រូបភាពតំណាង

ក្នុងនាមជានិស្សិត និងជាប្រជាពលរដ្ឋមួយរូប នាងខ្ញុំសូមសម្ដែងក្ដីរំភើបត្រេកអរជាពន់ពេកនៅពេលបានទទួលដំណឹងថារាជរដ្ឋាភិបាលកម្ពុជាយើងសម្រេចសិក្សាលើគម្រោងដ៏មហិមារមួយ គឺជីកព្រែកធំភ្ជាប់ពីទន្លេបាសាក់ស្ថិតក្នុងភូមិសាស្រ្តស្រុកស្អាងខេត្តកណ្ដាលឆ្ពោះទៅកាន់សមុទ្រកែបភាគនិរតីនៃប្រទេស។

នាងខ្ញុំមិនយល់ដឹងស៊ីជម្រៅអ្វីច្រើនទេអំពីគម្រោងនេះ ប៉ុន្តែនាងខ្ញុំបានសង្កេតឃើញមិត្តភក្ដិមួយចំនួន និងមតិខ្លះបានសើចចំអរទៅវិញចំពោះផែនការជាតិមួយនេះ។ នាងខ្ញុំក៏មិនហ៊ានថាពួកគាត់បញ្ចេញទស្សនៈពុំត្រឹមត្រូវដែរ ប៉ុន្តែនាងខ្ញុំហាក់ទទួលអារម្មណ៍ថាកម្ពុជាយើងកំពុងហក់ឆ្ពោះទៅកាន់រដ្ឋមួយដែលកាន់តែអាចធ្វើបាននូវគម្រោងធំៗដែលប្រទេសរីកចំរើនគេធ្លាប់បានធ្វើ។

ច្បាស់ណាស់ គម្រោងនេះមិនមែនជាគម្រោងស្រមើលស្រមៃ ឬដេកយល់សប្ដក៏នឹកឃើញនោះទេ នាងខ្ញុំជឿថារាជរដ្ឋាភិបាលដែលមានសម្ដេចពុក ហ៊ុន សែន ជានាយករដ្ឋមន្រ្តី និងមានឯឧត្តម ស៊ុន ចាន់ថុល ជាសេនាធិការក្នុងនាមរដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ពិតជាបានគិតគូរល្អិតល្អន់ណាស់មុននឹងសម្រេចលើកយោបល់ និងអនុញ្ញាតឱ្យសិក្សាគម្រោងយក្សានេះ។

តាមដែលនាងខ្ញុំដឹងខ្លះៗ មានប្រទេសជាច្រើនបានសម្រេចជីកព្រែកដើម្បីភ្ជាប់ផ្លូវទឹកពីទន្លេទៅសមុទ្រ ពីសមុទ្រទៅទន្លេ ពីទន្លេទៅទន្លេ ឬពីសមុទ្រទៅសមុទ្រជាដើម។ ជាក់ស្ដែងមានព្រែកជីកស៊ុយអ៊ែត ដែលបំរើឱ្យវិស័យដឹកជញ្ជូនទំនិញដ៏មានសក្ដានុពលមួយលើពិភពលោក ពីព្រោះវាបានកាត់បន្ថយការចំាណាយធនធាន និងពេលវេលាពីការដែលនាវាធ្លាប់តែត្រូវបើកបរវៀងឆ្ងាយ។

ត្រឡប់មកព្រែកជីកយើងវិញ ប្រសិនបើគម្រោងភ្ជាប់ផ្លូវទឹកពីទន្លេបាសាក់ទៅសមុទ្រកែបចេញជារូបរាងមែន នាងខ្ញុំជឿថាយើងនឹងសំណេញច្រើនណាស់។ តាមកម្រិតយល់ដឹងរបស់រូបនាងខ្ញុំផ្ទាល់ យើងនឹងចំណេញពេលវេលា និងធនធានចំណាយថ្លៃដឹកជញ្ជូនទំនិញដែលធ្លាប់ទៅសមុទ្រតាមផ្លូវទឹកទន្លេមេគង្គឆ្ពោះទៅប្រទេសវៀតណាម, យើងនឹងកាត់បន្ថយបានការកកស្ទះ​ និងគ្រោះថ្នាក់ចរាចរណ៍ ដោយរថយន្តធុនធំធ្លាប់ដឹកទំនិញលើដងផ្លូវទៅកាន់កំពង់ផែសមុទ្រ, យើងនឹងអាចបង្កើតកញ្ចប់ធ្វើដំណើរតាមផ្លូវទឹក ឬទេសចរណ៍ទៀតផង។

នេះជាមតិយោបល់នាងខ្ញុំទេ ចុះអ្នកវិញ?

ពីនាងខ្ញុំ សម្ពស្ស ពុទ្ធិម៉ា រស់នៅភ្នំពេញ

ប្រិយមិត្តត្រយង ដែលចង់ចែករំលែកនូវបទពិសោធល្អៗ និងស្ថានភាពសង្គមនានា ព្រមទាំងរឿងរ៉ាវស្នេហាផ្សេងៗ ក៏អាចផ្ញើអត្ថបទមកចុះផ្សាយនៅសារព័ត៌មានត្រយងបាន ដោយទាក់ទងមកតាមរយៈលេខទូរសព្ទ ភ្ជាប់នឹងតេឡេក្រាមដូចខាងក្រោមនេះ៖

  • ០១២ ៧៨៧ ៦៦៣
  • ០១២ ៥៦៧ ៤៦៨
  • ០៩៩ ៥៨៨ ៨៨០
Share.