យោង​តាម​គេហទំព័រ​ Variety ភាពយន្ត​បែប​គំនូរ​ជីវចល​និង​រឿង​​ជា​ស៊េរី​ពី​ ​ផលិតករ​ ​និង​ ​Creator​ ​ជនជាតិ​អាស៊ី​កាត់​អាមេរិកកាំង​នឹង​ត្រៀម​បញ្ចាំង​នៅ​លើ​ Netflix នា​ឆ្នាំ​២០២៣​ ក្នុង​នោះ​ក៏​មាន​រឿង​របស់​ Steven Chow ហៅ​ទិនហ្វី​ «សេ្ដច​ស្វា​ ស៊ុន​ អ៊ូខុង​» ​មួយ​ផង​ដែរ​។

រឿង​ «The Monkey King» (​ស្ដេច​ស្វា ស៊ុន អ៊ូខុង​) នឹង​សម្ដែង​ដោយ​ ​Jimmy O. Yang​ ​ តារា​កំប្លែង​ និង​អ្នក​និពន្ធ​ជនជាតិ​ ហុងកុង​ អាមេរិកកាំង​, Bowen Yang, Jolie Hoang-Rappaport, Jo Koy , Ron Yuan, Hoon Lee, Stephanie Hsu, Andrew Pang, Andrew Kishino, Jodi Long , James Sie និង BD Wong ជា​ដើម​​។

«The Monkey King» ​ផលិត​ចេញ​ពី​រឿង​និទាន​ដ៏​ល្បីល្បាញ​មួយ​របស់​ប្រទេស​ចិន​ «ដំណើរ​ឆ្ពោះ​ទៅ​ទិស​ខាង​លិច​» ដែល​សត្វ​ស្វា​ពិសេស​មួយ​ ប្រយុទ្ធ​ជាមួយ​ទេវតា​ បិសាច​ នាគ​និង​ភាព​ក្រអឺតក្រទម​របស់​ខ្លួន​ឯង។​ ភាព​យន្ត​នេះ​ផលិត​ដោយ​ Steven Chow សហការ​ជាមួយ​ផលិករ​ Peilin Chou ម្ចាស់​ស្នាដៃ​គំនូរ​ជីវចល​ «Over The Moon» និង ផលិតករ​ Kenda Haaland ម្ចាស់​ស្នាដៃ​ «How To Train Your Dragon 2»។​ ភាពយន្ត​ «The Monkey King» នឹង​ដឹកនាំ​ដោយ​លោក​ Anthony Stacchi ដែល​ធ្លាប់​មាន​ឈ្មោះ​តាម​រយៈ​កា​រដឹក​នាំ «The Boxtrolls»។

ទិនហ្វី​បាន​និយាយ​ថា​ «​រឿង​ស្ដេច​ស្វា​ ស៊ុន​ ​អ៊ូខុង​» ស្ថិត​នៅ​ជា​អមតៈ​ជា​ច្រើន​ជំនាន់​ព្រោះ​តែ​អត្តចរិត​និង​ចិត្ត​វិញ្ញាណ​ដែល​ខុស​ប្លែក​ពី​គេ​របស់​តួអង្គ​ ​ស៊ុន​ ​អ៊ូ​ខុង។​ ម្យ៉ាង​ទៀត​ខ្ញុំ​ពិត​ជា​រំភើប​ណាស់​ដែល​បាន​រួម​សហការ​ជាមួយ​ Tony, Peilin និង​អ្នក​គ្រប់​គ្នា​​នៅ​ Netflix នាំ​យក​នូវ​រឿង​និទាន​ដ៏​រីករាយ​មួយ​នេះ​ឱ្យ​មនុស្ស​ទូទាំង​ពិភពលោក​បាន​ទស្សនា​»​។

Telegram-Troryorng

Share.