នៅព្រឹកនេះ រដ្ឋសភាក្រោមអធិបតីភាពសម្ដេច ហេង សំរិន បានបន្តសម័យប្រជុំលើកទី៧ នីតិកាលទី៦ ដើម្បីសម្រេចកលើរបៀបវារៈសំខាន់៤ ក្នុងនោះរួមទាំងការកែសម្រួលតួនាទីតំណាងរាស្ត្រមួយចំនួន និងការបន្ថែមសមាជិកសភាថ្មីម្នាក់ទៀត បន្ទាប់ពីមរណភាពសម្ដេចឧត្តមទេពញាណ ហ៊ុន ណេង អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ចាម សមាជិកអចិន្ត្រៃយ៍រដ្ឋសភា និងជាប្រធានគណៈកម្មការទី៤។

បើតាមរបៀបវារៈ រដ្ឋសភាសនឹងម្រេចសុពលភាពអាណត្តិ ឯកឧត្តម ស្លេះ ពុនយ៉ាម៉ីន ជាតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម ជំនួសសម្តេចឧត្តមទេពញាណ, បោះឆ្នោតជ្រើសតាំងឯកឧត្តម កែប ជុតិមា តំណាងរាស្រ្តមណ្ឌលភ្នំពេញជាសមាជិកគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ នៃរដ្ឋសភាឬគណៈកម្មការទី៤ និងឯកឧត្តម ខឹម ច័ន្ទគិរី ជាសមាជិកគណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដីនគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា។

ឯកឧត្តម ស្លេះ ពុនយ៉ាម៉ីន ត្រូវបានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សម្រេចជាបេក្ខជនជាប់ឆ្នោតនៃគណបក្សប្រជាជនកម្ពុជាដែលត្រូវបន្តជំនួសសម្ដេចឧត្តមទេពញាណ ហ៊ុន ណេង។ ឥស្សរជនវ័យក្មេងជាខ្មែរឥស្លាមរូបនេះ ក៏មានតួនាទីជាអនុប្រធានសហភាពសហព័ន្ធយុវជនខេត្តកំពង់ចាមផងដែរ។ ដោយឡែកឯកឧត្តម កែប ជុតិមា នឹងត្រូវបានសមាជិកគណៈកម្មការទី៤ បោះឆ្នោតជ្រើសតាំងជាប្រធានគណៈកម្មការជំនួសម្ដេចឧត្តមទេពញាណផងដែរ ក្រោយការបោះឆ្នោតជ្រើសតាំងដោយរដ្ឋសភានាព្រឹកនេះ។

នៅព្រឹកនេះដែរ រដ្ឋសភាក៏នឹងពិភាក្សា អនុម័តសេចក្តីព្រាងច្បាប់ពីវិសោធនកម្មមាត្រា១៤០ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែលគោលដៅបន្ថែមចំនួនសមាជិកគណៈអភិបាលនៃស្ថាប័នថ្នាក់ក្រោមជាតិទាំងនេះឱ្យបានសមស្របនឹងស្ថានភាពនៃការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ព្រមទាំងការផ្ទេរមុខងារ ធនធាន តួនាទី សិទ្ធិអំណាច និងការទួលខុសត្រូវពីថ្នាក់ជាតិ មកថ្នាក់ក្រោមជាតិផងដែរ។ ដោយឡែកសេចក្ដីព្រាងច្បាប់ ស្តីពីសុវត្ថិភាពម្ហូបអាហារក៏ជារបៀបវារៈនៃកិច្ចប្រជុំនេះដែរ៕

Share.