ភ្នំពេញ ៖ រថយន្ត៤គ្រឿងបានរងការខូចខាតខណៈកំពុងឈប់ភ្លើងស្តុបពណ៌ក្រហមត្រូវរថយន្តឃ្លុបរបស់ក្រុមហ៊ុនភេសជ្ជៈ បើកមកពីក្រោយបុកបន្តកន្ទុយគ្នា បង្កការកក់ស្ទះចរាចរណ៍យ៉ាងខ្លាំង នៅពីវេលាម៉ោង២ និង៤០នាទីរសៀល ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ នៅត្រង់ចំណុចស្តុបតាមបណ្ដោយផ្លូវ៦០ម៉ែត្រ កែងផ្លូវ៥០ម៉ែត្រ ក្នុងសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។

សមត្ថកិច្ចមូលដ្ឋានបានប្រាប់ឲ្យដឹងថា រថយន្តរងគ្រោះទាំង៤គ្រឿងនោះរួមមាន ម៉ាក Toyota Prius ចំនួន២គ្រឿង , រថយន្តស៊េរីទំនើបម៉ាក Ford Ranger ១គ្រឿង និងរថយន្តសាំយ៉ុងរបស់សាលាប៊ែលធី១គ្រឿង ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា នៅពេលកើតហេតុ មានរថយន្ត និងអ្នកដំណើរជាច្រើនបានឈប់ស្តុបក្រហម តាមបណ្ដោយផ្លូវ៥០ម៉ែត្រ ទិសដៅពីកើតមកលិច ខណៈនោះក៏មានរថយន្តបង្កម៉ាក ហុីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 3B-2095 របស់ក្រុមហ៊ុនភេសជ្ជៈAD បានបើកមកពីក្រោយក្នុងល្បឿនលឿន ហើយជ្រុលបុករះនិងរុញបុកបន្តកន្ទុយគ្នាបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ តែមិនបង្កអោយមានអ្នករងរបួសនោះទេ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ និងទាក់ទងទៅជំនាញចរាចរណ៍មកធ្វើការវាស់វែងយករថយន្តទាំងអស់ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ក្រុងតាខ្មៅ ដើម្បីដោះស្រាយគ្នាតាមក្រោយ៕

អត្ថបទ ៖ សេង សាវី

Share.