ប្រទេសកូរ៉េខាងជើងបានបញ្ជាក់ជាផ្លូវការនូវការផ្ទុះឡើងនៃជំងឺកូវីដ១៩ ជាលើកដំបូងរបស់ខ្លួននៅថ្ងៃព្រហស្បតិ៍ ទី ១២ ខែ ឧសភា ឆ្នាំ២០២២នេះ ដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍ថា កូវីដបំប្លែងរងថ្មីអូមីក្រុង BA.2 ត្រូវបានរកឃើញនៅក្នុងទីក្រុងព្យុងយ៉ាង។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងបានផ្សាយថា «មានឧបទ្ទវហេតុគ្រោះអាសន្នធំបំផុតនៅក្នុងប្រទេសដែលកើតមានការឆ្លងកូវីដ១៩ ដែលតំបន់ជួរមុខធ្វើចត្តាឡីស័កគ្រាអាសន្នរបស់ពួកយើងបានរក្សាសុវត្ថិភាពរយៈពេល ២ឆ្នាំ និង ៣ខែ ចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២០មក»។

ប្រជាជននៅទីក្រុងព្យុងយ៉ាងបានឆ្លងវីរុសរងអូមីក្រុង ប៉ុន្ដែមិនបាននិយាយលំអិតពីចំនួនអ្នកឆ្លង ឬ ប្រភពឆ្លងមកពីណានោះទេ។

របាយការណ៍បានចុះផ្សាយពីករណីឆ្លងនេះ ខណៈមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានដឹកនាំកិច្ចប្រជុំគណបក្សកម្មករដើម្បីពិភាក្សាវិធានការដើម្បីទប់ស្កាត់ការផ្ទុះមេរោគកូវីដនេះ។ លោក គីម ជុងអ៊ុន បានបេ្ដជ្ញាថានឹង «យកឈ្នះ» ការផ្ទុះឡើងនៃមេរោគកូវីដ១៩ ដោយប្រកាសថា កូរ៉េខាងជើងនឹងអនុវត្តប្រព័ន្ធគ្រប់គ្រង «ភាពអាសន្នជាអតិបរមា»។

នេះជាករណីឆ្លងកូវីដ១៩ លើកដំបូងបង្អស់នៅក្នុងប្រទេសកូរ៉េខាងជើង បន្ទាប់ពីមេរោគនេះបានឆ្លងរាតត្បាតបណ្ដាប្រទេសជុំវិញពិភពលោកស្ទើរតែទាំងស្រុងអស់រយៈពេលជាង ២ឆ្នាំ មកនេះ៕

ប្រភព៖ CNA

Share.