ក្លិបបាល់ទាត់វិសាខា សមាជិក​ពានរង្វាន់​លីគ​កំពូល​កម្ពុជា Cambodian Premier League ប្រកាសចែកផ្លូវជាមួយលោក​បង្វឹកជនជាតិ​កូរ៉េខាងត្បូង Lee Tae Hoon នៅ​ល្ងាច​ថ្ងៃ​ទី១២ ខែ​ឧសភា ឆ្នាំ​២០២២ ក្រោយចូលកាន់តំណែងបានជិត៧ខែ ខណៈ​នៅ​ថ្ងៃ​ជាមួយ​គ្នា​នេះ​ដែរ​ក្លិប​បាន​តែតាំង​លោក មាស ចាន់ណា ជា​គ្រូ​បង្វឹក​ជំនួស​វិញ។

មុនមកកាន់វិសាខា លោក Lee Tae Hoon ក៏ត្រូវបានក្លិបបាល់ទាត់កងយោធពលខេមរភូមិន្ទ Tiffy Army FC សម្រេចសម្រេចបញ្ចប់កិច្ចសន្យាជាមួយលោក Lee Tae-hoon មុនពេលកំណត់ បន្ទាប់ពីដឹកនាំក្រុមបង្ហាញទម្រង់លេងមិនសូវបានល្អ។

លោក Lee Tae Hoon បានដឹកនាំក្លិប HOANG ANH Gia Lai FC នៅ ក្របខ័ណ្ឌលីគទី១ របស់ប្រទេសវៀតណាម ចំនួន១រដូវកាល ២០១៩-២០២០ ក្នុងតួនាទីជានាយកបច្ចេកទេស។ គ្រូបង្វឹកសញ្ជាតិកូរ៉េខាងត្បូងរូបនេះ ជាអតីតគ្រូបង្វឹកជម្រើសជាតិកម្ពុជា ចាប់ពីឆ្នាំ២០១០-២០១២។ ក្រោយមកគ្រូបង្វឹករូបនេះ ត្រូវបានតែងតាំងដឹកនាំជម្រើសជាតិកម្ពុជា ម្ដងទៀតនៅឆ្នាំ២០១៣ ដល់២០១៦ មុននឹងមកដឹកនាំជម្រើសជាតិអាយុក្រោម១៥ឆ្នាំ ពីឆ្នាំ២០១៦ ដល់២០១៨។

ដោយ​ឡែក​ក្រុម​វិសាខា នៅ​សល់​បេសកកម្ម​៤​ក្នុង​ដៃ​ទៀត ដើម្បី​ប្រកួត​ប្រជែង​យក​ពាន​ទាំង​ក្នុង​ពានរង្វាន់ Cambodian League Cup 2022 ពានរង្វាន់ Cambodian Premier League 2022 ពានរង្វាន់​សម្តេច​តេជោ ហ៊ុន សែន រដូវកាល​ឆ្នាំ​២០២២ និង​បានរង្វាន់​បាល់ទាត់​កម្រិត​ទ្វីប​អាស៊ី AFC Cup 2022៕

Share.