គ្រឿងញៀន ក្មេងទំនើង និងអំពើរំលោភសេពសន្ថវៈលើស្ត្រីនិងកុមារ នៅតែជាបញ្ហាដ៏គួរឲ្យបារម្ភនៅក្នុងសង្កាត់មួយនាជាយរាជធានភ្នំពេញ បើទោះបីជាអាជ្ញាធរពាក់ព័ន្ធជាពិសេសនគរបាលប៉ូស្តិ៍បានចាត់វិធានការបង្ក្រាបជាបន្តបន្ទាប់ក្តី។ខ្ញុំបានមើលព័ត៌មាន ដែលបានចុះផ្សាយទាំងនៅលើបណ្តាញសារព័ត៌មានអនឡាញដូចជាសារព័ត៌មានត្រយង រួមទាំងនៅលើកញ្ចក់ទូរទស្សន៍នានា ផងដែរ ឃើញនៅថ្ងៃខ្លះសមត្ថកិច្ចបានបង្ក្រាបគ្រឿងញៀនបានរហូតដល់រាប់សិបគីឡូឯណោះ ខណៈដែលក្រុមអ្នកជួញដូរ ចែកចាយគ្រឿងញៀនប្រដាប់ដោយអាវុធរួមទាំងជាមន្ត្រីអនុវត្តច្បាប់ក៏មាន។

បញ្ហាគ្រឿងញៀន

បើនិយាយអំពីក្រុមអ្នកប្រើប្រាស់ឬក៏ជនរងគ្រោះវិញនោះ មានទាំងក្រុមសិស្សសាលា ក្រុមយុវវ័យដែលងាយរងគ្រោះ មានទាំងស្រីទាំងប្រុស ដែលធ្វើឲ្យគ្រប់គ្នាដែលជាឪពុកម្តាយ ក្នុងនោះមានទាំងខ្ញុំដែរបារម្ភយ៉ាងខ្លាំងចំពោះអនាគតរបស់ពួកគេ។ អ្វីដែល កាន់តែចាប់អារម្មណ៍ទៅទៀតនោះគឺបណ្តាញអ្នកចែកចាយគ្រឿងញៀនបានលួចលាក់រាយគ្នាបណ្តាក់ដាក់បណ្តាញរបស់ខ្លួន   សូម្បីតែនៅក្បែរសាលារៀន តាមផ្លូវនិងតាមផ្សារក៏មាន។តើនឹងមានអ្វីកើតឡើង បើសិនជាសហគមន៍ត្រូវបានគ្រប់គ្រងដោយ គ្រឿងញៀននោះ?

បញ្ហាក្មេងទំនើង

កន្លងមកខ្ញុំធ្លាប់ឃើញមានក្រុមបងតូចបងធំតែក្នុងរឿងចិនហុងកុងតែប៉ុណ្ណោះ។ឥឡូវពេលនេះ នៅសហគមន៍របស់ខ្ញុំក៏មាន ក្រុមនេះដែរ។ប្រដាប់ដោយដំបង កាំបិត ដាវ ជំពាមកៅស៊ូ។ល។ ក្រុមនេះហាក់មានចំនួនកើនឡើងជាបន្តបន្ទាប់និងកំពុងបង្កការភ័យ ខ្លាចជាពិសេសដល់យុវតីក៏ដូចជាស្ត្រីដែលធ្វើដំណើរនៅពេលយប់ដូចជាពេលត្រលប់មកពីសាលារៀន និងពីធ្វើការជាដើម។ ក្នុងចំណោមក្រុមក្មេងទំនើងឬក៏បងធំទាំងនោះក៏មានដែលសមាសភាពជាចោរលួច ចោរឆក់និងប្លន់ជាដើម។ បើបញ្ហានៅមិនត្រូវបាន ដោះស្រាយទេនោះ ពលរដ្ឋនៅក្នុងសហគមន៍នៃសង្កាត់ជាយក្រុងមួយនេះ ប្រាកដជានឹងរស់នៅក្នុងសភាពភ័យខ្លាច។ភ័យខ្លាច ក្រែងកូនៗរបស់ខ្លួនត្រូវក្រុមក្មេងទំនើងអូសទាញបាន ភ័យខ្លាចក្រែងក្មេងស្រីនិងស្ត្រីត្រូវខ្លាចជាជនរងគ្រោះដោយសារក្រុម ក្មេងទំនើង។

រំលោភសេពសន្ថវៈលើស្ត្រីនិងកុមារ

បញ្ហានេះ បើទោះជាមិនបានកើតមានជាញឹកញាប់ ប៉ុន្តែក៏នៅតែជារឿងដែលគួរឲ្យបារម្ភចំពោះស្ត្រីនិងក្មេងស្រីផង ដែរ។ខ្ញុំបានអានក៏ដូចជាមើលព័ត៌មាន ឃើញមានករណីខ្លះមានកុមារីវ័យក្មេងនិងស្ត្រីត្រូវបានគេចាប់រំលោភ ហើយមានពេលខ្លះត្រូវជនល្មើស សម្លាប់បំបិទមាត់ក៏មាន។អ្វីដែលកាន់តែឈឺចាប់និងសង្វេគនោះ ជនប្រព្រឹត្តល្មើសមានទាំងសាច់ញាតិ រួមទាំងជីតាឬក៏ឪពុក របស់ជនរងគ្រោះក៏មាន។ ការណ៍នេះបណ្តាលមកពីមូលហេតុអ្វី? តើយើងអាចរួមគ្នាឈានទៅដោះស្រាយបញ្ហានេះដោយ របៀបណា?

ការពិតទៅបញ្ហានៅសង្កាត់ដែលខ្ញុំរស់នៅ នៅមានច្រើនទៀតក្នុងនោះមានទាំងការផ្តល់ឯកសារបញ្ជាក់អត្តសញ្ញាណ បរិស្ថាន និងសុខភាពជាដើម។

ក្នុងនាមជាពលរដ្ឋម្នាក់ ខ្ញុំចង់ឃើញអនាគតចៅសង្កាត់របស់ខ្ញុំដោយស្រាយបញ្ហា៣សំខាន់នេះសិនគឺ គ្រឿងញៀន ក្មេងទំនើង និងអំពើរំលោភសេពសន្ថវៈលើស្ត្រីនិងកុមារ។ខ្ញុំសង្ឃឹមថា ចៅសង្កាត់ដែលកើតចេញពីការបោះឆ្នោតនៅពេលខាងមុខនេះ នឹងបង្កើនប្រសិទ្ធភាពការងារនិងអាចបំពេញតម្រូវការរបស់ពលរដ្ឋនៅមូលដ្ឋានរបស់ខ្លួនជាពិសេសបញ្ហាទាំង៣ចំណុចដែលខ្ញុំបាន លើកឡើងនេះ៕

ពីខ្ញុំ មង្គល ពលរដ្ឋរស់នៅភ្នំពេញ

ប្រិយមិត្តត្រយង ដែលចង់ចែករំលែកនូវបទពិសោធល្អៗ និងស្ថានភាពសង្គមនានា ព្រមទាំងរឿងរ៉ាវស្នេហាផ្សេងៗ ក៏អាចផ្ញើអត្ថបទមកចុះផ្សាយនៅសារព័ត៌មានត្រយងបាន ដោយទាក់ទងមកតាមរយៈលេខទូរសព្ទ ភ្ជាប់នឹងតេឡេក្រាមដូចខាងក្រោមនេះ៖

  • ០១២ ៧៨៧ ៦៦៣
  • ០១២ ៥៦៧ ៤៦៨
  • ០៩៩ ៥៨៨ ៨៨០
Share.