សៀមរាប ៖ ក្មេងស្រីអាយុ១៣ឆ្នាំម្នាក់ ត្រូវបានជនសង្ស័យប្រើល្បិចបញ្ឆោតប្រាប់ឲ្យទៅឆ្លុះចាប់កង្កែបឆ្ងាយពីផ្ទះរបស់ខ្លួន។ពេលនោះ ជាឱកាសសម្រាប់ជនសង្ស័យចាប់រំលោភហើយសម្លាប់ចោលនៅក្នុងទឹកនាវាលស្រែ បាត់មួយយប់ រហូតដល់វេលាម៉ោង៥ព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២ ទើបប្រទះឃើញសព នៅត្រង់ចំណុច វាលស្រែខាងជើងត្រពាំងកក់ ស្ថិតនៅក្នុងភូមិរវៀង ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប ផ្អើលឆោឡោ សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យបានភ្លាម ។

ក្មេងស្រីរងគ្រោះឈ្មោះ ផ.ឃ អាយុ១៣ឆ្នាំ រស់នៅភូមិរវៀង ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប ។ ចំណែកជនសង្ស័យសមត្ថកិច្ចចាប់ខ្លួនឈ្មោះ អុក វឿ ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅផ្ទះក្បែរខាងគ្នា ។

យោងតាមជីដូនរបស់ក្មេងស្រីរងគ្រោះ ឈ្មោះខ្វាវ លំ អាយុ៦៨ឆ្នាំ បានឱ្យដឹងថា នៅវេលាម៉ោង៩និង៣០នាទី យប់ថ្ងៃទី០៨ ខែឧសភាឆ្នាំ២០២២ ចៅស្រីរបស់គាត់សុំចេញទៅរកឆ្លុះចាប់កង្កែបក្បែរផ្ទះ មួយស្ទុះក្រោយមកបានមកវិញ បានទាំងកង្កែបយកមកទុក ហើយចៅស្រីបានប្រាប់ដែរថា ឈ្មោះ អុក វឿ ប្រាប់ឲ្យទៅឆ្លុះចាប់កង្កែប វាលស្រែខាងក្រោយ មានកង្កែបច្រើនណាស់ នឹកគិតយល់ឃើញថា អ្នករស់នៅក្បែរខាងគ្នា ប្រាប់ត្រង់ក៏អនុញ្ញាតឲ្ យចៅស្រីចេញទៅរកកង្កែបម្តងទៀត ហើយគាត់ក៏ដេកលង់លក់បាត់ទៅ រហូតដល់វេលាម៉ោង៣ទៀបភ្លឺថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២ ដឹងខ្លួន រកមើលចៅមិនឃើញចូលដេក ស្រែកហៅរកក៏មិនឮសូរឆ្លើយ រហូតដល់វេលាម៉ោង ៥ព្រឹកថ្ងៃដដែល ទើបដើរស្វែងរកស្រាប់តែប្រទះឃើញចៅស្រី ដេកស្លាប់នៅក្នុងទឹកវាលស្រែក្រៅភូមិទៅវិញ។

ក្រោយមកទៀតជីដូនជនរងគ្រោះស្រែកបង្កឲ្យ ផ្អើលឆោឡោ អ្នកភូមិ សមត្ថកិច្ចចុះទៅពិនិត្យសាកសួរ និងឈានដល់ឃាត់ខ្លួនបានជនសង្ស័យភ្លាមៗ។សមត្ថកិច្ចបានឲ្យដឹងថា ជាករណីរំលោភសម្លាប់ ។

ជនសង្ស័យបានសារភាពថា ពិតជាប្រើល្បិចបញ្ឆោតក្មេងរងគ្រោះ ឲ្យទៅរកឆ្លុះ ចាប់កង្កែបឆ្ងាយពីផ្ទះ ហើយចាប់រំលោភ រួចសម្លាប់យកសពទៅចោលនៅក្នុងវាលស្រែ ។

ជនសង្ស័យត្រូវបានចាប់ខ្លួន នាំយកទៅសាកសួរ នៅការិយាល័យជំនាញនៃ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដើម្បីកសាងសំណុំរឿង ចាត់ការតាមផ្លូវច្បាប់ ៕

អត្ថបទ៖តាតុង សែនជ័យ

Share.