កន្លង​មក​អ្នក​គាំទ្រ​មើល​ឃើញ​ថា​​ នេនទុំ​ ខិត​ខំ​ប្រឹងប្រែង​ណាស់​ មិន​ថា​អាជីព​សិល្បៈ​ឬ​ក៏​អាជីវកម្ម​នោះ​ឡើយ​។ យ៉ាង​ណា​មិញ​ការ​ខិតខំ​ប្រឹងប្រែង​របស់​អ្នក​កំលោះ​រូប​នេះ​មិន​បាន​យក​ទៅ​ទិញ​រថយន្ត​ ទិញខុនដូ ដើម្បី​​បាន​ប្រើប្រាស់​ជីវិត​ហ៊ឺហារ​បែប​អភិជន​ឡើយ​ ប៉ុន្តែ​​​យក​ប្រាក់​នេះ​ទៅ​បំពេញ​ក្ដី​ស្រមៃ​ជូន​អ្នក​ម្ដាយ​។

តារា​ចម្រៀង​រ៉ែប នេនទុំ បាន​ហក់លោត​លេង​ក្នុ​ងពិភព​សិល្បៈ​មួយ​រយៈ​ធំ​ហើយ​ ថ្វី​ត្បិត​តែ​មិនមាន​ឈ្មោះ​បោះ​សំឡេង​ខ្លាំង​ ប៉ុន្តែ​កេរ្តិ៍​ឈ្មោះ​របស់​តារា​រូប​នេះ​ចាត់​ទុក​ថា​ល្អបង្គួរ​និង​មាន​ទស្សនិកជន​ស្គាល់​លោក​ច្រើន​។ ក្រោយ​​ផ្ទុះ​រីករាលដាល​ជំងឺ​កូវីដ​-១៩ ធ្វើ​ឱ្យ​ពិភព​សិល្បៈ​ ចម្រៀង​ ភាពយន្ត​ជាប់​គាំង តារា​ៗ​បែកខ្ញែក​គ្នា​​រក​មុខ​របរ​ថ្មី​រៀង​ៗ​ខ្លួន​ដើម្បី​រក​ដង្ហើម​រស់​។ មួយ​​រយៈ​​ចុង​ក្រោយ​គេ​មើល​ឃើញ​ថា​​ នេនទុំ​ បាន​ប្រឹងប្រែង​លក់​ផលិតផល​ទាំង​អាហារ​និង​សំលៀកបំពាក់​​នៅ​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​ រហូត​មាន​អ្នក​ខ្លះ​ឆ្ងល់​ថា​តារា​រូប​នេះ​ប្រឹង​រក​លុយ​ច្រើន​ដើម្បី​អ្វី​?

ពេល​នេះ​រាល់​ចម្ងល់​ទាំង​អស់​របស់​សាធារណជន​ត្រូវ​បាន​លាត​ត្រដាង​ ព្រោះ​ការ​ខិតខំប្រឹង​ប្រែង​របស់​តារា​រូប​នេះ​បាន​ចេញ​ជា​រូបរាង​ហើយ​គឺសាង​​សង់​ហាង​ (រមណីយដ្ឋាន​ផ្ទះ​អ្នក​ម៉ែ)​ ​ជូន​អ្នក​ម្ដាយ​ ស្ថិត​នៅ​ទីតាំង​ ភូមិជើង​វត្ត សង្កាត់​វិហារលួង ក្រុងសួង ខេត្ត​ត្បូង​ឃ្មុំ​ និង​ធ្វើ​ពិធី​សម្ពោធ​កាល​ពី​ថ្ងៃ​ទី​០៩ ខែ​ឧសភា ឆ្នាំ​២០២២ ម្សិលមិញ​នេះ​។

រមណីយដ្ឋាន​ផ្ទះ​​​ម៉ែ​នេះ​ បាន​ចំណាយ​ពេល​សាងសង់​អស់​រយៈ​ពេល​២០​ខែ​ គឺ​ជា​កម្លាំង​ញើស​ឈាម​របស់​ នេនទុំ​ ធ្វើ​ជូន​ដល់​អ្នក​ម្ដាយ​ សូម្បី​តែ​ឈ្មោះ​រមណីយដ្ឋានផ្ទះ​អ្នក​ម៉ែ​ ក៏​​បាន​សបង្ហាញ​ឱ្យឃើញ​ថា​កូន​កតញ្ញូ​រូប​នេះ​ស្រលាញ់​និង​គោរព​ម្ដាយ​ខ្លួន​កម្រិត​ណា​។

នៅ​ក្នុង​ថ្ងៃ​សម្ពោធ​នោះ​ឃើញ​មាន​តារា​ចម្រៀង​ និង​ជា​ថៅកែការ៉ាស់​ឡាន លោក​ អ៊ីណូ​ បាន​ទៅ​ចូលរួម​ក្នុង​ពិធី​សម្ពោធ​នា​ក្រុងសួង ទឹក​ដី​ត្បូង​ឃ្មុំ​ផង​ដែរ​៕

Share.