ហេតុអ្វី​ទើប​បវរកញ្ញា​ចក្រវាឡ​មក​ពី​ប្រទេស​ម៉ិកស៊ិក​ក្លាយ​ជា​បវរកញ្ញា​ដែល​កាន់​តំណែង​ ជា​បវរកញ្ញា​ចក្រវាឡ​ (Miss Universe) មាន​រយៈ​ពេល​ខ្លី​ជាង​គេ​បំផុត​?

រំលឹក​ថយ​ក្រោយ​ សំណាង​ហាក់​មិន​ចូលរួម​ជួយ​អបអរសាទរ​ម្ចាស់​តំណែង​ Miss Universe 2020 កញ្ញា​ Andrea Meza ​ទាល់​តែ​សោះ​ ព្រោះ​មិ​ន​ទាន់​គ្រប់​២៤​ម៉ោង​ នៃ​ការ​ប្រកួត​ផង​ក៏​មាន​លេច​ចេញ​ពាក្យ​ចចាមអារ៉ាម​នាំ​ឱ្យ​ក្លាយ​ជា​ដ្រាម៉ា​ពេញ​សង្គម​អនឡាញ​ពាក់ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​ថា​ស្រីស្អាត​មក​ពី​ទ្វីប​អាមេរិកឡាទីន​រូប​នេះ​បាន​រៀបការ​រួច​ហើយ​ រហូត​​មាន​ការ​បញ្ជាក់​អះអាង​ពី​ភាគី​ខាង​ប្រុស​និង​សាក្សី​ជា​ច្រើន​រូប​ទៀត​ថា​នោះ​គ្រាន់​តែ​ជា Photo shot សម្រាប់​ផ្សព្វផ្សាយ​​ក្នុង​យុទ្ធនាការ​ឃោសនា​ទេសចរណ៍​ទើប​រឿងរ៉ាវ​បាន​ស្ងប់ស្ងាត់​ទៅវិញ​។

ប៉ុន្តែ​តំណែង​ដែល​ Andrea Meza គ្របគ្រង​នេះ​ហាក់​នៅ​ជាមួយ​នឹង​កញ្ញា​មិន​យូរ​នោះ​ទេ​ ព្រោះ​កម្មវិធី​ប្រកួត​បវរកញ្ញា​ Miss Universe 2021 នឹង​រៀបចំ​​ការ​ប្រកួត​នៅ​ដំណាច់​ឆ្នាំ​២០២១​នេះ​ ដូច្នេះ​បាន​សេចក្ដី​ថា​ Andrea បាន​កាន់​តំណែង​នេះ​​យូរ​បំផុត​ត្រឹម​៦​ខែ​ប៉ុណ្ណោះ​ ព្រោះ​ការ​ប្រកួត​ Miss Universe ជា​ធម្មតា​នឹង​រៀបចំ​ឡើង​ក្នុង​អំឡុង​ខែ​ ធ្នូ​ ឬ​ ​ខែ​ ​មករា ហើយ​ប្រកាស​ឱ្យ​ប្រទេស​នានា​ចុះ​ឈ្មោះ​ចូលរួម​ប្រកួត​នៅ​ក្នុង​អំឡុង​ខែ​សីហា​ ប៉ុន្តែ​ដោយសារ​បញ្ហា​កូវីដ-១៩ រាតត្បាត​ពិភពលោក​ ទើប​ធ្វើ​ឱ្យ​កម្មវិធី​ប្រកួត​ឆ្នាំ​ ២០២០​ មក​រៀប​ចំ​នៅ​ពាក់​កណ្ដាល​ឆ្នាំ​២០២១​ ជំនួស​វិញ​។

​​​គណៈកម្មការ​រៀបចំ​​​ការ​ប្រកួត​ MU បាន​ជូន​តំណឹង​ទៅ​តំណាង​ប្រទេស​នានា​​ឱ្យ​ប្រញាប់​រៀបចំ​ការ​ប្រកួត​ឬ​ក៏​ជ្រើសរើស​តែងតាំង​បេក្ខនារី​តំណាង​ប្រទេស​ខ្លួន​ឱ្យ​បាន​រួចរាល់​ត្រឹម​ខែ​សីហា​ខាង​មុខ​នេះ​ ដោយ​សារ​តែ​ការ​ប្រកួត​ Miss Universe 2021 នឹង​រៀបចំ​ឡើង​នៅ​ក្នុង​អំឡុង​ខែ​វិច្ឆិកា​ខាង​មុខ​នេះ​ហើយ​។

សរុប​សេចក្ដី​ទៅ​ កញ្ញា​ Andrea Meza បវរកញ្ញា​ចក្រវាឡ​ចំណាត់​ថ្នាក់​លេខ​មួយ​ប្រចាំ​ឆ្នាំ​២០២០ ឬ​ Miss Universe 2020 គឺ​ជា​ម្ចាស់​មកុដ​និង​តំណែង​ Miss Universe ដែល​មាន​អាយុកាល​ខ្លី​ជាង​គេ​បំផុត​ព្រោះ​កញ្ញា​ទើប​តែ​បាន​គ្រង​តំណែង​នេះ​កាល​ពី​ថ្ងៃ​ទី​១៧​ ខែ​ឧសភា ឆ្នាំ​២០២១ ​នេះ ​ប៉ុណ្ណោះ​ ហើយ​នៅ​ខែ​ វិច្ឆិកា​ ​ឆ្នាំ​២០២១ ខាង​មុខ​កញ្ញា​ត្រូវ​ត្រៀម​ខ្លួន​ផ្ទេរ​មកុដ​និង​តំណែង​ទៅ​ឱ្យ​បវរកញ្ញា​ពី​ប្រទេស​ណាមួយ​ដែល​នឹង​ក្លាយ​ជា​ម្ចាស់​តំណែង​ Miss Universe 2021

Telegram-Troryorng
Share.