ក្រោយជួបទុកលំបាកផ្ទួនៗគ្នា តារាកំប្លែង ផេន ខេក ហាក់ដូចគ្មានព្រលឹងក្នុងខ្លួននោះទេ នាងអង្គុយសំកុកម្នាក់ឯង ហើយពេលខ្លះមិនព្រមបាយទឹកនោះទេ ដូចជាមនុស្សកំពុងមានវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរ នេះបើតាមការទម្លាយឱ្យឃើញនៅលើហ្វេសប៊ុក។

ផេន ខេក ជំពាក់បំណុលគេសរុប ១៥ ម៉ឺនដុល្លារ ដោយនាងអះអាងថា លុយទាំងអស់នោះ មិនបានយកមកបំពាក់បំប៉នភាពហ៊ឺហារហាយសូនៅលើខ្លួនប្រាណនោះទេ ហើយក៏មិនមែនដើម្បីបំប៉នស្វាមីនោះដែរ ពោលគឺ លុយទាំងអស់នោះ ត្រូវបានខ្ចីយកមកបង្វិលក្នុងគម្រោងរកស៊ី បង្កើតប្រេនដ៍ផលិតផលពីប្រទេសថៃ។

បើទោះជាផុងខ្លួនក្នុងបំណុលជាច្រើនខ្ទង់ម៉ឺនដុល្លារក៏ដោយ ក៏ប៉ុន្តែ ផេន ខេក មិនបានរត់គេចពីម្ចាស់បំណុលនោះទេ នាងបានប្រឈមមុខគ្រប់យ៉ាងជាមួយម្ចាស់បំណុល ​និងរកដំណោះស្រាយ សុំឱ្យម្ចាស់បំណុលជួយទុកពេលឱ្យនាង ដើម្បីធ្វើការងាររកប្រាក់មកសងបំណុលវិញ។

ផេន ខេក ត្រូវបានម្ចាស់បំណុលមិនបន្ថូរបន្ថយដៃឱ្យនោះទេ ថែមទាំងចេញមកទម្លាយពីជំពាក់វ័ណ្ដក និងចេញសែកស្អុយឱ្យមហាជនបានដឹងនៅលើបណ្ដាញសង្គមហ្វេសប៊ុកថែមទៀត ដោយអ្នកខ្លះទូរស័ព្ទមកគំរាម និងខ្លះព្រមានប្ដឹងតាមផ្លូវច្បាប់។ កត្តានេះ បានធ្វើប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ និងប្រជាប្រិយភាពរបស់ ផេន ខេក ជាខ្លាំង រហូតដល់បណ្ដាអ្នកចង់ផ្ដល់ការងារឱ្យ ផេកខេក បាត់បង់ទំនុកចិត្តពីនាង ហើយបានដកការងារពីនាងចេញភ្លាមៗតែម្ដង។

បើទោះយ៉ាងណា ផេន ខេក បានសំពះសុំអង្វរដល់ម្ចាស់បំណុលទាំង ១៥ ម៉ឺន ផ្ដល់ឱ្យនិងយោគយល់ដល់ ហើយកុំបន្តបិទផ្លូវនាង។ ហើយក្រោយស្អុយឈ្មោះបែបនេះហើយ និងឈានដល់ប្រើផ្លូវច្បាប់ចំពោះនាង មហាជនបារម្ភខ្លាចថា ផេន ខេក អាចនឹងគិតខ្លី ហើយធ្វើរឿងមិនល្អដូចកាលគ្រាមុន។

នៅពេលឃើញ ផេន ខេក ជួបទុកលំបាកបែបនេះ គេស្រាប់តែឃើញមហាជនមួយចំនួនស្រាក់ដៃជួយដល់នាង ថែមទាំងអះអាងថា ជួយដោះស្រាយបំណុលឱ្យនាងថែមទៀតថា ។

ជាក់ស្ដែង នៅលើហ្វេសប៊ុកផេករបស់ ចៅខ្មែរ ដែលជាតារាស្រឡាញ់ភេទដូចគ្នា និងជាអ្នកជំនាញលក់នៅលើអនឡាញន៍មួយរូបដែលនោះ បានបង្ហោះថា ៖ «ខ្ញុំនិងជួយ ផេនខេក ក្នុងរឿងបំណល់ ដែរកំពង់មានបញ្ហាទាំងអស់នាពេលបច្ចុបន្ន។ ខ្ញុំមិនមែននាក់មាន ក៏មិនមែនឧញ្ញាអីដែរ គ្រាន់តែក្នុងនាមនាក់ស្គាល់គ្នា ហើយក៏ខេកធ្លាប់ធ្វើរឿងល្អៗ លើខ្ញុំកន្លងមក។ ខ្ញុំនិងជួយ តាមអ្វីដែរខ្ញុំមាន ហើយសង្ឃឹមខេករឹងមាំវិញ ហើយញញឹមទទួលយកការពិត រស់ជាយើងដូចកាលពីមុន»។

បន្តមកទៀត ក៏ឃើញមានម្ចាស់ផលិតផល MEA TA Online Shop បានបង្ហោះជួយរកដំណោះស្រាយឱ្យ ផេន ខេក ដូចគ្នាថា៖ «ខ្ញុំ​ នឹងជួយ​ ផេន​ ខេក​ រឿង​ជំពាក់បំណុល​ គេ​ បើសិនជា​ ផេនខេក​ ទាក់ទង​ មកផេកខ្ញុំ​ ជួយស៊ែរ​អោយក្ដី​ សង្ឈឹមគាត់ផង»។ ហើយនៅមានមហាជនមួយចំនួនទៀត បានជួយជ្រោមជ្រែងដល់ ផេន ខេក។

ផេន ខេក ត្រូវបានគេដឹងថាកំពុងរស់នៅក្នុងភាពភ័យខ្លាច ប៉ុន្ដែនាងថា មិនសុំឱ្យមហាជនអ្នកគាំទ្របាញ់លុយដើម្បីជួយនាងដោះស្រាយបំណុលណាមួយនោះទេ តែនាងសុំឱ្យមហាជនដែលស្រឡាញ់អាណិតនាង ជួយផ្ដល់ជាការងារឱ្យនាងវិញ នៅនាងមានទុក្ខ ដើម្បីឱ្យនាងបានចំណូលមកដោះស្រាយបំណុល និងមានលិទ្ធភាពអាចជួលផ្ទះនៅវិញ៕

Share.