យោង​តាម​គេហទំព័រ​ USA TODAY ព្រះអង្គ​ម្ចាស់​ Harry បាន​ទម្លាយ​ឱ្យ​ដឹង​​តាម​រយៈ​​បទ​សម្ភាស​ពី​ក្នុង​​ភាពយន្ត​ឯកសារ​​ «The Me You Can’t See» ដែល​ជា​ស្នាដៃ​ផលិត​រួម​គ្នា​ជាមួយ​នឹង​ពិធីការិនី​ល្បី​ Oprah winfrey ថា​ទ្រង់​កើត​ជំងឺ​ភ័យ​ខ្លាច​ក្រោយ​ឃើញ​មាតា​ទ្រង់​ត្រូវ​បាន​ក្រុម​អ្នក​កាសែត​​តាម​ប្រមាញ់​ រហូត​ដល់​ថ្ងៃ​មួយ​ត្រូវ​បាត់​បង់​ជីវិត​ក្នុង​គ្រោះ​ថ្នាក់​រថយន្ត​ តែ​ទ្រង់​មិន​អាច​ជួយ​អ្វី​បាន​។ មរណភាព​រ​បស់​មាតា​បាន​ធ្វើ​ឱ្យ​ព្យាយាម​រត់​គេច​ពី​បញ្ហា​ហើយ​ព្យាយាម​ដើរ​ទៅ​មុខ​​។​នៅ​ពេល​មានអ្នក​ណា​សួរ​ទ្រង់​ថា​សុខ​សប្បាយ​ទេ​ ទ្រង់​តែ​តែ​ឆ្លើយ​ថា ​​សុខ​ គ្មាន​សប្បាយ​ គ្មាន​កើត​ទុក្ខ​ ទាំង​ដែល​ការ​ពិត​ទ្រង់​មាន​បញ្ហា​ផ្លូវ​ចិត្ត​យ៉ាង​ធ្ងន់​ធ្ងរ​។​​​

នៅ​ក្នុង​ឯកសារ​នោះ​បាន​បង្ហា​ញ​ថា​​ទ្រង់​រង​ការ​ប៉ះទង្គិច​និង​តក់ស្លុត​ខ្លាំង​ជា​ពិសេស​នៅ​អាយុ​ខ្ទង់​២០​ឆ្នាំ​ នៅ​ពេល​ដែល​ទ្រង់​ត្រូវ​បំពេញ​កាតព្វកិច្ច​រាជការ​​ក្នុង​នាម​ជា​ព្រះ​ញាតិ​វង្ស​​។

«រាល់​ពេល​ខ្ញុំ​ឡើង​ទៅ​លើ​ឡាន​ រាល់​ពេល​ដែល​ខ្ញុំ​ឃើញ​កាំមេរ៉ា​ ខ្លួន​ខ្ញុំ​ចាប់​ផ្ដើម​បែក​ញើស​ ហើយ​ចាប់​ផ្ដើម​ខ្លាច​ ហើយ​ហេតុការណ៍​បាន​ក្លាយ​ជា​សុបិន​អាក្រក់​សម្រាប់​ជីវិត​ខ្ញុំ​ ខ្ញុំ​រស់​នៅ​ជីវិត​ដែល​ត្រូវ​ប្រយុទ្ធ​ឬ​រងចាំ​ការ​ប្រយុទ្ធ​ជា​និច្ច​»។

ដើម្បី​គេច​ពី​ការ​ឈឺ​ចាប់​ទ្រង់​ចាប់​ផ្ដើម​ ដើរ​លេង​ជប់​លាង​ផឹក​ស៊ី​ និង​លេង​ថ្នាំ​។ «ខ្ញុំ​ចាប់​ផ្ដើម​ចង់​ផឹក​ ចាប់​ផ្ដើម​ប្រើ​ថ្នាំ​ ហើយ​ចាប់​ផ្ដើម​ធ្វើ​សកម្មភាព​ដែល​ធ្វើ​ឱ្យ​ខ្ញុំ​មាន​អារម្មណ៍​មិន​មែន​ជា​ខ្លួន​ ប៉ុន្តែ​បន្តិច​ម្ដង​ៗ​ខ្ញុំ​ចាប់​ផ្ដើម​ដឹង​ខ្លួន​ អូខេ​ ខ្ញុំ​ឈប់​ផឹក​ពី​ចន្ទ​ដល់​សុក្រ​ទៀត​ហើយ​ តែ​មួយ​សប្ដាហ៍​ខ្ញុំ​​ប្រហែល​ជា​ផឹក​មួយ​ថ្ងៃ​គឺ​នៅ​ថ្ងៃ​សុក្រ​ឬ​នៅ​ថ្ងៃ​សៅរ៍​ពេល​យប់​។​ ខ្ញុំ​រក​ឃើញ​ខ្លួន​ឯង​ ខ្ញុំ​ផឹក​ស្រា​មិនមែន​ខ្ញុំ​សប្បាយ​នឹង​ការ​ផឹក​នោះ​ទេ​ តែ​ខ្ញុំ​ផឹក​ដើម្បី​បិទ​កុំ​ឱ្យ​នឹកនា​រឿង​ផ្សេង​»

ក្នុង​ជីវិត​ជា​ព្រះអង្គ​ទ្រង់​មិន​ដែល​មាន​ក្ដី​សុខ​ឡើយ​ តែ​ទ្រង់​រីករាយ​បំផុត​គឺ​រយៈ​ពេល​១០​ឆ្នាំ​ដែល​ទ្រង់​បំរើ​កង​ទ័ព​​ព្រោះ​គ្រប់​គ្នា​ចាត់​ទុក​ទ្រង់​ជា​មនុស្ស​ធម្មតា​ម្នាក់​។ ព្រះ​អង្គ​ម្ចាស់​ Harry មាន​បន្ទូល​ថា​ទ្រង់​បាន​ទៅ​ព្យាបាល​ជំងឺ​ផ្លូវ​ចិត្ត​នៅ​ពេល​ដែល​ទ្រង់​ចាប់​ផ្ដើម​ទាក់ទង​ Meghan ព្រោះ​នៅ​ពេល​ដែល​អ្នក​ទាំង​ពីរ​ឈ្លោះ​ទាស់ទែង​គ្នា​ Harry កាល​ពី​អាយុ​១២​ឆ្នាំ​បាន​ត្រលប់​មក​វិញ​ ហើយ​នោះ​ក៏​ជា​ចំណុច​ចាប់​ផ្ដើម​ដែល​ទ្រង់​ត្រូវ​​ការ​ព្យាបាល​។

«នៅ​ពេល​ដែល​ខ្ញុំ​ចាប់​ផ្ដើម​ព្យាបាល​នៅ​លើក​ទីពីរ​គ្រូពេទ្យ​បាន​និយាយ​មក​កាន់​ខ្ញុំ​ថា ខ្ញុំ​មាន​អារម្មណ៍​ថា​ទ្រង់​វិល​ទៅ​រក​ Harry អាយុ​១២​ឆ្នាំ​វិញ​។ ពេល​នោះ​ខ្ញុំ​មាន​អារម្មណ៍​ខ្មាស​អៀន​ ទើប​ឆ្លើយ​ការពារ​ខ្លួន​ថា​ ម៉េច​ក៏​អ្នក​ឯង​ហ៊ាន​ហៅ​ខ្ញុំ​ថា​ជា​ក្មេង​។ ពេល​នោះ​អ្នក​គ្រូពេទ្យ​បាន​និយាយ​មក​កាន់​ខ្ញុំ​ថា​ ខ្ញុំ​អាណិត​និង​ស្រណោះ​ចំពោះ​ទ្រង់​ ចំពោះ​សោកនាដកម្ម​ដែល​ទ្រង់​ជួប​ប្រទះ​កាល​ពី​ក្មេង​។ ហើយ​នោះ​គឺ​ជា​ចំណុច​ចាប់​ផ្ដើម​របស់​ខ្ញុំ​ ខ្ញុំ​ស្ទើរ​តែ​ជាប់​គាំង​ទៅ​ក្នុង​ការ​គិត​មួយ​នឹង​អស់​មួយ​ជីវិត​ប្រសិន​បើ​ខ្ញុំ​បន្ត​រស់​នៅ​ក្នុង​រាជវាំង​ជាមួយ​នឹង​ព្រះ​ញាតិវង្ស​​»។

នៅ​ក្នុង​វីដេអូ​ឯកសារ​នោះ​ក៏​មាន​សម្ភាស​តារា​ចម្រៀង​ Lady Gaga ដែល​នឹង​មក​និយាយ​អំពី​រឿង​ដែល​ត្រូវ​ផលិតករ​តន្ត្រី​បំពាន​ផ្លូវ​ភេទ​កាល​ពី​អាយុ​១៩​ឆ្នាំ​ រហូត​ធ្វើ​ឱ្យ​នាង​មាន​ទម្ងន់​ថែម​ទៀត​។​

រឿងរ៉ាវ​គ្រប់​យ៉ាង​ពាក់ព័ន្ធ​នឹង​ជំងឺ​ផ្លូវ​ចិត្ត​ បញ្ហា​ផ្លូវ​ចិត្ត​ដែល​បុគ្គល​ល្បី​ៗ​និង​តារា​ល្បី​បាន​ជួប​ប្រទះ​នឹង​ត្រូវ​បាន​ទម្លាយ​យ៉ាង​ក្បោះក្បាយ​នៅ​ក្នុង​កម្មវិធី​វីដេអូ​ឯកសារ​ «The Me You Can’t See» លើ​កញ្ចក់​ទូរទស្សន៍​ Apple TV+

Telegram-Troryorng
Share.