ភ្នំពេញ៖ជនសង្ស័យម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោឃាត់ខ្លួនពាក់ព័ន្ធនឹងករណី ប៉ុនប៉ង លួចកាច់សោកម៉ូតូប្រជាពលរដ្ឋ កាលពី វេលាម៉ោង៣ និង៣០នាទី ទាបភ្លឺ ថ្ងៃទី១២ខែឧសភា ឆ្នាំ២០២២ ត្រង់ចំណុចផ្ទះជួល ផ្លូវបេតុង ស្ថិតនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ ។

ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបានមាន ឈ្មោះ នុង រដ្ឋា អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅ ផ្ទះជួល ភូមិដីថ្មី សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ។

សមត្ថកិច្ចបានឲ្យដឹងថា  មុនពេលកើតហេតុសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ បានជិះម៉ូតូល្បាតក្នុងមូលដ្ឋាន ខណៈមកដល់ចំណុចផ្ទះជួល ផ្លូវបេតុង ស្ថិតនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ ក៏បានឃើញជនសង្ស័យ  ដើរចូលទៅក្នុងបរិវេណផ្ទះជួលរបស់ប្រជាពលរដ្ឋខាងលើ ។ ដោយមានការសង្ស័យសមត្ថកិច្ច ក៏បានឃាត់ខ្លួនជនសង្ស័យសួរនាំ និងឆែកឆេររកឃើញវត្ថុតាងប្រព្រិត្តបទល្មើសមួយចំនួនរួមមាន៖ ដែកជ្រុងសំប៉ែតចុងស្រួចសម្រាប់កាច់សោរម៉ូតូចំនួន០១, សោខ្សៀលេខ៨ចំនួន០១, កូនសោម៉ូតូចំនួន០១ នៅក្នុងហោប៉ៅផ្នែកខាងក្រោយចំហៀងខាងស្តាំរបស់ជនសង្ស័យ ហើយសមត្ថកិច្ចក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យ រួមនិងវត្ថុតាងខាងលើ យកមកសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា រូបគេ ពិតជាបានធ្វើសកម្មភាពប្រើដែកជ្រុងចុងសំប៉ែត ប៉ុនប៉ងលួចកាច់សោម៉ូតូរបស់ប្រជាពលរដ្ឋពិតប្រាកដមែន ហើយកន្លងមកជនសង្ស័យធ្លាប់បានធ្វើសកម្មភាពលួចទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ បានសម្រេចចំនួន០៣លើករួចមកហើយ ។

បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាងត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោបញ្ជូនខ្លួនមកកាន់អធិការដ្ឋានខណ្ឌដង្កោដើម្បីចាត់ការបន្តតានីតិវិធី៕

អត្ថបទ៖ សាវី

Share.