ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្ដាល លោក ឯក ស៊ុនរស្មី  បានសម្រេចចោទប្រកាន់អ្នកផលិត និងអ្នកទិញស្រា ទៅលាយលក់បន្ដ សរុបចំនួន១៣ ពីបទ អំពើមិនសុចរិតទាក់ទងនឹងទំនិញផ្អែកតាមច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ បន្ទាប់ពីការសាកសួរអស់រយៈពេល២ថ្ងៃជាប់ៗគ្នា។ ក្រោយការចោទប្រកាន់បទល្មើសនេះរួច លោក ឯក ស៊ុនរស្មី បានបញ្ជូនសំណុំរឿងនេះបន្ដទៅកាន់ លោក ប្លុង វិសាល ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្ដាល។ 

នៅថ្ងៃដដែល ចៅក្រមស៊ើបសួរ លោក ប្លុង វិសាល បានចេញដីការបង្គាប់ឲ្យឃុំខ្លួនជនត្រូវចោទទាំង១៣នាក់ ដាក់ពន្ធនាគារខេត្តកណ្ដាល។ ជនត្រូវចោទទាំង១៣នាក់នេះ ត្រូវបានសម្រេចឲ្យឃុំខ្លួនដាក់ពន្ធធនាគារ ដោយផ្អែកលើ មាត្រា ៤៣ នៃច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់។ ផ្អែកតាមច្បាប់ដដែល ត្រង់មាត្រា៤៣ បានចែកពីស្ថានទម្ងន់ទោស នៃអំពើមិនសុចរិតទាក់ទងនឹងទំនិញសេវា ឬការអះអាងដោយបំភាន់ ដោយសារពិការភាព ឬមរណភាព ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ដល់៥ឆ្នាំ និងត្រូវពិន័យជាប្រាក់ពី ៤លានរៀល ទៅ១០លានរៀល ចំពោះអំពើល្មើសនឹងកថាខណ្ឌទី១ នៃមាត្រា៤១ ដែលបណ្តាលឱ្យមានពិការភាពអចិន្ត្រៃយ៍ ឫបណ្តាលឱ្យបាត់បង់អាយុជីវិត។

កាលពីថ្ងៃទី១១ ខែឧសភា ២០២១ មនុស្សបានស្លាប់ជាបន្ដបន្ទាប់រហូតដល់ទៅ ១៣នាក់ ក្នុងចំណោមជនរងគ្រោះ១៩នាក់ ដោយសារការពុលស្រាស ស្រាថ្នាំ បន្ទាប់ពីពួកគេបាន ចូលរួមក្នុងពិធីបុណ្យសពមួយ នៅនៅភូមិតាស្គរ ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្ដាល កាលពីថ្ងៃទី១០ ខែឧសភា ២០២១។ ភ្លាមៗនៃការកើតហេតុ លោក គង់ សោភណ្ឌ អភិបាលខេត្ត និងសម្រួលនីតិវិធីដោយ ឯកឧត្តម ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត បញ្ជាដឹកនាំផ្ទាល់ ដោយលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្រ ស្នងការនគរ បាលខេត្តកណ្ដាល ចុះស្រាវជ្រាវជុំវិញបញ្ហានេះ។ បន្ទាប់មកកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល និងកម្លាំងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាល ខេត្តកណ្ដាល បានកំណត់មុខសញ្ញា និងឈានទៅការកសាងសំណុំរឿងជនសង្ស័យទាំង១៣នាក់ បញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់ កាលពីថ្ងៃទី២១ ខែឧសភា រហូតដល់មកដល់ថ្ងៃទី២២ ខែឧសភា នេះ ទើបតុលាការសម្រេចចោទប្រកាន់ និងឃុំខ្លួនជនត្រូវចោទទាំង១៣នាក់ខាងលើនេះ៕ 

Share.