នៅព្រឹកថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០២២ នេះ ចាងហ្វាយផលិតកម្មកថាជ័យគឺលោក ហ៊ុយ យ៉ាឡេង បានធ្វើកម្មវិធីប្រកាសផ្សព្វផ្សាយអំពីភាពយន្តថ្មីមួយដែលមានចំណងជើងថា «គ្រោះជីវិតកូវីដ -១៩» ហើយអ្វីដែលប្លែកអារម្មណ៍ខ្លាំងនោះ លោកបានជ្រើសយកទីតាំងនៅក្នុងបរិវេណចេតិយក្នុងវត្តឧណ្ណាលោម ធ្វើជាទីតាំងសន្និសីទសាព័ត៌មាន។ តើមានមូលហេតុអ្វីជាពិសេស?

លោក ហ៊ុយ យ៉ាឡេង បានថ្លែងឱ្យដឹងថា ប្រជាជនកម្ពុជាភាគច្រើនកាន់ព្រះពុទ្ធសាសនា ព្រោះតែជិតដល់ថ្ងៃបុណ្យពិសាខបូជា នៅថ្ងៃទី ១៩ ឧសភា ទើបធ្វើឱ្យលោក ជ្រើសយកការធ្វើសន្និសីទសារព័ត៌មាននៅមុខចេតិយ ដែលនេះជាលោកដំបូងហើយសម្រាប់លោក។ លោកបានរម្លឹកប្រាប់មហាជនថា៖ «សេចក្ដីស្លាប់ពិតជាមានមែន ដូចនៅខាងក្រោយខ្ញុំនេះគឺបានឃើញស្រាប់ហើយ (ជាចេតិយ)។ ខ្ញុំជឿលើបាបនិងបុណ្យពិតជាមានមែន។ ចង់និយាយថា បើសិនជាយើងកើតជាមនុស្សហើយ ទោះបីជាក្រឬក៏មានក៏ដោយ យើងត្រូវចេះធ្វើបុណ្យ យើងត្រូវចេះជួយសង្គម យើងត្រូវប្រព្រឹត្តល្អ នោះពេលយើងស្លាប់ទៅ យើងនឹងចាប់ជាតិក្លាយជាមនុស្ស ហើយជាមនុស្សល្អ ជាមនុស្សដែលមានក្ដីសុខ ជាមនុស្សដែលជួយសង្គម ជួយដល់ប្រទេសជាតិ»។

លោកបន្តថា ធ្លាប់សន្យាថា នៅឆ្នាំ ២០២៥ លោកនឹងធ្វើឱ្យភាពយន្តខ្មែរមានរីកចម្រើនស្មើនឹងប្រទេសជិតខាង ប៉ុន្ដែដោយសារវិបត្តិកូវីដ១៩ ទើបយើងដួល។ យើងដួលមកជាងពីរឆ្នាំជាងហើយ នៅពេលដែលរោងភាពយន្តបិទក្រឹប ផលិតករភាពយន្តខ្មែរហាក់បាក់ទឹកចិត្ត ដោយសារតែខ្លាចខាត។ ប៉ុន្ដែលោកសប្បាយចិត្តឡើងវិញ នៅពេលបើកប្រទេសស្របតាមអនុសាសន៍របស់រាជរដ្ឋាភិបាលកម្ពុជា។ លោកចង់ឃើញភាពយន្តរបស់ខ្មែររីកចម្រើនដូចកាលយុគមាសទសវត្សរ៍ ៦០ ដែលប្រជាជនគ្រប់គ្នាគាំទ្រភាពយន្តខ្មែរខ្លាំងមែនទែន ហើយភាពយន្តរបស់យើងគឺមានច្រើនរសជាតិ ដែលមិនមែនមានតែភាពយន្តបែបភ័យរន្ធត់នោះទេ។

លោក ហ៊ុយ យ៉ាឡេង ភាពយន្តរបស់លោកមិនផ្ដោតសំខាន់តែលើរឿងបែបរន្ធត់ ដើម្បីស្រូបទាញទីផ្សារនោះទេ ប៉ុន្ដែលោកផ្ដោតសំខាន់លើគុណភាព និងតម្លៃអប់រំនៃរឿង ទើបលោកបានផលិតរឿងជាច្រើនដូចជា «វិកលចរិត» «ទារុណកម្មខ្មោច» «ដើម្បីកូន» និងចុងក្រោយនេះជាដើម។ លោក យ៉ាឡេង ប្រាប់ត្រួសៗថា ភាពយន្ត «គ្រោះជីវិតកូវីដ-១៩» គឺបានដកស្រង់ចេញពីវិបត្តិពិតដែលមនុស្សគ្រប់គ្នាបានជួបប្រទះពីជំងឺកូវីដ-១៩ ដោយនិយាយពីគ្រួសារ១មួយគូ ប្តីប្រកបមុខរបរអចលនទ្រព្យ ភរិយាប្រកបមុខរបរអនឡាញ អ្នកទាំងពីរមានមហិច្ឆតាចង់ក្លាយជាសេដ្ឋី តើនឹងមានអ្វីកើតឡើងនៅពេលជំងឺកូវីតចូលមកដល់។

ភាពយន្ត «គ្រោះជីវិតកូវីដ -១៩» ត្រូវបានចាងហ្វាងរូបនេះអះអាងថា ចំណាយដើមទុនជិត ១០ ម៉ឺនដុល្លារ ទាំងលើការផលិត និងផ្សព្វផ្សាយ។ ហើយលោកបានបន្ថែមថា នេះជាភាពយន្តចុងក្រោយហើយ ដែលលោកប្រើដើមទុនធំ និងបាអស់ពីពោះយកមកផលិត។ លោកអំពាវនាវដល់មហាជនទាំងអស់ រួមទាំង អ្នកជំនាញអចលនៈទ្រព្យ អ្នកលក់អនឡាញន៍ និងជាពិសេស បុគ្គលជោគជ័យ ឱ្យចូលរួមទស្សនាភាពយន្តមួយនេះ ព្រោះដោយសារតែភាពយន្តនេះបានបង្ហាញពីតម្លៃអប់រំយ៉ាងជ្រាលជ្រៅសម្រាប់អ្នកទស្សនា កុំឱ្យលង់ខ្លួនចាញ់បោកលកល្បិចទាំងពួកក្នុងវិស័យអចលនៈទ្រព្យ និងអនឡាញន៍ដែលកំពុងតែរីកដុះដាល។

ភាពយន្ត «គ្រោះជីវិតកូវីដ -១៩» គ្រោងដាក់បញ្ចាំងនៅក្នុងរោងភាពយន្តទូទាំងប្រទេសកម្ពុជា នៅថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២២ ខាងមុខនេះហើយ៕

សូមរីករាយទស្សនាវីដេអូនេះ៖

សូមចូលអាន៖ មតិ​ហ្វេន​៖ ​សង្ស័យ​ភាពយន្ត​ «​គ្រោះ​ជីវិត​កូវីដ​១៩​»​ ដូច​នឹង​រឿង​រ៉ាវ​អ្នកនាង​ ខាត់​ សុឃីម​ បង់​លុយ​ឱ្យ​គេ​បោក​អស់​ជិត​ ១​លាន​ដុលារ​

Share.