់មូលតោពីរ ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ។

បើតាមប្រភពព័ត៌មាន មុនពេលកើតហេតុ គេបានឃើញម៉ូតូ២គ្រឿង ជិះស៊ីផ្លេដាក់គ្នាទៅវិញទៅមក នៅតាមបណ្តោយផ្លូវ២ធ្នូ(ផ្លូវកន្ទុយនាគ)លុះមកដល់ចំណុចរង្វង់មូលតោពីរ ។ក្រោយមកអ្នកជិះម៉ូតូទាំងពីរគ្រឿងនោះក៏បានឈប់នៅកន្លែងកើតហេតុ ដោយបានទាស់សម្ដីគ្នាបន្តិចបន្តួច ទំនងជាខឹងរឿងស៊ីផ្លេម៉ូតូឌឺដងដាក់គ្នា ។ពេលនោះជនដៃដល់ ក៏បានវាយមកលើជនរងគ្រោះហើយបានបើកកែបម៉ូតូយកកាំភ្លើងមកវាយទៅលើភាគីជនរងគ្រោះបែកក្បាលម្នាក់ ហើយក៏បន្តបាញ់ជនរងគ្រោះបណ្ដាលឱ្យស្លាប់ក្នុងថ្លុកឈាម រួចជនដៃដល់ក៏បានជិះម៉ូតូគេចខ្លួនតែម្តង ។

ក្រោយកើតហេតុភ្លាមៗនោះ កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ចុះទៅដល់កន្លែងកើតហេតុ ដើម្បីធ្វើការស្រាវជ្រាវ រហូតនៅវេលាម៉ោង ០១៖៤០នាទីរំលងអធ្រាត្រ ថ្ងៃដដែល កម្លាំងជំនាញកំណត់បានអត្តសញ្ញាណជនសង្ស័យ និងឈានដល់ការឃាត់ខ្លួនបានជនសង្ស័យម្នាក់ ឈ្មោះជិន រដ្ឋា ភេទប្រុស អាយុ៣០ឆ្នាំ ។ ចំពោះជនសង្ស័យម្នាក់ទៀត ជាជនដៃដល់បាញ់សម្លាប់ជនរងគ្រោះមានឈ្មោះ អំ ឆេកូ ជាមន្ត្រីកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានរត់គេចខ្លួនចូលក្នុងព្រៃមួយកន្លែង ។ ប៉ុន្តែលុះដល់វេលាម៉ោង៥ទៀបភ្លឺ ទើបសមត្ថកិច្ចចាប់ខ្លួនជនសង្ស័បានម្នាក់ទៀត។

បន្ទាប់មកនគរបាលខេត្តព្រះសីហនុបាននាំយុវជនពីរនាក់ដែលធ្វើដំណើររួមជាមួយជនរងគ្រោះទៅសាកសួរ។ចំណែកសពត្រូវបានក្រុមគ្រូពេទ្យដឹកយកទៅតម្កល់ទុកនៅមន្ទីរពេទ្យបង្អែកខេត្ត រង់ចាំធ្វើពិនិត្យកោសល្យវិច្ច័យរួច និងប្រគល់សពជូនសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕

Share.