ចប់ហើយបម្រាមគោចរនៅត្រឹមម៉ោងសូន្យរាត្រីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១នេះ។ បើទោះជាបែបនេះក្តី ក៏អាជ្ញាធររាជធានីភ្នំពេញនៅតែហាមឃាត់ចំពោះអាជីវកម្មមួយចំនួននៅឡើយ ជាពិសេសនៅពេលយប់។

យោងតាមសេចក្តីសម្រេចរបស់រដ្ឋបាលរាជធានភ្នំពេញបានឲ្យដឹងថា បើទោះជាមានការ អនុញ្ញាតឲ្យបើកដំណើរការឡើងវិញនូវអាជីវកម្មជាច្រើនក្តី ក៏អាជីវកម្មមួយចំនួននៅតែជាប់ បម្រាមនៅឡើយ។

អាជីវកម្មដែលអាជ្ញាធរបន្តហាមឃាត់មានដូចជា៖ អាជីវកម្មក្លឹបកម្សាន្ដគ្រប់ប្រភេទ អាជីវកម្មម៉ាស្សា កាស៊ីណូ រោងភាពយន្ត រោងសម្តែងសិល្បៈ សារមន្ទីរ ក្លឹបហាត់ប្រាណ និងមជ្ឈមណ្ឌលកីឡាជាដើម។

សូមរំលឹកថា រដ្ឋបាលរាជធានីភ្នំពេញនៅថ្ងៃទី២១ខែឧសភា បានសម្រេចបិទបញ្ចប់បំរាមគោចរ និងការអនុញ្ញាតគោលការណ៍ពិសេស ចំពោះអាជីវកម្មដ្ឋានមួយចំនួនក្នុង «តំបន់លឿង» នៃភូមិសាស្ដ្ររាជធានីភ្នំពេញ គិតចាប់ពីម៉ោងសូន្យថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១នេះតទៅ។

ក្នុងសេចក្តីសម្រេចនោះបញ្ជាក់ថា គ្រប់ទីផ្សារ ភោជនីយដ្ឋាន អាហារដ្ឋាន តូបអាហារ ហាងកាហ្វេ ហាងភេសជ្ជៈ និងអាជីវកម្មដ្ឋានផ្នែកអាហារ-ភេសជ្ជៈគ្រប់ប្រភេទ អាចដំណើរការអាជីវកម្មជាប្រក្រតីនិងអាចទទួលអតិថិជនឲ្យចូលមកទទួលទានក្នុងបរិវេណអាជីវកម្មដ្ឋានឡើងវិញ។

រដ្ឋបាលរាជធានីក៏បានប្រកាសបិទបញ្ចប់ការផ្អាកការលក់គ្រឿងស្រវឹងគ្រប់ប្រភេទ ក្នុងមូលដ្ឋានរាជធានីភ្នំពេញផងដែរ។

ម្ចាស់អាជីវកម្ម ដែលបានអនុញ្ញាតឱ្យបើកដំណើរការឡើងវិញ ត្រូវអនុវត្តវិធានការសុវត្ថិភាពផ្នែកសុខាភិបាលឱ្យបានម៉ឺងម៉ាត់ ជាអាទិ៍ កាតព្វកិច្ចពាក់ម៉ាស កាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ការធ្វើអនាម័យដើម្បីសម្លាប់មេរោគ ការវាស់កម្ដៅ ការស្កេន QR Code និងត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសត្រូវប្រកាន់ខ្ជាប់ជានិច្ចនូវវិធានការ «៣ការពារ និង៣កុំ» ៕

May be an image of text
May be an image of text
No photo description available.
Share.