បាត់ដំបង ៖ បុរសម្នាក់ដោយសារឥទ្ធិពលនៃគ្រឿងញៀន រហូតដល់បែក ព្យាយាមចាក់សាំងប៉ុនប៉ងដុតផ្ទះបងប្អូនរបស់ខ្លួនចោល តែត្រូវបានបងប្អូនប្រជាពលរដ្ឋជួយពន្លត់ទាន់ គ្រាន់តែក្រឡេកឃើញសមត្ថកិច្ច ហក់លោតចូលក្នុងអណ្តូង លង់លិចស្លាប់បាត់ កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២ នៅភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ។

បុរសរូបរងគ្រោះមានឈ្មោះ អុឹម សាវឿន អាយុ៣១ឆ្នាំ រស់នៅក្នុងភូមិកើតហេតុ ជាមនុស្សប្រើប្រាស់ថ្នាំញៀន ។

តាមសមត្ថកិច្ចបានឲ្យដឹងថា បុរសខាងលើប្រើប្រាស់ថ្នាំញៀន រហូតដល់បែក វង្វេងបាត់ស្មារតី លែងដឹងខុសត្រូវ ហើយមុនកើតហេតុ ជនរងគ្រោះយកសាំងចាក់ប៉ុនប៉ងដុតផ្ទះបងប្អូនរបស់ខ្លួននៅក្បែរនោះ បង្កឲ្យក្រុមគ្រួសារភ័យស្លន់ស្លោ នាំគ្នាពន្លត់ទាន់ពេល ហើយរាយការណ៍សុំអន្តរាគមន៍ពីកម្លាំងសមត្ថកិច្ចឲ្យជួយចាប់ឃាត់ គ្រាន់តែក្រឡេកឃើញកម្លាំងសមត្ថកិច្ច មិនទាន់ទាំងចូលដល់ស្រួលបួលផង ជនរងគ្រោះរត់ លោតចូលទៅក្នុងអណ្តូងទឹក លង់លិចបាត់ កាន់តែភ្ញាក់ផ្អើល ទម្រាំពលរដ្ឋ បងប្អូន ដាក់ម៉ូទ័របូមទឹកចេញ ចុះតាមរាវរក ជនរងគ្រោះឈ្លក់ទឹកស្លាប់បាត់ ។

តាមក្រុមគ្រួសារបានឲ្យដឹងថា ជនរងគ្រោះ ញៀនថ្នាំ ធ្វើបាបម្តាយជាស្ត្រីម៉េម៉ាយ ច្រើនលើកច្រើនសារមកហើយ លើកនេះបែជាធ្វើអត្តឃាតសម្លាប់ខ្លួនឯង។ សពជនរងគ្រោះ ក្រោយពីសមត្ថកិច្ចពិនិត្យ កោសល្យវិច័យរួច ប្រគល់ឲ្យក្រុមគ្រួសារចាត់ចែង យកទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទ៖ តាតុង សែនជ័យ

Share.