យ៉ាងហោចណាស់មានកម្មករ កម្មការិនីចំនួន១១២នាក់នៅស្រុកអង្គស្នួលខេត្តកណ្តាល បានសះជាឡើងវិញពីជំងឺកូវីដ១៩និងត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅលំនៅរបស់ខ្លួនវិញនៅថ្ងៃទី២២ ខែឧសភាឆ្នាំ២០២១នេះ។

នៅរសៀលថ្ងៃនេះដែរ ឯកឧត្តម នៃ ចារី អភិបាលរងខេត្ត បានដឹកនាំក្រុមការងារចុះជួបសំណេះសំណាល និងជូនដំណើរបងប្អូនកម្មករ កម្មការិនី ទាំងនោះត្រឡប់ទៅផ្ទះវិញ។

ប្រភពអីអាជ្ញាធរខេត្តកណ្តាលបានឲ្យដឹងថា កម្មករ កម្មការិនីទាំង១១២នាក់ដែលមានសះជា ឡើងវិញនោះរួមមានមកពីមណ្ឌលព្យាបាលចំនួន ០៤ រួមមាន៖

១.មណ្ឌលព្យាបាលកូវីដ១៩ ម៉ាស្ទ័រ&ហ្វ្រែង ចំនួន ៥១ នាក់ , ស្រី ៣៤ នាក់

២.មណ្ឌលព្យាបាល បឋម.កុយតិប ចំនួន ២២ នាក់ , ស្រី ១១ នាក់

៣.មណ្ឌលព្យាបាល វិ.ហស ថ្នល់ទទឹង ចំនួន ២៤ នាក់ ,ស្រី ១៤ នាក់

៤.មណ្ឌលព្យាបាល វិ.ហស អង្គស្នួល ចំនួន ១៥ នាក់ ,ស្រី ០៩ នាក់

ឯកឧត្ដម នៃ ចារី អភិបាលរងខេត្តកណ្ដាល ក៏បានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យ និងក្រុមការងារពាក់ព័ន្ធទាំងអស់ ដែលបានខិតខំ យកចិត្តទុកដាក់មើលថែទាំ និងព្យាបាលអ្នកជំងឺ រហូតបានជាសះស្បើយ និងបន្តជាសះស្បើយជាបន្តបន្ទាប់ទៀតនាពេលខាងមុខ។

ឯកឧត្ដម ក៏បានផ្ដាំផ្ញើដល់កម្មករកម្មការិនីទាំងអស់នោះ នៅពេលបានត្រលប់ទៅវិញ សូមបន្តនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ និងត្រូវត្រលប់មកវិញដើម្បីយកសំណាកធ្វើតេស្តម្តងទៀតក្នុង   រយៈពេល១៣ថ្ងៃ គិតចាប់ពីថ្ងៃនេះ ៕

Share.