ម៉ែរបស់យើង មានន័យច្រើនបែបច្រើនយ៉ាងណាស់ តែប្រយោគឬអត្ថន័យសំខាន់ដែលមនុស្សទូទៅស្គាល់យ៉ាងច្បាស់គឺ «អ្នកផ្ដល់ជីវិតឬស្ត្រីដែលផ្ដល់កំណើតការពារថែរក្សាការពារកូនៗ» នៅក្នុងសង្គមបានផ្ដល់តម្លៃដល់ស្ត្រីជាភេទមាតា ដោយប្រើប្រាស់ពាក្យមេ ហៅចំពោះមនុស្សដែលមានឋានៈខ្ពស់ ដូចជា មេក្រុម មេភូមិ មេឃុំ មេស្រុក មេទាហាន មេប៉ូលីស ។ល។ ពាក្យអ្នកម្ដាយពីរម៉ាត់នេះ គឺជាពាក្យដ៏សែនមានន័យសម្រាប់កូនៗ គ្រប់គ្នា។ 

ម៉ែរបស់ខ្ញុំ … តាមគំនិតខ្ញុំ … ម៉ែខ្ញុំ គឺជាមនុស្សម្នាក់ដែលព្រមលះបង់ខ្លួន និង ឧទ្ទិសខ្លួនសម្រាប់កូនៗគ្រប់គ្នា ម៉ែខ្ញុំជាអ្នកដែលនៅក្បែរចាំជួយមើលថែកូនតាំងពីកើតរហូតដល់កូនធំដឹងក្ដី។ ក្ដីស្រលាញ់របស់ម៉ែខ្ញុំ គឺជាសេចក្ដីស្រលាញ់ដ៏បរិសុទ្ធ រកអ្វីៗមកប្រៀបធៀបមិនបានឡើយ។ ម៉ែខ្ញុំ សុខចិត្តលំបាកវេទនា ដើម្បីធ្វើយ៉ាងណាឲ្យកូនៗធំធាត់ឡើងប្រកបដោយគុណភាព និងជាធនធានដ៏មានគុណប្រយោជន៍របស់សង្គម។ 

មិនថាកូនខុសឆ្គងខ្លាំងកម្រិតណា ប៉ុន្តែម៉ែខ្ញុំគឺជាមនុស្សតែម្នាក់គត់ដែលយល់ព្រមអភ័យនិងលើកទោសឲ្យកូនដោយគ្មានល័ក្ខខ័ណ្ឌ។ 

ស្ត្រីតែម្នាក់ដែលមិនធ្លាប់ស្អប់ខ្ពើម ឬរើសអើងកូន មិនថាកូនកើតមកមុខមាត់បែបណា រាងកាយគ្រប់៣២ឬអត់? ម៉ែខ្ញុំនឹងនៅក្បែរកូនមើលថែកូន ទាំងពេលឈឺ និងទាំងពេលជា។ ម៉ែខ្ញុំ តែងតែជាទីប្រឹក្សាចាំផ្ដល់កម្លាំងចិត្តឲ្យកូន ចាំពន្យល់ណែនាំកូន ផ្ដល់ឲ្យកូននូវអ្វីដែលល្អបំផុតជានិច្ច។

ម៉ែខ្ញុំ…ម៉ែរបស់យើងគ្រប់គ្នា… កុំភ្លេចប្រាប់ម៉ែថាយើងស្រលាញ់គាត់ និង នឹកដល់គាត់ (បើសិនជានៅឆ្ងាយពីគាត់)

កុំភ្លេចសួរនាំម៉ែ ពិសារបាយឬនៅ? ពេលនេះកំពុងធ្វើអ្វី? ហត់ទេ? សុខសប្បាយឬអត់? ចូរយកចិត្តទុកដាក់មើលថែសួរនាំម៉ែជានិច្ចព្រោះថ្ងៃណាមួយម៉ែអាចនឹងមិនបាននៅក្បែរអ្នក។ សូមកូនៗទាំងអស់ កុំភ្លេចស្រលាញ់ បារម្ភ និង គោរពអ្នកម្ដាយជានិច្ចណា។ នេះគឺជាគំនិតខ្ញុំ ចុះអ្នកវិញ? 

Share.