ជាផ្លូវការ ស្ថាប័នកញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជា ឬ Miss Grand Cambodia បានប្រគល់មកុដមាសដែលមានតម្លៃ 30,000 ដុល្លារ ( បីម៉ឺនដុល្លារសហរដ្ឋអាមេរិក ) ជូនបវរកញ្ញា ប៉ូ គឹមថេងសុតធីតា ជាកម្មសិទ្ធិផ្ទាល់ខ្លួនចាប់ពីថ្ងៃទី ៧ ខែឧសភា ឆ្នាំ ២០២២នេះតទៅ។ ហើយស្ថាប័នមួយនេះ ក៏ត្រៀមបង្ហាញមកុដថ្មីដ៏អស្ចារ្យតម្លៃ ២៥ ម៉ឺនដុល្លារ សម្រាប់បេក្ខភាពបវរកញ្ញាជ័យលាភីនៅឆ្នាំ២០២២នេះ។

នៅពេលបានទទួលមកុដតម្លៃ ៣ម៉ឺន ដុល្លារសហរដ្ឋអាមេរិកនៅក្នុងដៃ បវរកញ្ញា ប៉ូ គឹមថេងសុតធីតា បានទម្លាយអារម្មណ៍ថា ៖ «ទឹកភ្នែករយលានដំណក់ដែលស្រក់ចុះមកដោយក្តីរំភើបជាថ្មីម្តងទៀត ដោយសារតែទទួលបានដំណឹងពីស្ថាប័ន Miss Grand Cambodia ដែលនិងផ្តល់ម្កុដមាសដ៏ប្រណិតនេះសំរាប់នាងខ្ញុំដាច់ ឱ្យនិយាយបែបណាទើបត្រូវនិងទំហំចិត្តមួយនេះ ឱ្យអរគុណបែបណាទើបសមនិងអ្វីដែលពួកគាត់ផ្តល់ឱ្យមិនមានអ្វីនិយាយក្រៅពីពាក្យអរគុណ»។

កញ្ញាបានបន្តថា « អរគុណជាធំធេងដល់លោកពូ អ៊ិន សុភិន សម្រាប់ការផ្តល់តំលៃ អរគុណក្រុមកាងារមហាហង្សដែលតែងតែលំបាកជាមួយគ្នា។ អរគុណប៉ាម៉ាក់ដែលតែងតែធ្វើជាថ្នាំកម្លាំងរបស់កូន អរគុណបងៗដែលតែងតែជួយពីក្រោយខ្នងពីការជោគជ័យមួយនេះ ទាំងសំលៀកបំពាក់ ការធ្វើខ្លួន ដំបូន្មាន ចំនេះដឹងគ្រប់យ៉ាង។ ជាចុងក្រោយបំផុតនោះអរគុណដល់បណ្តាអ្នកគាំទ្រទាំងអស់គ្នា បើមិនមានអ្នកទាំងអស់គ្នាសុធីតាក៏មិនមានថ្ងៃនេះដែរ។ ពាក្យអរគុណដ៏ធំធេងមួយនេះ ខ្ញុំ សុធីតា សុំធ្វើការអរគុណពីចំងាយជូនទៅដល់មនុស្សគ្រប់គ្នាដែលមានចំនែកនៅក្នុងការជួយដល់នាងខ្ញុំទាំងអស់គ្នា ខ្ញុំស្រលាញ់ពុក ម៉ែ បងប្អូនទាំងអស់គ្នាខ្លាំងណាស់ »។

ជាការពិតណាស់ បវរកញ្ញា ប៉ូ គឹមថេងសុតធីតា គឺជាស្ត្រីកម្ពុជាដំបូងដែលទទួលបានមកុដមាសពីស្ថាប័ន MGC ហើយផ្លែផ្កានៃការលះបង់របស់កញ្ញាបាននាំជោគជ័យមកកាន់ប្រទេសកម្ពុជា ។ យ៉ាងណាមិញ Miss Grand Cambodia 2022 គ្រោងនឹងដំណើរការប្រកួតនាពេលឆាប់ៗខាងមុខនេះ និងផុតកំណត់ថ្ងៃដាក់ពាក្យ ថ្ងៃទី 15 ខែ កក្កដា ឆ្នាំ ២០២២ ខាងមុខនេះហើយ!។

Share.