ភាពយន្តខ្នាតធំដែលមានចំណងជើងថា «គ្រោះជីវិតកូវីដ១៩» ត្រូវបានគេដឹងថា ជាភាពយន្តជីវិតមួយដែលដកស្រង់នូវស្ថានភាពរីករាលដាលជំងឺកូវីដ១៩ មកបង្ហាញជូនមហាជនទស្សនា និងជាភាពយន្តដែលផលិតដោយផលិតកម្មកថាជ័យភាពយន្ត។

មែនទែនទៅ ភាពយន្តនេះត្រូវបានហ្វេនមើលឃើញថា មានឈុតឆាកសាច់រឿងពិតរបស់អ្នកនាង ខាត់ ឃីម ដែលត្រូវគេបោកប្រាស់អស់ប្រាក់ជិតមួយលានដុល្លារ និងត្រូវសាច់រឿងអ្នកលក់អនឡាញមួយចំនួនទៀតនៅកម្ពុជា។ តើនៅត្រង់ចំណុចណា?

បើមើលតាម Trailer ដែលទើបតែបង្ហោះនៅលើហ្វេសប៊ុករបស់កថាជ័យភាពយន្ត គេបានឃើញថា នៅនាទី 1:00 មានឈុតឆាកមួយដែលលោក ហ៊ុយ យ៉ាឡេង ត្រូវបានមេដែលខ្លួនស្រឡាញ់និយាយជាមួយឲ្យទៅគៀគររកអតិថិជនដើម្បីបណ្ដាក់ទុនរកស៊ីជាមួយ ដាក់ទុន១ម៉ឺនដុល្លារទទួលបានកាប្រាក់មកវិញ៣ពាន់ដុល្លារក្នុងមួយខែ។ ចំណែកឯលោក និងបុគ្គលិកផ្សេងទៀតនឹងទទួលបានផលចំណេញ៣០ភាគរយពីលើនឹងទៀត។ តែចុងក្រោយពេលបានលុយដល់ដៃហើយច្រើនហើយ មេលោក ហ៊ុយ យ៉ាឡេង បែរជារត់ចោលកូនចៅនិងអតិថិជនដែលខំជឿទុកចិត្តទៅចងកាលុយគេមកវិនិយោគគិតថាបានផលចំណេញច្រើនចុងក្រោយបំណុលវ័នក។

គេនៅចាំរឿងរ៉ាវអ្នកនាង ខាត់ សុឃីម បានថា អ្នកនាងចាញ់បោកគេអស់ប្រាក់ជិត ១ លានដុល្លារនេះដោយសារការទុកចិត្តគ្នា និងម្យ៉ាងទៀតដោយសារភាពលោភលន់ ចង់មានចង់បានជ្រុលពេករបស់អ្នកនាង ដែលពេលនោះ អ្ននាងយកទៅចងការប្រាក់ដើម្បីទទួលបានប្រាក់ចំណេញខ្ពស់ គឺ ១ ម៉ឺនដុល្លារ បានការប្រាក់ចំនួន ២ ពាន់ដុល្លារ ទាំងដែលទាំងអស់គ្នាគ្មានអ្វីជាការជាក់លាក់សោះឡើយ។ តើពិតទេរឿងរ៉ាវនេះមានភាពស្រដៀងគ្នាជាមួយភាពយន្តខាងលើ?

ដោយឡែក គេនៅមិនទាន់ឃើញមានការបកស្រាយណាមួយចេញពីអ្នកដឹកនាំរឿង ហ៊ុយ យ៉ាងឡេង នៅឡើយទេ ជុំវិញការលើកឡើងរបស់ហ្វេនខាងលើនេះ។ សារព័ត៌មានត្រយង កំពុងទាក់ទងសុំការបញ្ជាក់បន្ថែមពីសំណាក់លោក ហ៊ុយ យ៉ាឡេង ដើម្បីជម្រាបដំណឹងជូនហ្វេនអ្នកគាំទ្រជាបន្តទៀតនារសៀលនេះ។

ភាពយន្ត «គ្រោះជីវិតកូវីដ១៩» គ្រោងនឹងដាក់បញ្ចាំងក្នុងរោងភាពយន្តនាពេលឆាប់ៗខាងមុខ ដែលមានតារាល្បីចូលរួមសម្ដែងដូចជា យ៉ែម ស្រីពេជ្រ , ហ៊ុយ យ៉ាឡេង, សឿន វីតា , លឹម សុធាវី , លឹម រដ្ឋា , គីម ស៊ីវឡាម, ចន ច័ន្ទតារា , បូនី ផេស៊ីកា និងតារាកិត្តិយសជាច្រើនរូបទៀត។ សូមរីករាយទស្សនាវីដេអូ Trailer ខាងក្រោមនេះ៖

Share.