ប៉ុន្មានម៉ោងក្រោយព្រះករុណាជាម្ចាស់ជីវិតលើត្បូង ត្រាស់បង្គាប់ផ្ដល់គោរមងារជូនឯកឧត្តម ហ៊ុន ណេង ជា «សម្ដេច ឧត្តមទេពញាណ ហ៊ុន ណេង» សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងត្រូវជាប្អូនប្រុសបន្ទាប់របស់សម្ដេចឧត្តមទេពញាណ បានសរសេរសារប្រកបដោយមនោសញ្ចេតនាឈាមខាប់ជាងទឹកទៅកាន់សម្ដេចបងដែលបានអនិច្ចកម្មទៅហើយ កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២។

ភ្ជាប់ដោយរូបភាពព្រះរាជក្រឹត្យផ្ដល់គោរមងារជូនសម្ដេចឧត្តមទេពញាណ និងរូបថតអនុស្សាវរិយ៍ជាមួយសម្ដេចបង សម្ដេចតេជោ ហ៊ុន សែន បានសរសេរសារក្នុងន័យដើមថា « បងប្រុសទោះបីបងបានចែកឋានទៅហើយក្តីតែកេរ្តិ៍ឈ្មោះរបស់បងបានស្ថិតនៅជាមួយជាតិ សាសនានិងព្រះមហាក្សត្រជានិច្ច។ មុននេះបន្តិចព្រះមហាក្សត្រជាទីគោរពសក្ដារះរបស់យើងបានប្រោសប្រទាននូវគោរមងារសម្រាប់បងគឺជា (សម្តេចឧត្តមទេពញាណហ៊ុន ណេង)»។

សម្ដេចប្រមុខរាជរដ្ឋាភិបាល ក៏បានរំលឹកដល់អនុស្សាវរិយ៍មួយដែលបងប្អូនប្រុសទាំងពីរធ្លាប់ចូលរួមធ្វើសកម្មភាពដើម្បីបុព្វហេតុគាំទ្រព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ដែលត្រូវធ្វើរដ្ឋប្រហារដោយសេនាប្រមុខ លន់ ណុល ក្នុងន័យសេចក្ដីថា «តើបងនៅចាំទេ គឺក្បែរកន្លែងតំកល់សពបងនេះហើយដែលបងនិងខ្ញុំចូលរួមធ្វើបាតុកម្មប្រឆាំងពួកធ្វើរដ្ឋប្រហារនិងទាមទារប្រគល់តំណែងថ្វាយសម្តេចឪយើងវិញកាលពីថ្ងៃ២៣មិនា១៩៧០ ដែលពេលនោះបងអាយុ២០ឆ្នាំ ឯខ្ញុំអាយុ១៨ឆ្នាំ»។

ភ្ជាប់ដោយអនុស្សាវរិ៍ធ្វើបាតុកម្មដើម្បីការពាររាជានិយម ការពារអង្គសម្ដេចឪ សម្ដេចតេជោ ក៏បានបន្តលើកឡើងអំពីបុព្វហេតុ និងឧត្តមគតិរបស់ក្រុមគ្រួសារសម្ដេចថា «ត្រកូលហ៊ុនរបស់យើងគ្រប់ជំនាន់តាំងពីជីដូនជីតា ឪពុកម្តាយយើងរហូតដល់ខ្លួនយើងតែងមានការស្មោះត្រង់ចំពោះព្រះមហាក្សត្រចំពោះរាជបល្ល័ង្គនិងរបបរាជានិយម។ ប្អូនជឿជាក់ថាកូនចៅយើងទាំងអស់នឹងដើរតាមផ្លូវដែលយើងបានដើរកន្លងមកដោយធានាដល់កិច្ចការពាររបបរាជានិយមការពារព្រះមហាក្សត្រនិងព្រះរាជបល្ល័ង្កដោយការស្មោះត្រង់៕

Share.