យោងតាមការរាប់សន្លឹកឆ្នោតមិនផ្លូវការចុងក្រោយបង្អស់នៃការបោះឆ្នោតជ្រើសរើសប្រធានាធិបតីហ្វីលីពីន ឆ្នាំ២០២២ លោក Many Pacquiao បានចាញ់សំឡេងបោះឆ្នោតគាំទ្រពីប្រជាជនក្នុងប្រទេស។ លោក Pacquiao ទទួលបានចំណាត់ថ្នាក់លេខ៣ ក្នុងចំណោមបេក្ខភាពប្រធានាធិបតីដែលគេពេញចិត្ត ដោយតាមពីក្រោយលោក Bongbong Marcos Jr និង អនុប្រធានាធិបតី Leni Robredo។

កាលពីឆ្នាំ២០២១ អតីតកីឡាករប្រដាល់វ័យ ៤១ឆ្នាំរូបនេះ បានចូលនិវត្តន៍ពីវិស័យប្រដាល់ បន្ទាប់ពីវាយចាញ់កីឡាករប្រដាល់នៃប្រទេសគុយបា Yordenis Ugas។ នៅឆ្នាំដដែលនោះលោក Pacquiao បានប្រកាសពីការសម្រេចចិត្តរបស់គាត់ក្នុងការស្វែងរកកៅអីគាំទ្រខ្ពស់បំផុតដែលនឹងចូលរួមប្រកួតប្រជែងដណ្ដើមយកតំណែងប្រធានាធិបតីនៅក្នុងប្រទេសប្រជុំកោះនេះ។

ពាក្យចចាមអារ៉ាមមួយចំនួនបានលើកឡើងថា ក្រោយបរាជ័យក្នុងវិស័យនយោបាយអតីតស្ដេចប្រដាល់កណ្ដាប់ដៃដែក Many Pacquiao រូបនេះអាចនឹងវិលត្រឡប់ទៅរកសង្វៀនប្រដាល់ដូចពីមុនវិញ ដើម្បីរកប្រាក់ចំណូល។ ខណៈលោកបានចំណាយប្រាក់ជាច្រើនសន្ធឹកសន្ធាប់ដើម្បីឃោសនាការប្រកួតប្រជែងប្រធានាធិបតីកាលពីកន្លងទៅថ្មីៗនេះ ហេតុដូច្នេះមនុស្សភាគច្រើនបានវែកញែកថា លោក Pacquiao អាចវិលត្រឡប់ទៅវិស័យដែលលោកធ្លាប់ប្រឡូកវិញដើម្បីរកចំណូលឡើងវិញ។

សារព័ត៌មានប្រដាល់ពិភពលោកថ្មីៗនេះ បានរាយការណ៍ថា ការពិភាក្សាអំពីការវិលត្រឡប់ទៅរកសង្វៀនរបស់អតីតបេក្ខភាពប្រធានាធិបតីរូបនោះបានចាប់ផ្ដើមរួចហើយ ប៉ុន្ដែគេមិនទាន់ច្បាស់ទេថា លោកនឹងត្រឡប់ទៅក្នុងវិស័យនោះនៅពេលណា។

នៅថ្ងៃទី ១៣ ខែ ឧសភា ឆ្នាំ២០២២នេះ​ លោក Pacquiao បានគប់កន្សែង ហើយបានទទួលយកការបរាជ័យក្នុងឆាកនយោបាយ ដោយយល់ព្រមឲ្យលោក Bongbong Marcos ទទួលជ័យជម្នះដោយមិនតវ៉ា។

លោក Pacquiao បានថ្លែងសុន្ទរកថាទៅកាន់ប្រជាជនជាភាសាអង់គ្លេសថា «ការសម្រេចចិត្តរបស់ខ្ញុំក្នុងការប្រកួតនេះ គឺត្រូវបានជំរុញដោយបំណងប្រាថ្នារបស់ខ្ញុំក្នុងការបម្រើប្រទេស និង លើកស្ទួយជីវិតប្រជាជនហ្វីលីពីនក្រីក្រ។ ក្នុងនាមខ្ញុំជាអ្នកប្រដាល់ និង ជាអត្តពលិក ខ្ញុំចេះទទួលយកការចាញ់។ ខ្ញុំសង្ឃឹមថា ទោះខ្ញុំចាញ់ការប្រកួតលើកនេះ ប៉ុន្ដែប្រជាជនហ្វីលីពីននឹងឈ្នះ ជាពិសេសអ្នកក្រ»។ បន្ទាប់មកលោក Pacquiao បានថ្លែងអំណរគុណដល់អ្នកគាំទ្ររូបលោក ក្រុមគ្រួសាររបស់លោក ជាពិសេសភរិយារបស់លោក ដែលបានអមដំណើរ និង គាំទ្រលោកពេញមួយរយៈពេលនៃយុទ្ធនាការបោះឆ្នោតរយៈពេល ៩០ថ្ងៃ ដ៏លំបាកនេះផងដែរ។

ថ្វីត្បិតមានពាក្យចចាមអារ៉ាម និង មានការចុះផ្សាយដោយសារព័ត៌មានប្រដាល់ពិភពលោក ក៏ដោយ ក៏សមាជិកព្រឹទ្ធសភាដែលផុតអាណត្តិរូបនេះបាននិយាយថា លោកនឹងឆ្លៀតពេលសម្រាក និង នៅជាមួយក្រុមគ្រួសាររបស់លោក។ លោកមិនបាននិយាយអំពីផែនការអនាគតរបស់លោកក្នុងវិស័យប្រដាល់ ឬ នយោបាយ នោះទេ ប៉ុន្ដែលោកបានសន្យាថានឹងបន្ដបេសកកម្មរបស់លោកក្នុងការជួយមិត្តហ្វីលីពីនរបស់លោក៕

ប្រភព៖ Sportskeeda

Share.